ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោក ញ៉ឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​កំណត់​ឲ្យ​បានច្បាស់លាស់ សម្រាប់​គ្រួសារ​ដែល​ងាយ​រងគ្រោះ ដើម្បី​មាន​វិធាន​ការជួយ​ដល់​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ការអោយ​ដឹង​នេះ​នាឱកាស​លោក​អភិបាលរង​ខេត្តកំពង់ធំ និង​ក្រុមការងារ បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន​៣០៣​គ្រួសារ នៅ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​របស់​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​។​

​លោក ញ៉ឹក បាន​ខេង បានលើកឡើង​បន្តថា អ្វីដែល​ប្រជាពលរដ្ឋ​ទាំងអស់​ចង់បាន គឺ​ការ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ដូច្នេះហើយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែមាន​ទំនុកចិត្ត​ខ្ពស់​ទៅលើ​ថ្នាក់ដឹកនាំ​ទាំងអស់ ពិសេស​សម្ដេច​តេ​ជោ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្សនយោបាយ​ឡើយ មូលហេតុ​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​សម្ដេច​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​។​

​លោក ញ៉ឹក បាន​ខេង បាន​បន្តថា ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺជា​វីរជន​ឆ្នើម​ដែល​បាន​ជួយ​រំដោះប្រទេស​កម្ពុជា​ពីរ​បប​ប្រល័យពូជសាសន៍ និង​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​មាន​តែមាន​រយៈពេល​ជាង​៣​ទសវត្សរ៍ ពិសេស​គឺ​នាំមក​នូវ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​សន្តិភាព​នេះ គឺជា​ស្ថានភាព​មួយ​ដែល​មិនអាច​យក​របស់ ឬ​វត្ថុ​អ្វីមួយ​មក​ដោះដូរ​បានជា​ដាច់ខាត​។​

​លោក​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិនទាន់បាន​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដែលជា​ដូ​ស​ជំរុញ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា​។ នៅ​ចុងបញ្ចប់​លោក​បាន​ចូលរួម​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣០៣​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥​គីឡូក្រាម​, ទឹកត្រី​១​យួរ និង​ឃី​ត មួយកញ្ចប់​៕​