ដោយៈ សុផល / ភ្នំពេញ​៖ កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក វ៉ង ឈិន (Wang Chen) អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ប្រព័ន្ធ​និម្មិត ។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់បំផុត នូវ​ការរៀបចំ ឱ្យមាន​ជំនួប​នេះ​ឡើង ដោយ​សភា​ប្រជាជន​ចិន ក្នុង​គោលបំណង ដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា ទៅវិញទៅមក ក្នុងនាម​មហាមិត្ត​ចិន ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប របស់​កម្ពុជា​។​

 

​លោក វ៉ង ឈិន បាន​មានប្រសាសន៍​លើកឡើង ពី​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ ដែល​ត្រូវបាន​កសាងឡើង តាំងពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន និង​បន្ត​ពង្រឹង​រហូតមកដល់ ថ្នាក់ដឹកនាំ​បច្ចុប្បន្ន នៃ​ប្រទេស​ទាំងពីរ ចិន កម្ពុជា និង​ថា​ភាគី​ទាំងពីរ អាច​ជំរុញ​ការអនុវត្ត ផែនការ​ខ្សែក្រវាត់ និង​ផ្លូវ ការធ្វើ​ទំនើបកម្ម សេដ្ឋកិច្ច​ឌីជីថល ការផ្តល់​វ៉ាក់សាំង ហើយ​ចិន នឹង​ផ្ដល់​បទពិសោធន៍ ក្នុង​ការផលិត​វ៉ាក់សាំង ដល់​ភាគី​កម្ពុជា​។​

​ជាមួយគ្នានេះ លោក ក៏បាន​លើកឡើង​ពី ការផ្លាស់ប្តូរ​វប្បធម៌ អ្នកសារព័ត៌មាន និង​ក្រុម Think-tanks នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ចិន និង​កម្ពុជា បាន​ប្រកាន់​យកគំនិត ពហុភាគី និយម​ដូចគ្នា ដើម្បី​រក្សា​សន្តិភាព​ពិភពលោក និង​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ដែលមាន​អង្គការសហប្រជាជាតិ ជា​គោល ។​

​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន បានលើកឡើង​ដែរ​ថាៈ ប្រទេស​ទាំងពីរ ចិន កម្ពុជា ពិតជា​សហគមន៍ ដែលមាន​ជោគវាសនា​រួម​។ លោក​ក៏បាន​បង្ហាញ​នូវ ការពេញចិត្ត​ចំពោះ​កម្ពុជា ដែល​បាន​ប្រកាន់​ជំហរ​មុតមាំ​គាំទ្រ​ប្រទេស​ចិន នៅក្នុង​ការរក្សា​បូរណភាព​ដែនដី របស់ខ្លួន​។​

 

​លោក វ៉ង ឈិន បាន​មានប្រសាសន៍​ទៀតថាៈ កម្ពុជា​បាន​បើកចំហរ​កាន់តែ​ទូលំទូលាយ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ដើម្បី​សម្រេចបាន​ទំនើបកម្ម ផលិតកម្ម​នៃ​ប្រទេស​របស់ខ្លួន ស្របតាម​ចក្ខុវិស័យ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ការនាំ​កម្ពុជា ឱ្យ​ឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់ ឆ្នាំ​២០៥០​។​

​នៅក្នុង​ឱកាស​នោះ​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍​លើកឡើង ពី​វប្បធម៌​ដ៏​ល្អ​ប្រពៃ នៃ​កិច្ចសន្ទនា ជា​ទៀងទាត់ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ ដែលមាន សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក លី ចាន់​ស៊ូ ប្រធានសភា​ប្រជាជន​ទូទាំងប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​ពង្រឹង កិច្ចសហការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្តភាព ជា​ប្រពៃណី ដែល​ត្រូវបាន​កសាង យ៉ាងរឹងមាំ ដោយ​ថ្នាក់ដឹកនាំ ជំនាន់​មុនៗ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ ឱ្យ​កាន់តែ​ស្អិតរ​មួ​ត ស្ថិតស្ថេរ​យូរអង្វែង ក្នុង​ការបន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក រវាង​ស្ថាប័ន​សភា​ទាំងពីរ ចំពោះ​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​លើកឡើង​អំពី ការប្រកាន់​ខ្ជាប់ យ៉ាង​ម៉ឺងម៉ាត់​នូវ “​គោលការណ៍​ចិន​តែមួយ​” និង “ គោលនយោបាយ​ចិន​តែមួយ​។ រដ្ឋាភិបាល និង ប្រជាជន នៃ​ប្រទេស​ទាំងពីរ តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ក្នុង​គ្រា​ដ៏​សែន​លំបាក នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​មហាមិត្ត​ចិន បានផ្តល់​ជំនួយ​វ៉ាក់សាំង ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ ចំនួន ៤២ លាន​ដូ​ស ដល់​កម្ពុជា ហើយ​បាន​ក្លាយជា​ប្រទេស ដែល​ផ្គត់ផ្គង់​វ៉ាក់សាំង​ដ៏​សំខាន់បំផុត និង​មាន​សុវត្ថិភាព​បំផុត នៅ​កម្ពុជា​។

​លោក​អនុប្រធាន​ទី​១ រដ្ឋសភា ក៏បាន​លើកឡើង​ដែរ​ថាៈ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើឱ្យ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ចិន រហូតមកដល់​ពេលនេះ ក្លាយជា​ទំនាក់ទំនង​ដែកថែប ដែលមាន​ផ្លែផ្កា យ៉ាង​ស្រស់បំព្រង ព្រមទាំង​នាំមក​នូវ​វឌ្ឍនភាព និង​វិបុលភាព សម្រាប់​ប្រជាជាតិ​យើង ទាំងសងខាង​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្តថាៈ កម្ពុជា​នឹងចូលរួម​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​ជាមួយ ភាគី​មហាមិត្ត​ចិន លើ​ការអភិវឌ្ឍ​ជាស​កល និង​គំនិត​ផ្តួចផ្តើម ស្តីពី​សន្តិសុខ​សកល ព្រមទាំង​ការលើកឡើង​ពី ផែនការ​ចិន សម្រាប់​ជំរុញ​ការបង្កើត ប្រព័ន្ធ​អភិបាលកិច្ច​ជាស​កល ឱ្យ​កាន់​តែមាន​យុត្តិធម៌​ឡើង និង​សម​ហេតុ​សម​ផល ក្នុងន័យ​គាំពារ​សុខសន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ ក្នុង​តំបន់ ។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ បក្ស​ក​ម្មុយ​នី​ស្ត​ចិន និង​ប្រជាជន​ចិន ដែល​បាន​យកចិត្តទុកដាក់​ថែទាំ ព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ប្រជាជន​កម្ពុជា តាំងពី​អតីតកាល រហូតដល់​បច្ចុប្បន្ន ។​

​កិត្តិ​សេដ្ឋា​បណ្ឌិត បានលើកឡើង ពី​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា តាមរយៈ​សកម្មភាព​ចូលរួម និង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​វេទិកាសភា​អន្តរជាតិ​នានា សំដៅ​រួមចំណែក​លើក​កំពស់ ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ នៅក្នុង​តំបន់ និង​លើ​សកលលោក​។ ក្នុងនាម សម្តេច​ប្រធាន ប្តូរ​វេន​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) លើក​ទី​៤៣ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ សភា​ប្រជាជន​ចិន ដែល​តែងតែ​ចាត់​បញ្ជូន​គណៈប្រតិភូរ​បស់​ខ្លួន ចូលរួម​មហាសន្និបាត អាយ​ប៉ា ជា​ដរាប មក​ជាមួយនឹង​ទស្សនៈវិស័យ​ល្អៗ ក្នុងការ​លើកកម្ពស់​កិច្ច សហប្រតិបត្តិការ រវាង​អាយ​ប៉ា និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ចិន​។ សភា​កម្ពុជា សង្ឃឹមថា គណៈប្រតិភូ​សភា​ប្រជាជន​ចិន នឹងមាន​វត្តមាន ក្នុង​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ ពីថ្ងៃ​ទី​២០-២៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ដែល​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។​

​ជា​ចុងក្រោយ លោក វ៉ង ឈិន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និង​នយោបាយ នៃ​ប្រទេស​ទាំង​២ ព្រមទាំង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ស្វាគមន៍​ក្នុងការ​ចែករំលែក ចំណេះដឹង បច្ចេកវិទ្យា​ឌីជីថល រួមទាំង​ការផលិត​វ៉ាក់សាំង ជាដើម និង​អរគុណ​កម្ពុជា ដែល​បាន​គាំទ្រ​រឹងមាំ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​៕/V​