​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ក្នុងការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង​ចាប់តាំងពី​ត្រូវ​តុលាការ​បញ្ជា​អោយ​បញ្ឈប់​រាល់​ភារកិច្ច​សកម្ម​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ក្នុងពេល​រង់ចាំ​ការសំរេច​ថា​តើ​លោក​បាន​រំលោភ​​អាណត្តិ​កំណត់​របស់​លោក​ដែរ​ឬ​អត់ ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​តាម​បណ្តាញ​សង្គម​ថា​លោក​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ ។​

​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ាន កំពុង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​ប្រា​យុទ្ធ បាន​និយាយ​នៅលើ​គណនី​ទ្វី​ត​ធឺ​របស់លោក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា «​ខ្ញុំ​នឹង​បន្ត​ភារកិច្ច​និង​ការទទួលខុសត្រូវ​របស់​ខ្ញុំ​ជា​រដ្ឋមន្ត្រីការពារជា​តិ​សំរាប់​ប្រជាជន​និង​ប្រទេស​ថៃ​រាល់ថ្ងៃ​»​។​

សូមរំលឹកថា ​តុលាការ​ធម្មនុញ្ញ​ថៃកាលពី​ថ្ងៃ​ពុធ​បានសំរេច​ទទួលយក​មក​ពិ​ចា​ណា​ញត្តិ​របស់​គណបក្សប្រឆាំង​ដែល​ថា​លោក​ប្រា​យុទ្ធ​ដែល​បាន​ចំណាយ​ពេលធ្វើជា​មេដឹកនាំ​រដ្ឋាភិបាល​យោធា​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ សម​តែ​​កាន់តំណែង​គ្រប់​អាណត្តិ​ប្រាំបី​ឆ្នាំ​តាម​ការកំណត់​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញនៅត្រឹមចុងខែសីហានេះ ។​

​វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​តុលាការ​នឹង​ប្រកាស​ការ​សំ​រេ​ចិត្ត​របស់​ខ្លួន​អំពី​អាណត្តិ​របស់​លោក​ប្រា​យុទ្ធ​នៅពេលណា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គណៈរដ្ឋមន្ត្រី​បន្ត​ការងារ​ធម្មតា​៕

​ប្រា​យុទ្ធ អះអាងថា​លោក​នៅតែ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទោះជា​ផ្អាក​ភារកិច្ច​នាយករដ្ឋមន្ត្រី​