ដោយៈមុនី​រ័ត្ន​/​ភ្នំពេញ៖​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​ដល់​កម្លាំង​កងទ័ពជើងគោកត្រូវបានប្រារព្ធបិទ និង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​របស់​បញ្ជាការដ្ឋាន​វិស្វកម្មកងទ័ពជើងគោកនៅ​ខេត្តតាកែវត្រូវបានប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​ក្រោមអធិបតីភាពឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក។

​ថ្លែងក្នុងពិធីពីររួមបញ្ចូលគ្នាតែមួយនេះលោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​វគ្គ​ហ្វឹកហ្វឺន​មូលដ្ឋានគ្រឹះ​ជំនាញ​ប្រើប្រាស់​ម៉ាស៊ីនរាវមីន ដែល​ត្រូវ​បិទ​បញ្ចប់​នាពេលនេះ បន្ទាប់ពី​មានការ​រៀបចំ​ការប្រឡង​បញ្ចប់​វគ្គ​ដោយ​មានការ​កំណត់​លក្ខណៈវិនិច្ឆ័យ​នៃ​អត្រាកំណែ និង​និយាម​គរុកោសល្យ​សុ​ក្រឹត្យ​ត្រឹមត្រូវ ។លោកសូម​ចូលរួម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​យោធិន​ទាំងអស់ មកពី​បណ្តា​កងឯកភាព​នានា​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ព្រមទាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​បញ្ចប់​វគ្គ​ក្នុង​ពេលនេះ។ ជាពិសេស​ទទួលបាន​កា​រ​ផ្តល់​មូលវិចារណ៍​ដ៏​ល្អ​ពី​សំណាក់​គណៈ​គ្រប់គ្រង​វគ្គ ដែល​បាន​បញ្ជាក់ថា​ សិក្ខាកាម​យោធិន​យើង​ទាំងអស់ បានបង្ហាញ​នូវ​សាមគ្គីភាព​, រក្សាបាន​នូវ​វិន័យ​សណ្តាប់ធ្នាប់ និង​គោរព​បទបញ្ជាផ្ទៃក្នុង ទាំង​ក្នុង​ការសិក្សា​រៀនសូត្រ​, ការអនុវត្ត​លើ​ទីលាន និង​ការរស់នៅ បាន​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​នេះ គឺជា​វគ្គ​ហ្វឹកហ្វឺន​ខ្លី​ដែលមាន​រយៈពេល ១៣ ថ្ងៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ពិតជា​បាន​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​ចំពោះមុខ​របស់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បង្កើន និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដល់​បណ្តា​កង​ឯកភាព​ចំណុះ​កងទ័ពជើងគោក សម្រាប់​ប្រតិបត្តិការ​បោសសម្អាត​មីន​នាពេលខាងមុខ​។ មួយវិញទៀត វគ្គ​ហ្វឹកហ្វឺន​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ភារកិច្ច​របស់​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់តាំង​ឱ្យ​ចូលរួម​ក្នុង​វិស័យ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ព​ន្លឿ​ន​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២៥ សំដៅ​សម្រេចបាន​នូវ​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥ ក៏ដូចជា​ការចូលរួម​ក្នុង​គម្រោង​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការទទួលបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​របស់​បញ្ជាការដ្ឋាន​វិស្វកម្ម កងទ័ពជើងគោក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​អង្គភាព តាមរយៈ​ការជួយ​សម្រួល និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​ការងារ ក៏ដូចជា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យោធិន​ឱ្យបាន​កាន់តែ​ប្រសើរឡើង ដោយ​សមិទ្ធផល​ទាំងនេះ រួមមាន​៖ សាលប្រជុំមួយខ្នង​, អគារ​ស្នាក់នៅ​របស់​នា​យ​ទាហានមួយ ខ្នង​, អគារ​ស្នាក់នៅ​របស់​ព​ល​ទាហានមួយខ្នង​, និង​អាហារ​ដ្ឋា​នមួយខ្នង និង​សមិទ្ធផល​មួយចំនួន​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេច​ទាំង​ទ្វេដោយ​ជានិច្ច​ជា​កាល លោក​តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​, ការហ្វឹកហ្វឺន​រៀនសូត្រ​, ការបំពាក់​សម្ភារ​បរិ​ក្ខា​រ​ផ្សេងៗ​, ការលើកស្ទួយ​ជីវភាព​សុខមាលភាព​កងទ័ព និង​គ្រួសារ​កងទ័ព​តាមរយៈ​ការកសាង​ជំរុំ​ជម្រក​ស្នាក់នៅ និង​ការដោះស្រាយ​ប្រាក់​ហូប​ប្រចាំថ្ងៃ គ្រប់ពេលវេលា​ស្ទើរតែ​មិនមាន​ការខ្វះចន្លោះ​៕សរន