ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឬ​នគរបាល​អន្តោប្រវេសន៍​ភាគី​កម្ពុជា​ស្នើ​ទៅ​នគរបាល​អន្តោប្រវេសន៍​ច្រកព្រំដែន​អន្តរជាតិ​ខ្លង​លឹក​ភាគី​ថៃ​ឱ្យធ្វើ​ប័ណ្ណ​អន្តោប្រវេសន៍ (Immigration Card)​និង​ដំណើរការ​វា​ដូច​កាលពីមុន​ឡើងវិញ​សម្រាប់​ការចូល​ព្រឹក​-​វិល​ល្ងាច​ទៅមក​ផ្សារ​រោង​ក្លឿ​ឃុំ​ខ្លង​លឹក​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រុង​ប៉ោយប៉ែត​។​

​អនុប្រធាន​ម្នាក់​នៃ​ប៉ុស្តិ៍​សមត្ថកិច្ច​កិច្ច​ខាងលើ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៦​ខែសីហា​ថា​ពិត​ជាមាន​ការស្នើ​ដូច្នោះ​មែន ក្នុងជំនួប​ពិភាក្សា​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត និង​សម​ភាគី​ថៃ​លោកនាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​(​នគរបាល​អន្តោប្រវេសន៍​)​ព្រំដែន​អន្តរជាតិ​ខ្លង​លឹក ។​

​លោកនាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានស្នើ​ទៅ​លោកនាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ខ្លង​លឹក ស្ដីអំពី​ការស្នើ​សុំឱ្យ​មានការ​ដំណើរការ​ការធ្វើ​ប័ណ្ណ​អន្តោប្រវេសន៍ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ដែល​រស់នៅ​តំបន់ ព្រំដែន​នា​ក្រុង​ប៉ោយប៉ែត​សារ​ឡើងវិញ ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ឱ្យ​ពួកគាត់​អាច​ចេញចូល​ក្នុង​លក្ខណ​: ចូល​ព្រឹក​-​វិល​ល្ងាច​ទៅមក​ផ្សារ​រោង​ក្លឿ នៅ​ឃុំ​ខ្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត​ទល់មុខ​ក្រុង​ប៉ោយប៉ែត​ខេត្ត បន្ទាយមានជ័យ​ដូច​កាលពីមុន​។​

​លោក​នាយរង​ប៉ុស្តិ៍​បាន​បន្តថា​ខាង​ភាគី​ថៃ​បាន​ទ​តួ​លយ​ក​សំណើ​លើក​នេះ​ពី​ភាគី​កម្ពុជា​ទៅ​រាយការណ៍​ជូន​និង​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​របស់ខ្លួន​ប​ន្ត​ទៀត ។​

​សូមបញ្ជាក់ថា​នេះ​ជា​សំណើ​លើក​ទី​៤​ហើយ​ដែល​នាយ​ប៉ុ​ស្តី៍​បានស្នើរ​សូម​ខាង​ភាគី​ថៃ​ដើម្បី​ធ្វើ​កាត​ជូន​បងប្អូន​ខ្មែរ​យើង​ចេញ​និង​ចូល​ព្រឹកល្ងាច​ដើម្បី​ចូល​ផ្សារ​រុង​ក្លឿ​រ​ក្នុង​បំណង​បង្កលក្ខណ​:​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​៕​សរន​