ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក​សួង​មហាផ្ទៃ និង​ជា​ប្រធាន គណៈកមាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ មនុស្ស បានចេញ​សេចក្តីអំពាវនាវ​មួយ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ក្នុងនោះ ក៏បាន​បង្ហាញ​ពី​វិធី​ផ្ដល់ព័ត៌មាន តាមរយៈ​គេហទំព័រ និង​លេខ​ទូរ​សព្ទ Hotline ដែល​អាច​រាយការណ៍ ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះដែរ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ថាៈ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ជម្រាបជូន​សាធារណ​ជនជាតិ​-​អន្តរជាតិ ជ្រាបថា ក្នុង​រយៈពេល​ប្រមាណ​ជាង មួយឆ្នាំ​មកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បានទទួល​សំណើ និង​ពាក្យបណ្តឹង​ពី ជនបរទេស និង​ស្ថាន​តំណាង​បរទេស ប្រចាំ​កម្ពុជា​មួយចំនួន ពាក់ព័ន្ធ​នឹង​ការស្នើសុំ​កិច្ច អន្តរាគមន៍​ជួយសង្គ្រោះ និង​ការស្នើសុំ ស្រាវជ្រាវ​ស្វែងរក​ពលរដ្ឋ ដោយបាន​អះអាងថា ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ដែលជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ ក្នុងចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​អង្គការ​ចាត់តាំង​។​

 

​បន្ទាប់ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ លើ​សំណើ និង​ពាក្យបណ្ដឹង​ទាំងនោះ ករណី​ភាគច្រើន ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បើក​ប្រតិបត្តិ​ការស្រាវជ្រាវ ស្វែង​រកឃើញ និង​ជួយ​សង្គ្រោះបាន​ទាន់ ពេលវេលា ព្រមទាំង​បាន​លើកលែង ការផាកពិន័យ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តោប្រវេសន៍​របស់​ពួក​គ និង​បានផ្ដល់ ការសម្របសម្រួល​នីតិវិធី ដើម្បី​បណ្តេញ​ចេញពី ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ការកំណត់​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។ ជាក់ស្តែង គិតពី​ថ្ងៃទី ០១ ខែមករា ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២២ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​រកឃើញ និង​ជួយសង្គ្រោះ​ជនបរទេស ដែល​ប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ ករណី ស្មើនឹង​ប្រមាណ ៨៦៥ នាក់ ព្រមទាំង​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចំនួន ១៧ ករណី ជនសង្ស័យ​សរុប​ចំនួន ៦០ នាក់​។​

​ដោយឡែក នា​សប្ដាហ៍​ទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​បើក​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ សរុប​ចំនួន ០៧ ករណី ដោយបាន​សង្គ្រោះ​ជនរងគ្រោះ សរុប​ចំនួន ២៥​នាក់ (​មាន ៦ សញ្ជាតិ​) និង​ឃាត់ខ្លួន ជនសង្ស័យ​សរុប​ចំនួន ២៣ នាក់ (​មាន ៤ សញ្ជាតិ​) នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រៅពីនេះ មាន​ករណី សេសសល់​បន្ថែមទៀត ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​សង្គ្រោះ និង​បង្ក្រាប​។​

​ទន្ទឹមនេះ ផ្អែក​តាម​លទ្ធផល នៃ​ការស្រាវជ្រាវ និង​សួរចម្លើយ រកឃើញថា ពលរដ្ឋ​បរទេស​ទាំងនោះ មួយចំនួនធំ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន ដែលមាន​មេខ្លោង នៅក្នុង​ប្រទេស​របស់ខ្លួន និង​មាន​បក្ខពួក​នៅ​កម្ពុជា ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ធ្វើការ​ឆបោក​ឲ្យ​ឆ្លងដែន ដោយ​ខុសច្បាប់ ចូលមក​ប្រទេស​កម្ពុជា ក្រោម​ការសន្យា​ផ្តល់ ការងារ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង ជន​ទាំងនោះ ត្រូវបាន​ចាត់ ឲ្យ​បម្រើ​ការងារ​ល្បែងស៊ីសង អន​ឡាញ​ខុសច្បាប់ ហើយ​បាន​ក្លាយជា​ជនរងគ្រោះ អំពើ​ជួញដូរ​មនុស្ស និង រត់ពន្ធ​មនុស្ស ដោយ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន ធ្វើការ​ជួញដូរ ឬ​ផ្ទេរ​បន្ត​ពី​ក្រុមហ៊ុន​មួយ ទៅ​ក្រុមហ៊ុន​មួយ ឬ​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ដោយ​ពុំ​មានការ ព្រមព្រៀង​ពី​សាមីខ្លួន ហើយ​ករណី​ខ្លះទៀត ត្រូវ​ទទួលរង​នូវ​អំពើហិង្សា និង​ការគំរាមកំហែង​ផ្សេងៗ ប្រសិន​មិន​អនុវត្តតាម​ការបង្គាប់​បញ្ជា​ពី​ក្រុម​ឧក្រិដ្ឋជន​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខ្ញុំ​ពិតជា​មានការ​សោកស្តាយ និង​សូម​ថ្កោលទោស ចំពោះ​អំពើ​ដ៏​អមនុស្សធម៌​ទាំងនេះ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ ការផ្តល់​ព័ត៌មាន​ផ្សេងៗ ពី​សំណាក់​បុគ្គល និង​ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា នាពេល កន្លងមក ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​ប្ដេជ្ញាចិត្ត​ប្រកបដោយ​ឆន្ទៈ មោះមុត ក្នុងការ​អនុវត្តតាម​ច្បាប់​ជា​ធរមាន ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ឆបោក​-​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទល្មើស​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់ ល្បែងស៊ីសង អន​ឡាញ​ខុសច្បាប់ ព្រមទាំង​បន្ត​ផ្តល់​ការ​គាំពារ និង​ជួយសង្គ្រោះ ទាំង​ពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ នៅឯ​បរទេស និង​សង្គ្រោះ​ជនបរទេស ដែល​រងគ្រោះ ដោយ​អំពើ​ជួញដូរ​នៅ​កម្ពុជា​។​

​កាលពីពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានដាក់ ចេញ​ផែនការ ប្រតិបត្តិ​ការបង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បាន​បង្កើត «​គណៈបញ្ជាការ​ដឹកនាំ ប្រតិបត្តិការ ដើម្បី​ធ្វើជា​សេនាធិការ​ក្នុងការ​ដឹកនាំ និង​បញ្ជា​ដោយផ្ទាល់​នូវ​ប្រតិបត្តិការ បង្ក្រាប និង​ជួយសង្គ្រោះ​ជនរងគ្រោះ​។ ក្នុងន័យនេះ ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់ សាធារណ​ជនជាតិ​-​អន្តរជាតិ ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា និង​អាជ្ញា​ធរមាន សមត្ថកិច្ច​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ សូម​បន្ត​សហការ​ផ្តល់​ព័ត៌មាន ពាក់ព័ន្ធ​អំពើ​ជួញដូរ មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​។​

​ការផ្ដល់​ព័ត៌មាន អាចធ្វើ​ទៅបាន​តាមរយៈ​៖
១-​គេហទំព័រ Facebook ៖ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister ។
២-​លេខ​ទូរ​សព្ទ Hotline របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​៖ ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥ ។
៣-​គេហទំព័រ Facebook ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ -General Commissariat of Natioral Police ។​
៤-​គេហទំព័រ Facebook ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ -General Departinent of Immigration-GDI ។​

​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណ​ជនជាតិ​-​អន្តរជាតិ ស្ថាន​តំណាង​បរទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ នៃ​បណ្តា​ប្រទេស​ជា​មិត្ត នឹង​បន្ត​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម និង​ជិតស្និទ្ធ ដើម្បី​រួមគ្នា​លុបបំបាត់​ឧក្រិដ្ឋ​កម្មនេះ សំដៅ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្សជាតិ​៕/V​