ដោយៈ​ប​.​ខុន / ភ្នំពេញៈ ព្រែក​នៅ​សងខាង​ទន្លេមេគង្គ​លើ នៅមាន​ទឹក​បន្ត​ហូរ​ចូល ទៅកាន់​បណ្តា​ទំនាប និង​បឹង​នានា តែ​ព្រែក​នាំ​ទឹក​ពី​ទន្លេតូច ក្នុងស្រុក​កោះសូទិន ចូលទៅ​កាន់​បឹង​ក្រ​ពិត ក្នុងស្រុក​អូររាំងឪ ត្រូវបាន​បិទទ្វារ​ជា​ស្ថាពរ​ហើយ បន្ទាប់ពី​ទឹក បាន​ហូរ​ចូល​បឹង​នេះ ពេញបរិបូរណ៍ ហើយ​បើ​នៅ​បន្ត​បើកទ្វារ ធ្វើឱ្យ​ទឹក​ជន់​លិច ដល់​ទំនប់ នានា នៅ​សងខាង​ព្រែក​នាំ​ទឹក ទៅកាន់​ដីស្រែ នៅក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែសីហា​ថាៈ បណ្តា​ព្រែ​កនៅ​សងខាង​ដង ទន្លេមេគង្គ ចាប់ពី​ខេត្ត​ត្បូងឃ្មុំ ចុះមក​ក្រោម នៅមាន​ទឹកទន្លេ​មេគង្គ បន្ត​ហូរ​ចូល ក្នុងពេល​ទឹកទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ មាន​កម្ពស់ ១៨,៥៥ ម៉ែត្រ នៅ​ខេត្តកំពង់ចាម មាន​កម្ពស់ ១២ ,០៤ ម៉ែត្រ និង​នៅ​ចតុមុខ ទឹក​មាន​កម្ពស់ ៧,៤៣ ម៉ែត្រ តែ​សម្រាប់​ព្រែក ហូរ​ចូល​បឹង​ក្រ​ពិត តាម​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​គោ បាន​បិទទ្វារ​ទឹក​ទាំងស្រុង​ហើយ បន្ទាប់ពី​ទឹកបាន​ហូរ ចូល​ពេញ​បឹង​នេះ​រួចមក​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ មាត់​ព្រែក នាំ​ទឹក​ចូល​បឹង​ក្រ​ពិត ស្ថិត​ក្នុងស្រុក​អូររាំងឪ មាន​ទ្វារ​បិទ​បើក និង​មាន​ស្ថានីយ​បូមទឹក ដើរ​ដោយ​ចរន្តអគ្គិសនី​។ ព្រែក​នេះ មានទឹក​ហូរ​ចូល នៅពេល​ទឹកទន្លេ នៅក្នុង​ខេត្តកំពង់ចាម ឡើងដល់​កម្រិត​កម្ពស់ ១០,៤០ ម៉ែត្រ​។ កន្លងទៅនេះ ទឹកបាន​ឡើងដល់​កម្ពស់​រហូតដល់​ជាង ១២ ម៉ែត្រ មាន​រយៈ ពេល​ច្រើន​ថ្ងៃ ធ្វើឱ្យ​ទឹក​ហូរ​ចូល​បឹង​ក្រ​ពិត បាន​ពេញ និង​បិទទ្វា នៅ​មាត់​ព្រែក វិញ​ហើយ​។ បើ​នៅ​បន្ត​បើក​ធ្វើឱ្យមាន​ទឹក​ជន់​លិច ដល់​ទំនប់​នៅ​សងខាង​ព្រែក សម្រាប់​បញ្ជូន​ទឹក ទៅកាន់​ដីស្រែ នៅក្នុង​ខេត្តព្រៃវែង និង​ស្វាយរៀង​។​

​លោក ងួន ប៊ុន​ណ្ណាន អភិបាលស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦ ខែសីហា​ថាៈ បឹង​ក្រ​ពិត នៅពេលនេះ មានទឹក​ច្រើន​ហើយ តែ​មិនទាន់ ច្រើន​ដល់​ថ្នាក់​លិចលង់​នោះទេ ដោយសារ​ទ្វារ​ទឹក​ព្រែក នៅ​ទន្លេតូច ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​បិទ​ហើយ​។ ទឹក​ពេញ​បឹង​ក្រ​ពិត តែ​មិន​លិច​ដល់​តំបន់​ព្រៃ​នៅ​ជុំវិញ បឹង​នេះ ដូច​កាលពីមុនៗ​នោះទេ​។ បឹង​នេះ នៅ​រដូវប្រាំង កន្លងទៅ មានទឹក​សល់​ជម្រៅ ជា​មធ្យម ពីរ​ម៉ែត្រ នៅ​រដូវវស្សា មាន​ជម្រៅ​ជ្រៅ ទៅតាម​ស្ថានភាព​ទឹកទន្លេ​តូច ឬ​ធំ តែ​ចាប់ពី​ពេល នេះ ទៅ​ទឹក​រក្សាទុក​នៅក្នុង​បឹង​នេះ ត្រូវបាន​កំណត់ដោយ​ក្រសួង​ជំនាញ គឺ​មិនឱ្យ​ឡើង​ហួស និង​ក៏​មិនឱ្យ​ទាប​ពេក​ដែរ​។​

​លោក​អភិបាលស្រុក បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថាៈ បឹង​ក្រ​ពិត ពេលនេះ កំពុង​ត្រូវបាន ក្រសួងបរិស្ថាន រៀបចំ​ឯកសារ ដើម្បី​ធ្វើការ​អភិរក្ស​សត្វ​ស្លាប និង​មច្ឆា នៅក្នុង​បឹង ដែល​កំពុង​សម្បូរ​ត្រី​ឡើងវិញ​នេះ​។ តែ​ការកំណត់​មិនបាន ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទៃដី នៅ​ជុំវិញ​បឹង ដែល​ប្រជាពលរដ្ឋ បាន​អាស្រ័យ​ផល ពីមុនមក​នោះទេ​៕/V​