​ប្រែ​សម្រួលៈ​បំណង (Xinhua)៖ ជិត​បួន​ឆ្នាំ​ក្រោយ​ការចាប់ផ្តើម​ដំណើរការ​សាកល្បង រថភ្លើង​ដឹក​អ្នកដំណើរ​ដើរដោយ​ថាមពល​អ៊ីដ្រូសែន​លើកដំបូង​របស់​ពិភពលោក​បាន​ចាប់ផ្តើម​ដំណើរកា​ររត់​ជា​ផ្លូវ​​ការ​នៅ​ក្នុង​រដ្ឋ ឡូ​វឺ សា​សូ​នី(Lower Saxony) ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​។​

​រថភ្លើង​ចំនួន​១៤​ដែល​ប្រើ​អាគុយ​អ៊ីដ្រូសែន​ផលិត​ដោយ​ក្រុមហ៊ុន​Alstom​របស់​បារាំង ត្រូវ​ជំនួស​រថភ្លើង​ប្រើ​ម៉ា​ស៊ូ​ត នេះ​បើ​តាម​អាជ្ញាធរ​គមនាគមន៍រ​ដ្ឋ​ឡូ​វឺ សា​សូ​នី​។ រថភ្លើង​ប្រភេទ​នេះ​ថ្មី​ចំនួន​ប្រាំ​​គ្រឿង​ត្រូវបាន​ដាក់​អោយ​ដំណើរការ​ហើយ​និង​នៅសល់​ប៉ុន្មាន​ទៀត​នឹង​ដាក់​អោយ​ដំណើរការ​ទាំងអស់​នៅត្រឹម​ចុងឆ្នាំ​។​

​អភិបាលរដ្ឋ​លោក ស្ទេ​ហ្វាន វ៉េ​ល​( Stephan Weil)​បាន​និយាយថា​«​គំរោង​នេះ​ជា​គំរូ​របស់​ពិភពលោក​។​ក្នុងនាម​ជា​រដ្ឋ​ថាមពល​កកើត​ឡើងវិញ យើង​បង្កើត​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​​លើ​មាគ៌ា​ទៅកាន់​ការ​មិន​បញ្ចេញ​ចោល​ឧស្ម័ន​បំផ្លាញ​អាកាសធាតុ​នៅក្នុង​វិស័យ​គមនាគមន៍​»​។​

​អាជ្ញាធរ​គមនាគមន៍​រដ្ឋ​ឡូ​វឺ សា​សូ​នី​បាន​និយាយថា ក្នុងអំឡុង​ប្រតិបត្តិការ​សាកល្បង​ពីរ​ឆ្នាំ រថភ្លើង​ពីរបាន​ដំណើរការ​ដោយ​គ្មាន​បញ្ហា​។​គំរោង​នេះ​សរុប​អស់ថ្លៃ​ប្រមាណ​៩៣​លាន​អឺរ៉ូ​(៩២,៤​លាន​ដុល្លារ​)​។​

​រថភ្លើង​Coradia iLintនេះ រត់​បាន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​ដែល​អាច​អោយ​វា​រត់​បាន​ពេញ​មួយ​ថ្ងៃ​សំរាប់​អ៊ីដ្រូសែន​មួយ​ធុង នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​Alstom​។​

​រថភ្លើង​ទាំងនេះ​នឹង​សន្សំ​បាន​ប្រេងម៉ាស៊ូត​១,៦​លាន​លីត្រ​និង​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​កាបូ​និច​៤,៤០០​តោន​ក្នុង​មួយឆ្នាំ​។​វា​រត់​បាន​លឿន​បំផុត​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អាល្លឺម៉ង់​មានបំណង​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​៦៥​ភាគរយ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៣០ ធៀប​នឹង​កំរិត​បញ្ចេញ​ឧស្ម័ន​នៅ​ឆ្នាំ​១៩៩០​ ហើយការ​ធ្វើ​អោយ​សកម្មភាព​របស់​មនុស្ស​មិន​បញ្ចេញ​ឧស្ម័ន​​នាំអោយ​ប៉ះពាល់​អាកាសធាតុ​សោះ គួរ​សំរេច​អោយបាន​នៅ​ត្រឹម​ឆ្នាំ​២០៤៥ មុន​ផែនការ​ពីមុន​៥​ឆ្នាំ​៕

Coradia iLint រថភ្លើង​ដើរ​ដោយ​អ៊ីដ្រូសែន​លើក​ដំបូង​ក្នុង​លោក​នេះ​បង្ហាញ​ការ​តាំងចិត្ត​ក្នុង​ការបង្កើត​ការធ្វើដំណើរ​ស្អាត​(​បៃតង​) គួបផ្សំ​នឹង​បច្ចេកវិទ្យា​ទំនើប​