​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុគ្គល​ជាម​ន្ត្រី​សង្ឃ​ព្រះ​វិន័យធរ​អនុគណ​ស្រុក​ម៉ាឡៃ និង​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គរ ភូមិ​ប៉ោយ​អង្គរ ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ ដែល​បាន​សេព​ស្រា​បៀរ និង​បើកបរ​រថយន្ត​បាន​លាចាក​សិក្ខាបទ​ហើយ នៅ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០២២​។​

​ពោលគឺ​បន្ទាប់ពី​បាន​បើកបរ​បុក​រថយន្ត​បង្ក​ខូចខាត​ក្នុង​ឧ​ប​ទ្ទ​ហេតុ​មួយ នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០២២ វេលា​ម៉ោង​០៧​និង​០៥​នាទី​យប់ ក្នុង​ទីប្រជុំជន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ខាងលិច​ភ្លើងស្តុប​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់ អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុង​សិរី​ស​សោភ័ណ​។ នេះ​បើ​យោង​មន្ត្រី​ធម្មការ​និង​មន្ត្រី​សង្ឃ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០២២​។​

​មន្ត្រី​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​ឲ្យ​ដឹងថា​: បុគ្គល​អតីត​ព្រះសង្ឃ​នោះ មាន​នាម ហ៊ីង ចក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ចែងម៉ែង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ឯ​យោង​មន្ត្រី​ធម្មការ​និង​មន្ត្រី​សង្ឃ​ថា បុគ្គល ហ៊ីង ចក់ ជា​មន្ត្រី​សង្ឃ ដោយ​ជា​ព្រះ​វិន័យធរ​អនុគណ​ស្រុក​ម៉ាឡៃ និង​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គរ ភូមិ​ប៉ោយ​អង្គរ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ​។​

​សមត្ថកិច្ច​និង​សាក្សី​បន្តថា :​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នោះ​កើតឡើង​រវាង​រថយន្ត​តូច ម៉ាក​Camry ឆ្លាម ពណ៌ ស្ករ ពាក់​ផ្លាកលេខ​2L- 0874 ភ្នំពេញ បើកបរ​ដោយ​ព្រះសង្ឃ​ជា​ចៅអធិការ ព្រះនាម ហ៊ីង ចក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​រស់នៅ​ភូមិ​ចែងម៉ែង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​) ដោយ​គ្មាន​ប័ណ្ណបើកបរ តែ​រថយន្ត​ជា​កម្មសិទ្ធិ​របស់​បុគ្គល​នេះ​។ និង​រួម​ដំណើរ​មាន​ព្រះសង្ឃ​១​អង្គ​និង​យាយជី​ម្នាក់ (​ញោមស្រី​របស់​ព្រះសង្ឃ​រួម​ដំណើរ​ដែលមាន​ជម្ងឺ​ជើង​)​។ រថយន្ត​បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ល្បឿន​លឿន ដែល​ព្រះសង្ឃ​ជា​អ្នកបើក​បរបាន​ពិសារ​ស្រា​ក្លា​សុស​តាម​ឡាន​ដើម្បីអោយ​ស្រឡះភ្នែក​(​មាន​ជាតិ​អាល់កុល​) តែ​បែរជា​ងោក​ងក់​មួយភាំង ហើយ​មិន​ប្រកាន់​ស្តាំ ក៏​ទៅបុក​ប៉ះ​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ផ្លាកលេខ 2J-8522 ភ្នំពេញ​បើកបរ​ដោយ​ឈ្មោះ​យ៉ា​យ ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​លិចទៅ​កើត​។​

​ករណីនេះ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ​ផ្នែក​មនុស្ស​គ្មាន​នរណា អង្គ​/​ម្នាក់​រងរបួស​ទេ​។ ឯ​ផ្នែក​មធ្យោបាយ​គឺ​រថយន្ត​តូច​បាន​រង​ការខូចខាត​ធ្ងន់​ទាំងពីរ​គ្រឿង​។​

​សមត្ថកិច្ច​ស្រង់​ប្រភព​សាក្សី​និង​គូភាគី​គ្រោះថ្នាក់​ចរាចរណ៍ និង​ពិនិត្យ​ទី​កើតហេតុ ហើយ​យកមក​សន្និដ្ឋានថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មកពី​អ្នកបើកបរ​រថយន្ត​CAMRY​ឆ្លាម មាន​អត្រា​ជាតិ​អាល់កុល 0,92mg/L​ខ្យល់​និង​គ្មាន​ប័ណ្ណបើកបរ​។​

​នៅពេល​គ្រោះថ្នាក់​នោះ គេ​ឃើញ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ចុះទៅពិនិត្យ វាស់វែង​និង​សម្របសម្រួល​សណ្តាប់ធ្នាប់ ចរាចរណ៍​ដែរ ។​
​ទោះយ៉ាងណា​.​នាយ នាយរង​ការិយាល័យ ផ្នែក​បាន​បដិសេធ​មិន​ព្រម​ផ្តល់ព័ត៌មាន​ឡើង​ពេល​កាសែត​រស្មី​កម្ពុជា​បាន​សួរ​នៅពេល​បន្ទាប់មក ។​
​ក្នុងពេល​គ្រោះថ្នាក់ ព្រះសង្ឃ​ជា​អ្នកបើកបរ​ដែល​បង្ក​អោយ​មនុស្សម្នា​ផ្អូក​ផ្អើល​និង​ស្រងាកចិត្ត​នោះ បាន​បិទ​កញ្ចក់​រថយន្ត​សម្ងំ​ក្នុងនោះ​មួយសន្ទុះ​ធំ​ទម្រាំ​ព្រម​ចុះមក​និយាយ​ជាមួយ​ភាគី​រថយន្ត​ម្ខាង​ទៀត​។​
​ហើយ​ពេល​និយាយ ខាង​បង្ក​បានស្នើ​ផ្តល់​សំណង​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​(​របស់​ព្រះសង្ឃ​ថា មានតម្លៃ​ជិត​១.០០០​ដុល្លា​សរ​អា​) ។​ប៉ុន្តែ​ស្ត្រី​អ្នកបើកបរ​ភាគី​រងគ្រោះ មិន​យល់ព្រម​។​

​ហេតុនេះ បាន​ជាត​មក​ក៏មាន​រថយន្ត​សន្ទូច​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ស្ទុ​ច​រថយន្ត​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​ការិយាល័យ នៃ​ស្នងការដ្ឋាន​នា​ផ្លូវជាតិ​លេខ​៥ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ដើម្បី​សម្របសម្រួល​ដោះស្រាយ​តាម​ក្រោយ​។​

​លុះដល់​ព្រឹក​ថ្ងៃទី​២៦​ខែសីហា ខាង​ផ្នែក​វិន័យ​ទាក់ទិន​ព្រះសង្ឃ​ត្រូវបាន​មន្ត្រី​សង្ឃ​ដឹកនាំ​នាំ​ដោយ​ព្រះគ្រូ​ណាប់ ម៉ឺន ព្រះ​វិន័យធរ​គណ​ខេត្ត​និមន្ត​បុគ្គល​មន្ត្រី​សង្ឃ​ខាងលើ​មក​ដោះស្រាយ ។​

​ក្នុងនោះ​ព្រះសង្ឃ​នាម ហ៊ីង ចក់ ព្រះ​វិន័យធរ​អនុគណ​ស្រុក​ម៉ាឡៃ​និង​ជា​ចៅអធិការ​វត្ត​ប៉ោយ​យ​អង្គរ​បាន​សារភាព​កំហុស ហើយ​យល់ព្រម​លាចាក​សិក្ខាបទ​(​សឹក​) វិល​ទៅ​ជីវិត​ជា​គ្រហស្ថ​បែ​បប​ថុច្ច​ជន​វិញ ដែល​ស្នើ​រួច​ផុតពី​ការពិន័យ​ឬ​ទោស​ទ័​ណ្ឌ​ផ្សេងទៀត​។​

​រីឯ​ខាង​ជំនាញ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក ក៏បាន​កោះហៅ​គូភាគី​ទៅ​សម្របសម្រួល​ដោះស្រាយ​នៅ​ថ្ងៃត្រង់​ថ្ងៃ​ដដែល ដោយ​ភាគី​បង្ក​យល់ព្រម​សង​សំណង ដោយ​ភាគី​រងគ្រោះ​ក៏​បន្ធូរបន្ថយ​យោគយល់​ខ្លះ​ដែរ ។​ ប៉ុន្តែ​ការចំណាយ​លើ​សំណង ស្ថិតនៅលើ​ប្រភព​ផ្សេង មិនមែន​តួអង្គ​សង្ឃ​បរាជិក​នោះឡើយ​៕​