ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានជម្រាបជូនថា កម្ពុជា បានឆ្លងកាត់ផ្លូវដ៏លំបាកក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងកសាងប្រទេសជាតិដោយជ្រើសរើសយកគោលនយោបាយការបរទេសអព្យាក្រឹត្យ តាំងពីឆ្នាំ១៩៥៥ និងជាថ្មីម្តងទៀត តាំងពីឆ្នាំ១៩៩៣ ដើម្បីការពារសន្តិភាព ដែលធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងធានាវិបុលភាព និងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងដំណើររបស់ប្រទេសជាមួយនឹងបទពិសោធន៍របួស និងឈឺចាប់នៃសោកនាដកម្មនៃសង្គ្រាមនិងជម្លោះ។ ប្រជាជនកម្ពុជា បានយល់ដឹងយ៉ាងជ្រាលជ្រៅ ពីតម្លៃនៃសន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាពនយោបាយ។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា អំពីសារៈសំខាន់ដ៏ធំធេងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២។

លោករដ្ឋលេខាធិការ បានបញ្ជាក់សារជាថ្មីថា កម្ពុជាបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ចំពេលដែលមានបញ្ហាប្រឈម ដែលពុំធ្លាប់មាន បានកើតឡើង។ កម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លា ពីសមាជិកអាស៊ាន និងប្រទេសដៃគូខាងក្រៅរបស់យើង។

លោកបណ្ឌិត ចែម វិឌ្យ៉ា បានពន្យល់អំពីមូលហេតុនៅពីក្រោយសេចក្តីសម្រេចចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន គឺដោយមានជំនឿជឿជាក់លើតម្លៃនៃសន្តិភាព អព្យាក្រឹត្យភាព ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងគោលការណ៍ដទៃទៀត ដែលមានចែងនៅក្នុងសន្ធិសញ្ញា ស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអគ្នេយ៍។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានអបអរសាទរកម្ពុជា ចំពោះជោគជ័យក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ និងបានដឹកនាំអាស៊ាន នៅក្នុងកាលៈទេសៈប្រឈមបំផុត ដោយសម្រេចបាននូវសេចក្តីប្រកាសរួម និងឯកសារសំខាន់ៗផ្សេងទៀត។

ពាក់ព័ន្ធនឹងលំហស៊ីវិល និងលំហប្រជាធិបតេយ្យ លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ប្រព័ន្ធនយោបាយពហុភាគី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាស្នូលនៃរដ្ឋធម្មនុញ្ញជាតិ និងបច្ចុប្បន្ន ប្រជាជនកម្ពុជា កំពុងរស់នៅក្នុងសន្តិភាព ភាពសុខដុម និងមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិពលដ្ឋ។ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានវិនិច្ឆ័យដោយភាគីទីបី ដែលត្រូវបានអ្នកផងទាំងពួងមើលឃើញថា បានប្រើ “ស្តង់ដារពីរ ឬបី” ក្នុងការធ្វើសេចក្តីវិនិច្ឆ័យ។ ការបោះឆ្នោតជាទៀងទាត់ គឺជាសក្ខីភាពនៃចរិតលក្ខណៈប្រជាធិតេយ្យ នៃរបបនយោបាយនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបោះឆ្នោត លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាៈ កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ តាំងពីឆ្នាំ១៩៩៣។ មកទល់ពេលនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកល ចំនួន៦លើក និងការបោះឆ្នោតឃុំ-សង្កាត់ ចំនួន ៥លើក ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា មានតម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំ។

នៅអាស៊ីអគ្នេយ៍ កម្ពុជាគឺប្រទេសតែមួយគត់ដែលបានចូលជាភាគីនៃអនុសញ្ញាសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោមអនុសញ្ញាចំនួន ៩ ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់កម្ពុជា។ កម្ពុជា មានប្រវត្តិធ្វើការ និងផ្ដល់សហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏សំបូរបែបជាងគេជាមួយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសតូច កម្ពុជាប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយប្រកាន់ថា ច្បាប់ធំជាងកម្លាំង និងមិនមែនកម្លាំងធំជាងច្បាប់ទេ ។

ក្នុងនាមការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកសាស្ត្រាចារ្យ Vitit Muntarbhorn បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំផ្ទាល់ ហើយមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងផ្លែផ្កាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសន្ទនាតាមវីដេអូ កាលពីឆ្នាំមុន និងឥស្សរជនកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ថ្ងៃ ក្នុងការបំពេញអាណត្តិរបស់លោក។

លោកបានអះអាងជាថ្មីថាៈ OHCHR បន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការ សម្រាប់ការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សនៅកម្ពុជា និងបានបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នករាយការណ៍ពិសេស ប្រព័ន្ធអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកអាស៊ាន និង ដៃគូក្នុងប្រទេស និងក្នុងតំបន់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវគោលដៅដ៏ឧត្តមលើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនរបស់យើង និងសហគមន៍អាស៊ាន។

នៅចុងបញ្ចប់នៃជំនួប លោកបណ្ឌិត ចែម វីឌ្យ៉ា បានបញ្ជាក់អំពីសុឆន្ទ:របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងអង្គការសហប្រជាជាតិ រួមបញ្ចូលទាំងក្នុងក្របខណ្ឌ នៃកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងគោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕/V