ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ធំៗ​នៅ EPL ចុង​សប្តាហ៍​នេះ​សុទ្ធតែ​មាន​សង្ឃឹម​ឈ្នះ​ខ្ពស់ ឬ​យ៉ាងហោច​ក៏​ស្មើ​ដែរ ក្នុងនោះ​មានដូចជា Arsenal, Liverpool, Man City, Chelsea, Tottenham​។ ដោយឡែក​ក្រុម​បិសាច​ក្រហម Man U ដែល​លេង​ល្អ​ដូច​ផ្កា​ជាមួយ Liverpool កាលពី​ថ្ងៃ​ចន្ទ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់ Southampton​នៅ​ក្បាល​​ព្រលប់​ថ្ងៃ​សៅរ៍​នេះ ហើយ​អ្វី​ដែល​ជា​កង្វល់​គឺ​បិសាច​ក្រហម​បាន​ចាញ់​ក្រុម​គីឡូ​ខ្សោយៗ​ពីរ​ប្រកួត​បើកឆាក​រួចមកហើយ​។ ថា​តើ Man U នឹង​វិល​ទៅរក​ទម្រង់​អន់​ដូច​មុន​ឬ​អត់ ពេល​ប៉ះ​ក្រុម​អន់ គឺ​ត្រូវ​រង់ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​។

​ក្រៅពី​លី​ក​កំពូល​អង់គ្លេស Bayern នៅ​អាល្លឺម៉ង់​ក៏​ត្រូវ​ប៉ះ​ជាមួយ​លេខ​២ Monchengladbach ផងដែរ ហើយ​ក្រុម​ការពារ​ជើងឯក​មួយ​នេះ​នៅតែ​រំពឹង​ឈ្នះ​យ៉ាង​ងាយស្រួល​។

​សម្រាប់​អ៊ីតាលី​ក៏​មាន​ជំនួប​ធំ​មួយ​ដែរ គឺ​រវាង Juventus និង Roma ដោយ​ក្រុម​ទាំងពីរ​អាច​នឹង​ស្មើ​គ្នា​ភាគច្រើន​។​

​ការព្យាករណ៍​សម្រាប់​ចុង​សប្តាហ៍ ៖

– Southampton vs Manchester Utd

​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​កាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​ចាប់ផ្តើម​នៅ​កីឡដ្ឋាន St Mary’s ខណៈ​ដែល​ក្រុម Southampton និង Manchester United ត្រូវ​តតាំង​គ្នា​ក្នុងនាម​ជា​ក្រុម​ក្រោម​ពាក់កណ្តាល​តារាង​។​

​ពីរ​ប្រកួត​ចាប់ផ្តើម​ដំបូង​របស់​ក្រុមព្រះ​ម៉ែ​ម៉ា​រី​ក្នុង​យុទ្ធនាការ​ក្របខ័ណ្ឌ​កំពូល​ថ្មី​នេះ​គឺ​ចាញ់ ៤-១ នៅក្រៅ​ដី​ក្រោម​ស្នាដៃ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur និង​ស្មើ ២-២ ជាមួយ​ក្រុម Leeds United នៅក្នុង​ផ្ទះ​។​

​ប៉ុន្តែ​កូន​ក្រុម​របស់​លោក Ralph Hasenhuttl នឹង​មាន​ស្មារតី​ខ្ពស់​ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម​ថ្ងៃនេះ បន្ទាប់ពី​ទទួល​ជ័យជម្នះ ២-១ នៅ​ទឹកដី​របស់​ក្រុម Leicester City កាលពី​ចុង​សប្តាហ៍​មុន បើទោះបីជា​របូត​គ្រាប់​បាល់​មុន​ចំនួន​៩​ប្រកួត​ជាប់ៗ​គ្នា​ក្នុង EPL ក៏ដោយ​។​

​បន្ទាប់​ពី Manchester United ចាញ់​ពីរ​ប្រកួត​ដំបូង​ក្នុង Premier League ក្រោម​ស្នាដៃ​គូប្រជែង Brighton និង Brentford លោក Erik ten Hag បាន​ដឹកនាំ​ក្រុម​របស់​គាត់​ឱ្យ​ឈ្នះ ២-១ ក្នុងផ្ទះ​លើ​ក្រុម​ហង្ស​ក្រហម Liverpool កាលពី​ថ្ងៃ​ចន្ទ​។​

​កីឡាករ Jadon Sancho និង Marcus Rashford បាន​ស៊ុត​បញ្ចូល​ទី ខណៈ​បិសាច​ក្រហម​កត់ត្រា​ជ័យជម្នះ​ដ៏​សំខាន់​លើ​គូប្រជែង​ជូរចត់ ដើម្បី​ស្តារ​ទំនុកចិត្ត​ឡើងវិញ បន្ទាប់​ពី​ការចាប់ផ្តើម​រដូវ​កាល​ដ៏​អន់​បំផុត​។​

​ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​ទើប​ឈ្នះ​ប្រកួត​ចុង​ក្រោយ​ដូចគ្នា និង​ប្រវត្តិ​ស្មើគ្នា​រហូត​កាល​ពី​រដូវ​កាល​មុន ដូច្នេះ​លទ្ធផល​រំពឹង​ទុក​ក៏​ស្រដៀង​នឹង​រដូវ​កាល​មុន​ដែរ​។​

​លទ្ធផល​ព្យាករណ៍ ២-២​។​

– Bayern Munich vs Monchengladbach

​បន្ទាប់​ពី​លី​កពាន​ក្នុងស្រុក​ចំនួន ១០ លើ​ក​ជាប់ៗ​គ្នា វា​ហាក់ដូចជា​ក្រុម​នៅ​តំបន់ Bavarians នេះ​នៅ​មិនទាន់​ស្កប់ស្កល់​ទៀត​។ ពួកគេ​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ឈ្នះ​ហើយ​ឈ្នះ​ទៀត​យ៉ាង​អស្ចារ្យ​។ ហើយ​នៅ​ចំពោះមុខ​ហ្វូង​ទស្សនិកជន​ក្នុងផ្ទះ​របស់​ពួកគេ​នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​រំពឹង​ឈ្នះ​ជា​ថ្មី​លើ​ក្រុម​លេខ​២ Monchengladbach ។​

Bayern បាន​បាត់បង់​ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski ប៉ុន្តែ​ទម្រង់​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ពួកគេ​រឹតតែ​ប្រសើរ​ឡើង​ជាង​មុន​ទៅទៀត​។​

​គិត​ត្រឹម​ពេលនេះ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ពីរ​ដង​នៃ​ចំនួន​គ្រាប់​របស់​ក្រុម​វាយលុក​ល្អ​បំផុត​ទី​ពីរ​នៅក្នុង​លី​ក​អាល្លឺម៉ង់​។ ពិតណាស់ ពួកគេ​មាន​ពិន្ទុ​បូក​បញ្ចូល​គ្នា គឺ ១៥-១ ពី​ការប្រកួត​លី​ក ៣ លើកដំបូង​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ​។​

​វា​ហាក់ដូចជា​ពួកគេ​កំពុង​លើ​កពាន​លី​ក​ទី ១១ របស់​ពួកគេ​រួច​ហើយ​អ៊ីចឹង ហើយ​សំណួរ​តែមួយគត់​គឺ​ថា​តើ​មាន​ក្រុម​ណា​អាច​បញ្ឈប់​ពួកគេ​កុំឱ្យ​លើ​កពាន​។​

​ដោយឡែក Monchengladbach ឥឡូវ​កំពុង​ឈរ​នៅ​លេខ​២​ក្នុង​តារាង​។ លេង​ទល់នឹង​ក្រុម​ផ្សេង​ទៀត វា​អាច​ជា​រឿង​ងាយស្រួល ប៉ុន្តែ​នៅ​ចុង​សប្តាហ៍​នេះ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង Bayern ។​

​ជាងនេះទៅទៀត Monchengladbach បាន​ឈរ​ត្រឹម​លេខ ១០ នៅ​រដូវ​កាល​ចុង​ក្រោយ​ក្នុង​តារាង​លី​ក​អាល្លឺម៉ង់​ប៉ុណ្ណោះ ត្បិត​បាន​យក​ឈ្នះ​លើ Bayern ទាំង​ពីរ​ជើង​ក៏ដោយ​។​

​ដោយ​ពិចារណា​លើ​ការសង្កេត​ទាំងអស់នេះ គេ​រំពឹងថា Bayern នឹង​ទទួលបាន​ជ័យជម្នះ​មួយទៀត​នៅ​ចុង​សប្តាហ៍​នេះ​។​

​លទ្ធផល​ព្យាករណ៍ Bayern ឈ្នះ ២-០​។

– Juventus vs Roma

Juventus និង Roma នឹង​ជួប​គ្នា​ក្នុង​ការប្រកួត​ដ៏​រំភើប​បំផុត​នៅ​ជុំ​ទី ៣ នៃ​ក្របខ័ណ្ឌ Serie A នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​នៅ​កីឡដ្ឋាន Allianz ។​

​ក្រុម​ទាំង​ពីរ​មិនទាន់​របូត​គ្រាប់​បាល់​មួយ​គ្រាប់​ក្នុង​យុទ្ធនាការ ២០២២/២៣ នៅឡើយ​ទេ ប៉ុន្តែ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ទាំងពីរ​ក៏​មិន​សូវ​ល្អ​នោះដែរ​។​

Roma នឹង​ចូលមក​ក្នុង​ការប្រកួត​នេះ​ទាំង​ស្មារតី​ខ្ពស់​ដោយ​មាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​ចំនួន​ពីរ​ជុំ​។ កូនក្រុម​របស់លោក Jose Mourinho បាន​យក​ឈ្នះ ១-០ លើ​ក្រុម Salernitana និង Cremonese នៅ​ដើម​យុទ្ធនាការ​ឆ្នាំនេះ​។​

​ក្រុម Roma គ្របដណ្តប់​លើ​ទីលាន​ទាំងស្រុង​ក្នុង​ការប្រកួត​ក្នុងផ្ទះ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយនឹង​ក្រុម Cremonese ដែល​ទើបនឹង​ឡើង​មក​ថ្មីថ្មោង ដោយ​បាន​ស៊ុត ២៧ ជើង (​ក្នុងនោះ ១២ ជើង​ចំ​គោលដៅ​) ប៉ុន្តែ​វា​ជា​គ្រាប់​បាល់​តង់​ទី​ពីរ​របស់​ខ្សែការពារ Chris Smalling ទេ​ទើប​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​។​

​ចំណែក​ក្រុម​សេះ​បង្កង់ Juventus វិញ តំបន់​ប្រយុទ្ធ​គឺ​អត់​ប្រយោជន៍​ក្នុងការ​ស្មើដោយ​គ្មាន​គ្រាប់​បាល់​នៅ​ទឹកដី​ក្រុម Sampdoria កាលពី​ថ្ងៃ​ចន្ទ​។​

​ខ្សែ​ប្រយុទ្ធ Dusan Vlahovic ដែល​ស៊ុត​ពីរ​គ្រាប់​បើក​រដូវ​កាល​ទល់នឹង Sassuolo ក្នុង​សប្តាហ៍​ទី​១ មិន​បាន​ប៉ះបាល់​ទាល់តែសោះ​ក្នុង​ការប្រកួត​ទាំងមូល​នៅ​កីឡដ្ឋាន Stadio Comunale Luigi Ferraris​។​

​ខ្សែការពារ​របស់​ក្រុម​ទាំង​ពីរ​មិន​ទាន់​សាកល្បង​ជា​មួយ​ប្រយុទ្ធ​មុត​ស្រួច​នៅឡើយ​ទេ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ដោយ​វិនិច្ឆ័យ​លើ​ទម្រង់​ប្រយុទ្ធ​ខ្សោយ​របស់​ក្រុម​ទាំងពីរ យើង​រំពឹង​ពួកគេ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​។

​លទ្ធផល​ព្យាករណ៍ ១-១៕

Man U អាច​បាន​ត្រឹម​ស្មើ​ជាមួយ Southampton