ដោយៈ​សុផល​/​ភ្នំពេញ​៖រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ជាង ២៥០ ក្រុមហ៊ុន កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។​ក្រុមហ៊ុន​ទាំងនោះ វិនិយោគ​លើ​លើ​វិស័យ ធនាគារ ធានារ៉ាប់រង ​សំណង់ កសិកម្ម ឧស្សាហកម្ម សេវាកម្ម អចលនទ្រព្យនិង​វិស័យ​ធានារ៉ាប់រង​ជាដើម​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​កាន់​ដា យូ​ហ្គូ (KANDA YOGO) ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ជប៉ុន​(JBAC)​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​សក្តានុពល​របស់​កម្ពុជា ទៅកាន់​អ្នកវិនិយោគ​កាលពី​ថ្ងៃទី​២៦​ខែសីហា លោក​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ជប៉ុន បាន​ថ្លែងថា​៖​ការ វិនិយោគ​របស់​ប្រទេស​ជប៉ុន​មក​កម្ពុជា មាន​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ គិត​ត្រឹម​ខែមករា ឆ្នាំ​២០២២ គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៤៧ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២,៩​ពាន់​លាន​ដុល្លារ​អាម៉េរិក​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​។​ម្រោ​ង​វិនិយោគ​របស់​ប្រទេស​ជប៉ុន​ភាគច្រើន​កើតឡើង​ក្នុង​វិស័យ​ជាច្រើន​ដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ និង​ទីផ្សារ​អាហារ​ថ្ងៃត្រង់​។​

​លោក កាន់​ដា យូ​ហ្គូ បាន​បន្តថា​ក្រៅពី​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ជាង ២៥០​ដែល​បាន​ចុះបញ្ជី​នៅ​សមាគម​ក៏មាន​ក្រុមហ៊ុន​ច្រើន​ទៀត​ដែល​កំពុង​វិនិយោគ នៅ​កម្ពុជា តែ​មិនបាន​ចុះបញ្ជី​ជាមួយ​សមាគម​។​ក្នុងចំណោម​ក្រុមហ៊ុន​ជាង ២៥០ ក្នុងនោះ​មាន ២៥ ភាគរយ​វិនិយោគ​លើ​វិស័យ​កម្ម​មន្ត​សាល ២៥​ភាគរយ វិនិយោគ​លើ​ពាណិជ្ជកម្ម និង​សេវាកម្ម និង ៥០ ភាគរយ​ទៀត​វិនិយោគ​លើ​វិស័យ​ទូទៅ ដូចជា​ធនាគារ វិស័យ​សំណង់ និង​វិស័យ​ធានារ៉ាប់រង​ជាដើម​។​

​លោក កាន់​ដា​យូ​ហ្គូ បាន​បញ្ជាក់ថា ប៉ុន្តែ​បើ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំនេះ មាន​ក្រុមហ៊ុន​ហ៊ុន​ជប៉ុន​ថ្មី​បានមក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ចំនួន ៨ ក្រុមហ៊ុន ហើយ​លោក​សង្ឃឹមថា នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ នឹងមាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​បាន​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ​។​

​ក្នុង​វេទិកា​ជំនួប​ពិភាក្សា​ជាមួយ​អ្នកជំនួញ​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​នេះដែរ បណ្ឌិត អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​ភីអិលស៊ី បាន​មានប្រសាសន៍ថា​៖​កម្លាំង​លូតលាស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅតែ​ខ្លាំង ពិសេស​ឆ្នាំ​២០២២​និង​បន្ត​រីកចម្រើន​ដល់​ឆ្នាំ​២០២៧ ខាងមុខ​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​បន្តថា ការរីកលូតលាស់​សេដ្ឋកិច្ច​ខ្លាំង​នេះ​ដោយសារតែ​កម្ពុ​ជាមាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ច្រើន​ដូចជា​ផ្លូវ​គមនាគមន៍​ល្អៗ​ច្រើន មាន​ផ្លូវ​ល្បឿន​លឿន ផ្លូវ​ក្រវ៉ាត់​ទីក្រុង និង​ផ្លូវ​សំខាន់​ផ្សេងៗ​ទៀត​ព្រមទាំង​មាន​ព្រលានយន្តហោះ​ថ្មី​កំពុង​សាងសង់​ដែល​ជួយ​សម្រួល​ក្នុង​ការដឹក​ជ​ញ្ជួ​ន ទំនិញ​ផ្សេងៗ​។​

​បណ្ឌិត អ៊ិន​ចាន់នី បាន​បន្តទៀតថា ក្រៅពីនេះ​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើនជាង ៦៧ ភាគរយ និង​មានច្បាប់​វិនិយោគ​ថ្មី​ដែល​បាន​ជួយ​សម្រួល និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​បរទេស​មក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​។​

 

​ទាក់ទងនឹងវេទិកាវិនិយោគ បណ្ឌិត អ៊ិន ចាន់នី បាន​ឱ្យដឹងថា ការរៀបចំ​វេទិកា​ជំនួប​ពិភាក្សា​ជាមួយ​អ្នកជំនួញ​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា​នាពេលនេះ​ក៏​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​ផងដែ​រ ព្រោះ​នៅក្នុង​វេទិកា​ពិភាក្សា​នេះ​យើង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម និង​ហិរញ្ញវត្ថុ ព្រមទាំង​ព័ត៌មាន​ទាក់ទិន​នឹង​សេដ្ឋកិច្ច ដើម្បី​រៀបចំ​ផែនការ​វិនិយោគ​នៅ​កម្ពុជា​។​

​នៅក្នុង​វេទិកា​នោះដែរ​ក៏មាន​វិនិយោគិន​ជប៉ុន​មួយចំនួន​បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ពី​បញ្ហា​អតិផរណា​ដែលមាន​ការកើនឡើង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ​។ ត្រង់ចំណុច​នេះ​បណ្ឌិត អ៊ិន ចាន់នី បាន​ពន្យល់ថា អតិផរណា​ឆ្នាំនេះ​មាន​ត្រឹមតែ ៥ ឬ​ខែ​ខ្លះ​ជាង ៩ ភាគរយ តែ​មិន​ខ្ពស់​ដូច​ឆ្នាំ​២០០៨​ដែលមាន​រហូត ដល់​ទៅ​១៨,៧៥​ភាគរយ​នោះទេ​។ ប៉ុន្តែ​ពេលនោះ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយបាន​យ៉ាង​ល្អ​។ បណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា​រាជរដ្ឋាភិបាល​មាន វិធានការ គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ និង​ទប់ទល់​បញ្ហា​អតិផរណា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា បញ្ហា​អតិផរណា​នេះ​គឺ​បណ្តាលមកពី​តម្លៃ​ប្រេង​ឡើងថ្លៃ​ដែល​ធ្វើឱ្យ​ការដឹក​ជ​ញ្ជួ​ន ការផលិត និង​ទំនិញ​បាន​ឡើងថ្លៃ​ដែល បញ្ហា​នេះ​បណ្តាលមកពី​កក្តា​ខាងក្រៅ​។ ប៉ុន្តែ​នៅពេលដែល​ប្រេង​ចុះថ្លៃ អតិផរណា​ក៏​ចុះ​តាម​នឹង​ដែរ​៕Ph