​ប្រែ​សម្រួលៈ​បំណង​(CGTN,dw.com)៖ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​សីហា​បាន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​មួយ​នៅពេល​ភ្លៀង​បន្ត​ធ្លាក់​បង្ក​ការ​ជន់​លិច​ភាគច្រើន​នៃ​ប្រទេស​។​ស្ថានភាព​គ្រា​​អាសន្ន​នេះ​ត្រូវបាន​ប្រកាស​ឡើង​ដើម្បី​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ប៉ះពាល់​មនុស្ស​ដល់​ទៅ​ជាង​៣០​លាន​នាក់​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក សា​បា សារីហ្វ​(Shahbaz Sharif)​បាន​ជួប​ពួក​អ្នកការទូត​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​រាយការណ៍​ជូន​ពួកគេ​អំពី​ស្ថានការណ៍​គ្រោះ​ធម្មជាតិ​នេះ​។​ការ​ធ្លាក់ភ្លៀង​​ខ្លាំង​បង្ក​ការ​ជន់​លិច​ចាប់តាំងពី​ខែ​មិថុនា​មក​ដោយ​សម្លាប់​មនុស្ស​៩៣៧​នាក់ ក្នុងនេះ​៣៤​នាក់ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ ។​

​មន្ត្រី​នៅ​អាជ្ញាធរ​គ្រោះមហន្តរាយ​ជាតិបាន​និយាយថា ជំនន់​ឆ្នាំនេះ​អាច​ប្រដូច​ទៅ​នឹង​ជំនន់​ឆ្នាំ​២០១០ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២.០០០​នាក់​និង​មួយ​ភាគ​ប្រាំ​នៃ​ប្រទេស​ស្ថិតនៅក្រោម​ទឹក​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ ការិយាល័យ​នាយករដ្ឋមន្ត្រី​សារីហ្វ បាន​និយាយថា មនុស្ស​៣៣​លាន​នាក់​រង​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​ដោយ​ទឹកជំនន់ នៅពេល​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​​បាន​និយាយថា​ផ្ទះ​ជិត​២២០.០០០០​ត្រូវ​បំផ្លាញ​ក្នុង​ទឹកជំនន់​និង​ប្រមាណ​កន្លះ​លាន​ទៀត​ខូចខាត​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រែប្រួល​អាកាសធាតុ កាលពី​ថ្ងៃ​ពុធ​បាន​ហៅ​ជំនន់​ពេលនេះ​ថា​ជា​មហន្តរាយ​មួ​យ​និង​ថា​រដ្ឋាភិបាល​បាន​ប្រកាស​គ្រាអាសន្ន​ហើយ​សុំ​ជំនួយ​អន្តរជាតិ​។​

​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នាយករដ្ឋមន្ត្រី​សារីហ្វ បាន​ទាក់ទង​អ្នកផ្តល់​ជំនួយ ប្រទេស​ជា​មិត្ត​និង​ស្ថាប័ន​អន្តរជាតិ​ដើម្បី​សុំ​ជំនួយ​។​លោក​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា​« ការ​ធ្លាក់ភ្លៀង​បច្ចុប្បន្ន​​បាន​បង្ក​មហន្តរាយ​នៅ​ទូទាំង​ប្រទេស​»​។​

​នៅ​ថ្ងៃ​សុក្រ លោក​បាន​អំពាវនាវ​ជាថ្មី ដោយ​សុំ​អោយ​សហគមន៍​អន្តរជាតិ​ជួយ​និង​ថា​«​យើង​សូម​អរគុណ​សហគមន៍​អន្តរជាតិ​ចំពោះ​សណ្តាន​ចិត្ត​អាណិតអាសូរ ការចូលរួម​រំលែក​ទុក្ខ​និង​ការសន្យា​ជួយ​គាំ​​ទ្រ​របស់គេ​»​។​

​មន្ត្រី​ឧតុនិយម​ម្នាក់​បាន​អោយដឹងថា ការ​ធ្លាក់ភ្លៀង​នៅ​រយៈពេល​មួយ​ខែ​មកនេះ ជិត​ស្មើនឹង​២០០​ភាគរយ​នៃ​ការ​ធ្លាក់ភ្លៀង​ជា​មធ្យម​សំរាប់​ខែកក្កដា គិត​ចាប់តាំងពី​ឆ្នាំ​១៩៦១​មក​៕

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​គួបផ្សំ​នឹង​ការ​រលាយ​ទឹកកក​បង្ក​ជំនន់​ដ៏​អាក្រក់​ដោយ​បំផ្លាញ​ផ្ទះ​ជិត​២២០.០០០០​និង​ប្រមាណ​កន្លះ​លាន​ទៀត​ខូចខាត​