ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តចំនួន១០គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពី វេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ហៅទំនប់ទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពបានឲ្យដឹងថា ដំបូងគេឃើញមានផ្សែងហុយចេញពីរថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់ សោររបងត្រឹមត្រូវដូចរាល់ថ្ងៃ ។បន្ទាប់មកក៏មានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ និង រាលដាលពីរថយន្តមួយទៅរថយន្តព្រមទាំងឆ្លងទៅឃ្លាំងមួយទៀតដែលនៅជាប់គ្នាបណ្ដាលឲ្យខូចខាតរថយន្តទាំងស្រុងសរុប១០គ្រឿង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងគឺ បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងអាគុយក្នុងរថយន្ត ។ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង១ម៉ោងក៏ពន្លត់ភ្លើងឲ្យរលត់ទៅវិញ៕សរន