​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Moderna បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​សីហា​ថា ខ្លួន​កំពុង​ប្តឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជា​គូប្រជែង Pfizer និង BioNTech​ដោយ​​ចោទប្រកាន់​ដៃគូ​ទាំងពីរ​នេះ​ថា​រំលោភ​លើ​ប្រកាសនីយបត្រ​(​ប៉ាតង់​)​របស់​ខ្លួន​ក្នុង​ការអភិវឌ្ឍ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ពួកគេ ដែល​បាន​ចាក់​ដល់​មនុស្ស​រាប់រយ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។​

​បណ្តឹង​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ប្រជែង​គ្នា​កម្រិត​ខ្ពស់​រវាង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូវី​ដ​ឈានមុខ​គេ ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​។​

​ក្រុមហ៊ុន​ជីវបច្ចេកវិជ្ជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុមហ៊ុន Moderna ជឿជាក់​ថា​វ៉ាក់សាំង​កូវី​ដ​១៩ Comirnaty របស់ Pfizer និង BioNTech បាន​រំលោភ​លើ​ប៉ាតង់​ដែល Moderna បាន​ដាក់​នៅ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៦ ដែល​គ្របដណ្តប់​លើ​បច្ចេកវិជ្ជា​គ្រឹះ mRNA របស់ Moderna”​។​

Moderna បាន​ចោទប្រកាន់​ថា “Pfizer និង BioNTech បាន​ចម្លង​បច្ចេកវិជ្ជា​នេះ​ដោយ​គ្មាន​ការអនុញ្ញាត​ពី Moderna ដើម្បី​បង្កើត​វ៉ាក់សាំង Comirnaty”​។​

​ក្រុមហ៊ុន Pfizer និង BioNTech បាន​និយាយថា ពួកគេ​បាន​ដឹង​ពី​វិវាទ​នេះ ហើយ​ក្រុមហ៊ុន​នី​មួយៗ​បានចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​រាល់​ការប្រព្រឹត្ត​ខុស​។​

​ក្រុមហ៊ុន​បាន​និយាយថា “​ការងារ​របស់ BioNTech គឺ​មាន​លក្ខណៈ​ដើម ហើយ​យើង​នឹង​ការពារ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​ការចោទប្រកាន់​ទាំងអស់​អំពី​ការរំលោភ​ប៉ាតង់​” ដោយ​បន្ថែម​ថា​ខ្លួន​”​គោរព​​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ដែល​មាន​សុពលភាព​និង​អាចអនុវត្ត​បានរ​បស់​អ្នកដទៃ​”​។​

Pfizer បាន​សន្យាថា​នឹង “​ការពារ​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង​ការចោទប្រកាន់​នៃ​បណ្តឹង​នេះ​”​។​

​បច្ចេកវិជ្ជា mRNA ដែល​ប្រើ​ក្នុង​វ៉ាក់សាំង​របស់ Moderna និង Pfizer-BioNTech គឺ​ខុស​គ្នា​ពី​វ៉ាក់សាំង​បែប​បុរាណ ដែល​ពឹងផ្អែក​លើ​ការចាក់​ទម្រង់​មេរោគ​ដែល​ខ្សោយ​ឬ​ងាប់​ដើម្បី​អនុញ្ញាត​​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ទទួលស្គាល់​វា​និង​បង្កើត​អង្គ​បដិ​ប្រាណ​។​

​ផ្ទុយទៅវិញ វ៉ាក់សាំង mRNA ផ្តល់​ការណែនាំ​ដល់​កោសិកា​ដើម្បី​បង្កើត​ដុំ​ប្រូតេអ៊ីន (Spike Protein) ដែល​មិន​បង្ក​គ្រោះថ្នាក់ ដែល​គេ​រកឃើញ​នៅលើ​ផ្ទៃ​នៃ​មេរោគ​ដែល​បណ្តាល​ឱ្យ​មានកូ​វីដ​១៩​។​

​បន្ទាប់​ពី​បង្កើត​ដុំ​ប្រូតេអ៊ីន​នេះ​ឡើង កោសិកា​អាច​ទទួល​ស្គាល់​និង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ពិតប្រាកដ ដោយ​គេ​បាន​សាទរ​វា​ថា​ជា​ការរីកចម្រើន​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​វ៉ាក់សាំង​៕

Moderna បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន Pfizer និង​ដៃគូ​របស់​ខ្លួន BioNTech ជុំវិញ​បច្ចេកវិជ្ជា​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា