​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទោះបី​ជួបប្រទះ​បញ្ហា​បច្ចេកទេស​ខ្លះៗ ក៏​ក្រុម​រថយន្ត Off Road កម្ពុជា ធ្វើ​បានល្អ ក្នុងចំណោម​៤​ជុំ នៅ​ថ្ងៃ​ប្រណាំង​ទី​១ នៃ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFF ROAD គម្រប់​ខួប​២០​ឆ្នាំ ឆ្នាំ​២០២២​នេះ ( THE MAGNIFICENT TEN 2022 ) នៅ​ថ្ងៃទី​២៦ ខែសីហា នាទី​ក្រុង​កា​ឆា​ណាក់​បូរី ប្រទេស​ថៃ​។​

​សមាជិក​ក្រុម​រថយន្ត Off Road កម្ពុជា​លោក វង្ស គឹម​ហួត បានអោយដឹងថា សម្រាប់​ថ្ងៃទី​១​នេះ​ការប្រកួត​មាន​៤​ជុំ​ជា​លទ្ធផល​កម្ពុជា​ក្រុម​ខេ​ម​កូ​4×4​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២២ ខណៈ​ក្រុម B M លេខ​២៥ ឯ​ក្រុម​គោព្រៃ​មណ្ឌល​គី​រី លេខ​៣៣​។ លោក វង្ស គឹម​ហួត បន្ថែមថា ចំពោះ​ថ្ងៃ​២៧​សីហា​នេះ ការប្រកួត មានតែ​២​ជុំ​ប៉ុណ្ណោះ​។​

​ចំពោះ​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​ក្រុម​គោព្រៃ​មណ្ឌល​គី​រី បាន​បញ្ជាក់ថា ការចូលរួម​២​លើក នៅ​គីរីរម្យ និង​ប្រទេស​ថៃ ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​ច្រើន ប៉ុន្តែ​បញ្ហា​បច្ចេកទេស​ក៏មានដែរ ដូច​ការប្រកួត​ថ្ងៃទី​១​នេះ យើង​ធ្វើ​បានល្អ​២​ជុំ ក្នុងចំណោម​៤​ជុំ ជាមួយ​កីឡាករ​បរទេស​ដែលមាន​បទពិសោធន៍​និង​បច្ចេកទេស​ខ្ពស់​។​តាមរយៈ​បទពិសោធន៍​ខាងលើនេះ​លោក​រំពឹង​ពី​៨០​ភាគរយ​ទៅ​៩០​ភាគរយ​ថា​នឹង​ទទួលបាន​ជ័យលាភី​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ក្រោយៗ ដោយសារ​ទាំង​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ​សហការគ្នា​បាន​យ៉ាង​ល្អ ដោយ​ប្រើ​បេះដូង​។​

​លោក សាន់ ដា​រិ​ទ្ធ បន្ដថា​ការប្រកួត​កម្រិត​អន្តរជាតិ​នេះ​ក្រុម OFF Raod គោព្រៃ​មណ្ឌល​គី​រី ទទួលបាន​បទពិសោធ​ន៍​ទាំង​ប្រកួត និង​ការរៀបចំ ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដោយ​ខ្លួនឯង នា​ខែមករា ដើមឆ្នាំ​២០២៣​ខាងមុខ ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​រថយន្ត OFF Road និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅកាន់​ខេត្ត​មណ្ឌល​គី​រី​អោយ​ស្របតាម​បា​វនា​ទាំង​៤ របស់​ក្រុម​មហា​គ្រួសារ​រថយន្ត OFF Road កម្ពុជា គឺ​កីឡា បរិស្ថាន ទេសរ​ច​ណ៍ និង​ការងារ​មនុស្សធម៌​។​

​លោក​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFF ROAD គម្រប់​ខួប​២០​ឆ្នាំ ដែល​ធ្វើ​នៅ​ខេត្ត​កា​ឆា​ណាក់​បូរី ប្រទេស​ថៃ មាន​រថយន្ត​ប្រណាំង​ប្រមាណ​ជាង ១០០​គ្រឿង​ចូលរួម មកពី​៤​ប្រទេស គឺ​ម៉ាឡេស៊ី ឡាវ កម្ពុជា និង​ថៃ​ជា​ម្ចាស់ផ្ទះ ក្នុងនោះ​កម្ពុជា​បញ្ជូន​កីឡាករ ៣​ក្រុម ស្មើ​៩​រថយន្ត មាន «​ក្រុម​ខេ​ម​បូ 4×4» , ក្រុម BM Garage និង «​ក្រុម​គោព្រៃ មណ្ឌលគិរី​»៕​