​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​២៦ សីហា​ថា កុមារ​នៅក្នុង​ប្រទេស​ស្រីលង្កា​កំពុង “​ដេក​ទាំង​ស្រេកឃ្លាន​”​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​របស់​​ប្រទេស​កោះ​នេះ ដោយ​ព្រមាន​ថា​ប្រទេស​អាស៊ី​ខាងត្បូង​ផ្សេងទៀត​អាច​នឹង​ឈាន​ដល់​ការខ្វះខាត​ស្បៀង​ស្រដៀង​គ្នា​នេះ​។​

​ប្រទេស​ស្រីលង្កា​កំពុង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន បន្ទាប់​ពី​អស់​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទិញ​ទំនិញ​នាំចូល ដោយ​បណ្តាល​ឱ្យ​ខ្វះខាត​ការផ្គត់ផ្គង់​ស្បៀង​អាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ​និង​សម្ភារៈ​ចាំបាច់​ផ្សេងទៀត​។​

​លោក ច​ច ឡា​យី អេ​ដ​ជេ (George Laryea-Adjei) នាយក​អាស៊ី​ខាងត្បូង​នៃ​ទីភ្នាក់ងារ​កុមារ​របស់​អ​.​ស​.​ប គឺ​អង្គការ Unicef បាន​និយាយថា​វិបត្តិ​នេះ​កំពុង​ជះ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​​គ្រួសារ​នានា​ដែល “​រំលង​ចោល​អាហារ​ប្រចាំ​ថ្ងៃ​” ដោយសារ​តែ​អាហារ​ក្នុង​ផ្ទះបាយ​បាន​ក្លាយទៅជា​ទំនិញ​មិន​អាច​ទិញ​បាន​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ក្មេងៗ​ចូល​គេង​ទាំង​ឃ្លាន ដោយ​មិន​ដឹង​ប្រាកដថា​អាហារ​បន្ទាប់​របស់​ពួកគេ​នឹង​បានមក​ពី​ណា​”​។​

​ស្រីលង្កា​បាន​អស់​លទ្ធភាព​សងបំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​កាលពី​ខែ​មេសា ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា​អំពី​ជំនួយ​សង្គ្រោះ​ជាមួយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។​

​ការកើនឡើង​តម្លៃ​ថាមពល​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែនក៏​បាន​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​ជិតខាង​ផងដែរ ហើយ​លោក​អេ​ដ​ជេ និយាយថា​ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​អាច​​ប្រឈម​មុខ​នឹង​វិបត្តិ​អាហារូបត្ថម្ភ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​លោក​បាន​បន្តថា “​ភាពមិនច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច​និង​អតិផរណា​រ៉ាំរ៉ៃ​នៅ​ទូទាំង​អាស៊ី​ខាងត្បូង​កំពុង​គំរាមកំហែង​បន្ថែមទៀត​ដល់​អាយុជីវិត​កុមារ​។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ស្រីលង្កា​គឺ​ការប្រុងប្រយ័ត្ន​សម្រាប់​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ខាងត្បូង​”៕

ស្រីលង្កា​កំពុង​ប្រឈម​មុខ​នឹង​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​នៅលើ​កំណត់ត្រា បន្ទាប់​ពី​អស់​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទិញ​ទំនិញ​នាំចូល