ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាំដើមឈើ ដែលប្រទានដោយព្រះមហាក្សត្រ នៅមុខសាលាខេត្ត និង សែនក្រុងពាលីសាងសង់ ឃ្លាំងថ្មីមួយ ដាក់សម្ភារ:របស់សាលាខេត្ត ។

នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យម្នាក់ បានប្រាប់កាសែតរស្មីកម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា: លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំមន្ត្រីដាំកូនឈើប្រណិត ដែលជាព្រះរាជអំណោយរបស់ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅខាងមុខ និងខាងក្នុងបរិវេណ សាលាខេត្តបន្ទាយមានជ័យ ។ គោលបំណងនៃការដាំ កូនឈើប្រណិតសំខាន់ៗ ៤-១០ ដើមនេះ គឺដើម្បីឧទ្ទិសថ្វាយនូវព្រះរាជសកម្មភាព និងព្រះរាជហឫទ័យរបស់ព្រះករុណា ដែលតែងតែបំពេញបូជនីយកិច្ចដឹកនាំដាំដើមឈើ ការអភិរក្សព្រៃ សត្វ និងធនធានធម្មជាតិ ដើម្បីលើកកម្ពស់បរិស្ថាន អេកូឡូស៊ី ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ឬហៅថា ការឡើងកំដៅផែនដី ក៏ដូចជា លើកកម្ពស់បរិយាកាស សុខុមាលភាប្រជារាស្ត្រ ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បាននាំមន្ត្រី ធ្វើពិធីសែនក្រុងពាលី សាងសង់អគារឃ្លាំងសម្ភារៈនៃសាលាខេត្ត នៅជ្រុងខាងកើត-ឆៀងខាងខាងជើង ក្នុងបរិវេណ សាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ឱ្យមានឃ្លាំងមួយដោយឡែក នៃសាលាខេត្ត ជាលើកដំបូង ព្រោះតាំងពីមុនមក សាលាខេត្ត តែងតែដាក់ និងស្តុកសម្ភារ: ស្បៀង បរិធានផ្សេងៗ នៅអគារសាលប្រជុំ ឬបន្ទប់ធ្វើការតូចៗ មួយចំនួន ជាបណ្តោះអាសន្ន។ ជាពិសេស ពេលមានស្ថានភាពគ្រាអាសន្ន ដូចជាគ្រោះទឹកជំនន់ ការរីករាលដាល នៃជំងឺកូវីដ ១៩ គ្រោះធម្មជាតិខ្យល់កន្តាក់ គ្រោះរាំងស្ងួត… គឺអំណោយ ឬប្រភពសម្ភារ: ស្បៀងទាំងឡាយ តែងស្តុកបណ្តោះអាសន្ន នៅសាលាប្រជុំ “ក” សាលាខេត្ត , សាលមហោស្រពសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៃស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្ត ឬផ្ញើនៅកន្លែងផ្សេងៗ ៕/V-PC