ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក កែ សួន​សុភាព ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន ខេត្តបន្ទាយមានជ័យ ដែល​បាន​ដឹកនាំ ក្រុមការងារ ចូលរួម​ធ្វើ​ការងារ​សង្គម និង​មនុស្សធម៌ ក្នុង​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដែល​ក្នុង​រយៈពេល ៧​ខែ ដើមឆ្នាំ​២០២២ នេះ បាន​រហូតដល់ ៤៣០ លើក ចំណាយ​អស់​ថវិកា ចំនួន ១០៦.១៦៧.៩០០ រៀល និង ៣៩ .៨៧៩ ដុល្លារ ។​

​លោក ស សុខា ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែល​បាន​លះបង់ ពេលវេលា កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន​ផ្ទាល់ខ្លួន ចូលរួម​ធ្វើ​សកម្មភាព​សង្គម និង​មនុស្សធម៌ បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល ។​

​លោក ស សុខា ថ្លែង​បែបនេះ ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ ។​

​នា​ពិធី​នោះ លោក ស សុខា បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តបន្ទាយមានជ័យ ១០ ចំណុច ដូចខាងក្រោម ៖
១. សូម​បន្ត​រក្សា​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ពី​ព្រោះតែ​ការបែកបាក់​សាមគ្គីភាព​នេះហើយ ដែល​បណ្ដាលឱ្យ​ជាតិ​យើង មាន​សង្គ្រាម មាន​របប​ខ្មែរក្រហម ។ ក៏​ព្រោះតែ​សាមគ្គីភាព នេះហើយ ទើប​ថ្នាក់ដឹកនាំ​យើង កសាង​កម្លាំង​តស៊ូ​វាយ​ផ្ដួលរំលំ​របប​ខ្មែរក្រហម ហើយ​ស្ដារ​ប្រទេសជាតិ​ពី​ចំណុចសូន្យ ក្រោម​ការ​ហ៊ុ​ព័ទ្ធ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច រហូត​បង្កើត​បានការ​បង្រួបបង្រួម​ជាតិ ។ តស៊ូ​រហូត​ទទួល​នូវ​ការគាំទ្រ​ពី​ប្រជាជន ដឹកនាំ​ប្រទេស តាំងពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន និង​បន្ត​សម្រាប់​អនាគត​ទៅមុខទៀត ។
២. ព​ន្លឿ​ន​ការប្រកាស​រចនាសម្ព័ន្ធ​របស់​ក្រុង ស្រុក និង​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ក្រុមការងារ ។​
៣. សូម​បន្ត​រៀបចំ​កម្មវិធី​នានា​ដែល​ជួយ​ដល់​យុវជន និង​ប្រជាជន​ក្នុង​ខេត្តបន្ទាយមានជ័យ ។​
៤. សូម​បង្កើន​ការកសាង​កម្លាំង​ធ្វើ​សកម្មភាព ដើម្បី​យុវជន ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ។​
៥. សូម​ចុះ​ស្វែងយល់​ពី​តម្រូវការ​របស់​យុវជន និង​ប្រជាពលរដ្ឋ ហើយ​រៀបចំ​គម្រោង​តូចៗ ជួយ​ពួកគាត់ ពិសេស​យុវជន​ដែល​បោះបង់​ការសិក្សា ដូចជា ៖ បង្កើត​មុខរបរ​ច​ញ្ចឹ​ម​សត្វ ដាំ​ដុះ​បន្លែ​ផ្លែឈើ ឬ​រក​អ្នកជំនាញ ដើម្បី​ចែករំលែក​បទពិសោធ​បន្ថែម ។​
៦. សហការ​ជាមួយ​យុវជន​នៅតាម​បណ្តា​ប្រទេសជិតខាង ដើម្បី​ចែករំលែក​បទពិសោធន៍ គ្នា​ទៅវិញទៅមក និង​ស្វែងរក​អ្វី​ដែលមាន​ប្រយោជន៍​សម្រាប់​យុវជន​យើង ។​
៧. ត្រៀមលក្ខណៈ​ជាមុន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​មាន​ជំនន់​ទឹកភ្លៀង មិន​ថា​កម្លាំងកាយ​ក្នុងការ​សម្របសម្រួល អាហារ​ខ្ចប់ គ្រឿងឧបភោគ​-​បរិភោគ ថ្នាំពេទ្យ តង់​… បាន​ទាន់ពេលវេលា ។​
៨. សូម​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ត្រៀម​ទៅ​ចុះឈ្មោះ​បោះឆ្នោត នា​ប៉ុន្មាន​ខែ​ខាងមុខនេះ ដើម្បី​មានឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២២ ខាងមុខ ។​
៩.​សូម​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​នានា ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​មាន​ប្រយោជន៍ សម្រាប់​ជីវភាព​ពលរដ្ឋ និង​សិស្ស និស្សិត ។
១០. រាល់​កម្មវិធី​ការងារ​សង្គម ឬ​ការងារ​មនុស្សធម៌ ឬក៏​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ សូម​ផ្ដោតលើ​ព្រះសង្ឃ​ផង ព្រោះ​ព្រះសង្ឃ​ក៏​ជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ប្រទេសជាតិ​ដែរ​៕/V​