ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ «​បេសកកម្មរ​បស់បង​ប្អូន​មន្ត្រី​ក្រសួងបរិស្ថាន គឺជា​ការចូលរួម​គាំទ្រ ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាលខេត្ត រៀបចំ​ភូមិ តាម​គោលការណ៍​នគរូបនីយកម្ម និង​រៀបចំ​សួន​ដំណាំ​មាន​ដើមឈើ​ហូប​ផ្លែ សម្រាប់​ពលរដ្ឋ​ផ្លាស់ប្តូរ​ទីតាំង​លំនៅ​ថ្មី ពី​តំបន់​រមណីយដ្ឋាន​អង្គរ​»​។ នេះ​គឺជា​ការ​ថ្លែង​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​ការបញ្ជាក់​របស់លោក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នេះដែរ ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចុះ​សួរ សុខទុក្ខ និង​ពិនិត្យមើល​ការងារ​ទូទៅ របស់​មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​បងប្អូន សហគមន៍​តំបន់ការពារធម្មជាតិ នៅក្នុង​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​។​

​គួរ​បញ្ជាក់ថា ក្រសួងបរិស្ថាន បានទទួល​ភារកិច្ច​ចូលរួម​គាំទ្រ ដល់​ក្រសួង​រៀបចំ​ដែនដី អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្តសៀមរាប ក្នុង​បេសកកម្ម​រៀបចំ ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​ក្នុងនោះ មានការ​សម្អាត​ផ្ទៃដី និង​ការរៀបចំ​សួន​ដំណាំ ដែលមាន​ការ ដាំ​ដើមឈើ​ហូប​ផ្លែ​នានា សម្រាប់​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ នៅ​តំបន់​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​រុះរើ​។​

​ក្នុង​ពិធី​នេះដែរ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ការចូលរួមរ​បស់បង​ប្អូន ក្នុងការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ប្រជាពលរដ្ឋ នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​យើង ជូន​ទៅដល់​ប្រជាជន ដែល​ត្រូវ​រើ​លំនៅដ្ឋាន មក​រស់​នៅលើ​ភូមិ​រៀបចំ​ថ្មី​។ ក្នុងនោះ​ផងដែរ រាជរដ្ឋាភិបាល និង​រៀបចំ​ហេ​ដ្ឋា​សម្ព័ន្ធ ជូន​ពួកគាត់ ដែល​ក្នុងនោះ ក៏មាន​ការដាំ​ដើមឈើ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដល់​មន្ត្រី​បរិស្ថាន ដែល​បាន​ចូលរួម នៅក្នុង​ការងារ​នេះ ដែល​តម្រូវឱ្យ​រៀបចំ​រយៈ​យូរ ដើម្បី​ធ្វើ​បំពេញបេសកកម្ម​ការងា​រ សម្រាប់​ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ក្រៅពី​ការងារ​ស្នូល បច្ចុប្បន្ននេះ​៕/V​