ដោយ​៖ ដេប៉ូ / ព្រះសីហនុ ៖ យុវ​សិស្ស មកពី​វិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ជើងឯក នៃ​វេទិកា​យុវជន ជជែក​ពិភាក្សា អំពី​បរិស្ថាន​ឆ្នាំ​២០២២​។​

​ពិធី​នេះ​បាន រៀបចំឡើង​ដោយ ក្រសួងបរិស្ថាន សហការ​ជាមួយ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​មានការ​ចូលរួម​គាំទ្រ ពី​អ្នកពាក់ព័ន្ធ​មួយចំនួន វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន ឆ្នាំ​២០២២ បាន​បិទ​បញ្ចប់ ប្រកាស​ជ័យលាភី និង​ជូន​រង្វាន់​ដល់​យុវ​សិស្ស ដែល​មកពី សាលារៀន ចំនួន​៦ ក្នុងចំណោម​សាល​រៀន ចំនួន​១៦ ជ្រើសរើស​សម្រាប់​វេទិកា ឆ្នាំ​២០២២ កាលពី​ថ្ងៃ​សុក្រ​ទី​២៦ ខែសីហា ឆ្នាំ ២០២២ នៅ​ខេត្ត​ព្រះ​ស​សីហនុ ។​

​គួរ​បញ្ជាក់ថា លទ្ធផល​នៃ​ការប្រកួត​គឺ យុ​សិស្ស​មកពី​វិទ្យាល័យ​ហ៊ុន សែន កំពង់សីលា នៃ​ខេត្ត​ព្រះសីហនុ ទទួលបាន​ជ័យលាភី​លេខ​១ ចំណែក​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ខេត្ត​ព្រះសីហនុ ទទួលបាន​ជ័យលាភី​លេខ​២ រីឯ​វិទ្យាល័យ​វិទ្យាល័យ ហ៊ុន សែន បាក់​ខ្លង ទទួលបាន​ជ័យលាភី​លេខ​៣ និង​រង្វាន់​កិត្តិយស បានប្រគល់​ជូន​គឺ វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ និង​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បានចាត់ទុក​ថាៈ វេទិកា​នេះ បាន​លើកទឹកចិត្ត ដល់​យុវជន យកចិត្តទុកដាក់​ត្រងត្រាប់ សិក្សា​ស្រាវជ្រាវ យក​បទពិសោធន៍​ល្អ ដើម្បី​ចែករំលែក​ចំណេះ​ដឺ​ង យ៉ាង​ទូលំទូលាយ ស្តីពី​បរិស្ថាន​នេះ​ផងដែរ និង​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន កាន់តែខ្លាំង ក្នុងចំណោម​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ផ្តល់​ពានរង្វាន់ ដល់​ជ័យលាភី​ទាំងអស់ នាពេលនោះ លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិ​ក្រសួងបរិស្ថាន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វេទិកា​ប្រកួត ដែល​យុវជន បាន​ចូលរួម​ប្រកួត​នេះ គឹ​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ទៅលើ​ការផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន និង​ពិសេស​ការបណ្តុះ​ស្មារតី​ឱ្យ​ស្រឡាញ់​បរិស្ថាន ទៅលើ​ការបង្កើន​ចំណេះដឹង​បរិស្ថាន​។
​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានលើកឡើង​ថាៈ កម្ពុជា​កំពុងមាន​ការរីកចម្រើន ជឿនលឿន ដោយសារ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ ហើយ រាជរដ្ឋាភិបាល ក៏បាន​គិតគូរ​ពី​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព គឺ​សំដៅលើ​ការរីកចម្រើន នៃ​សេដ្ឋកិច្ច ការរីកចម្រើន​នៃ​សង្គមជាតិ និង​ការយកចិត្ត​លើ​សកម្មភាព​មេត្រីភាព​បរិស្ថាន កាន់តែ​ខ្ពស់ជាង​មុន​។​

​លោក រដ្ឋលេខាធិការ បានលើកឡើង​ថាៈ វេទិកា​យុវជន​ជជែក​ពិភាក្សា​បរិស្ថាន គឺជា​មធ្យោបាយ​មួយ ក្នុងការ​ចែករំលែក ព័ត៌មាន​បរិស្ថាន និង​ការស្រឡាញ់​បរិស្ថាន ទៅកាន់​ពលរដ្ឋ​ដទៃទៀត បន្ថែម​លើ​យន្តការ​ផ្សេងៗ​ទៀត ដែល​ក្រសួងបរិស្ថាន បានរៀបចំ​ឡើង ក្នុងការ​បញ្ជ្រាប និង​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន ក្នុងចំណោម ប្រជាពលរដ្ឋ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​ជាពិសេស​នាយកដ្ឋាន​អប់រំ​បរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ ដែល​បាន​ខិតខំ បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន ដើម្បី​លើកកម្ពស់​សកម្មភាព​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​សូម​បញ្ជា​ស់​ថា វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន ឆ្នាំ​២០២២ ជា​លើក​ទី​៤២ និង​ជា​លើក​ទី​១ ដែល​បានរៀបចំ នៅ​ខេត្ត​ព្រះសីហនុ ដែល​បានចាប់ផ្ដើម តាំងពី​ខែមេសា ដល់​ខែសីហា ឆ្នាំ​២០២២ និង​បាន​ចែកចេញជា​បី​វគ្គ គឺ វគ្គ​ណែនាំ វគ្គ​ប្រកួត​ដំបូង និង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​។ វេទិកា​នេះដែរ បានផ្ដល់​ឱកាស​ដល់ យុវជន​សិក្សា​ស្រាវជ្រាវ ស្វែងរក​ទឡ្ហីករណ៍​ថ្មីៗ តាមបែប​វិទ្យាសាស្ត្រ​គាំទ្រ​គោលជំហរ​របស់ខ្លួន ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍​ពី​បណ្តា​វាគ្មិន និង​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន ព្រមទាំង​បាន​ចែករំលែក នូវ​ចំណេះដឹង​ទាំងនោះ ទៅកាន់​សាធារណជន​ទូទៅ​ថែមទៀត ក្នុង​ការចូល​រួមការ​គ្រប់គ្រង បរិស្ថាន​របស់​ប្រទេស​កម្ពុជា នា​ថ្ងៃ​អនាគត កាន់តែ​ល្អប្រសើរ​។​

​យុវ​សិស្ស​មកពី​វិទ្យាល័យ ចំនួន​១៦ នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង បាន​ចូលរួម​ប្រកួត ក្នុង​វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន ឆ្នាំ​២០២២ ហើយ​ក្នុងនោះ វិទ្យាល័យ​ចំនួន​៦ បាន​ឆ្លង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ រួមមាន វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា វិទ្យាល័យ ហ៊ុន សែន មិត្តភាព និង​វិទ្យាល័យ ហ៊ុន សែន ប៉ាក់​ខ្លង ដែល​បាន​ពិភាក្សា លើ​ប្រធាន​ប​បទ​សំខាន់ ចំនួន​៣​គឺ​៖ ប្រធានបទ​ទី​១. ការអប់រំ​បរិស្ថាន នៅ​វត្ត​អារាម មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ​ស្រឡាញ់​បរិស្ថាន ជាង​នៅ​សាលារៀន ។ ប្រធានបទ​ទី​២. សំណល់​ប្លា​ស្ទិ​ក​គឺជា​ប្រភព​ចម្បង នៃ​ការបំពុល​បរិស្ថាន​សមុទ្រ ។ ប្រធានបទ​ទី​៣. ការបង្កើត​មុខរបរ​ឱ្យ​សហគមន៍​មូលដ្ឋាន បាន​ចូលរួមចំណែក​ដល់​ការអភិរក្ស​ជីវៈចម្រុះ​៕/V