​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ស្របពេល​ទឹកស្ទឹង​សែន កំពុង​ហក់​ឡើង​លើស​កម្រិត ប្រកាសអាសន្ន​នោះ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ នេះ អាជ្ញាធរខេត្ត​ព្រះវិហារ បាន​ជូនដំណឹង​ជាបន្ទាន់​មួយ ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​ដងស្ទឹង​សែន មាត់ទន្លេ​មេគង្គ និង​បងប្អូន​ដែល​កំពុង​រស់នៅ តំបន់​ងាយ​រងគ្រោះ ដោយ​ទឹកជំនន់ បង្កើន​ការប្រុងប្រយ័ត្ន និង​រក​ទីទួល​សុវត្ថិភាព ដែល​នៅ​ជិត ជៀសវាង​កើតមាន នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​

​រដ្ឋបាលខេត្ត​ព្រះវិហារ ជូនដំណឹង​ទៅ​បងប្អូន​ពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​ដងស្ទឹង​សែន មាត់ទន្លេ​មេគង្គ និង​បងប្អូន​ដែល​កំពុង​រស់នៅ តំបន់​ងាយ​រងគ្រោះ ដោយ​ទឹកជំនន់ មេត្តា​ជ្រាបថា យោងតាម​សេចក្តីប្រកាស​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​អាកាសធាតុ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ចុះមក​ជាមួយនឹង​សម្ពាធ (ITCZ) ដែល​អូសបន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី កម្រិត​កម្ពស់​មធ្យម​ទៅ​បង្គួរ ។ ស្ថានភាព​បែបនេះ បានធ្វើ​ឲ្យ​ខេត្តព្រះវិហារ ទទួលរង​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​មធ្យម​ទៅ​ខ្លាំង​ជាប់​គ្នា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ធ្វើឱ្យ​ទឹកស្ទឹង​សែន ហក់​ឡើង​ខ្លាំង លើសពី​កម្រិត ប្រកាសអាសន្ន​ទៅទៀត ដែល​គិត​ត្រឹម​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២២ នេះ ស្ទឹងសែន មាន​កម្ពស់ ១១,៦០ ម៉ែត្រ លើសពី​កម្រិត​ប្រកាសអាសន្ន ០,១០ ម៉ែត្រ​។​

​ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​នូវ​គ្រោះមហន្តរាយ ជាយថាហេតុ សូម​បងប្អូន ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ ពិសេស​បងប្អូន ដែល​កំពុង​រស់នៅ​តាម​ដងស្ទឹង​សែន មាត់ទន្លេ​មេគង្គ និង​បងប្អូន​រស់នៅ​តំបន់​ងាយ​រងគ្រោះ ដោយសារ​ទឹកជំនន់ មេត្តា​ប្រុងប្រយ័ត្ន និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ដែល​នៅ​ជិត ជៀសវាង​កើតមាន នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​

​ក្នុងករណី​បងប្អូន ដែល​ជួប​គ្រោះថ្នាក់​ទឹកជំនន់ សូមមេត្តា​រាយការណ៍ និង​ផ្ដល់ព័ត៌មាន ឲ្យ​បាន​ឆាប់​បំផុត ដល់​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត​ជាបន្ទាន់ ដើម្បី​មាន លទ្ធភាព ចាត់វិធានការ​ដោះស្រាយ ការពារ និង​សង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​។​

​រដ្ឋបាលខេត្ត​ព្រះវិហារ សង្ឃឹម​ជឿជាក់ថា បងប្អូន​ពលរដ្ឋ និង​ប្រុងប្រយ័ត្ន បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ស្ថានភាព​កម្ពស់ ទឹកស្ទឹង​សែន និង​ទឹកទន្លេ ដែល​កំពុង​ហក់​ឡើង ជា​បន្តបន្ទាប់​។ ដូច្នេះ​សូម​បងប្អូន​ចូលរួម សហការ​ជាមួយ អាជ្ញាធរ​ដែនដី ក្នុងការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ ដែល​បណ្ដាលមកពី​ជំនន់​ទឹកភ្លៀង នាពេលនេះ ឲ្យ​មាន​ប្រសិទ្ធភាព ៕/V​