ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេ​សចណ៍ (​គណៈកម្មការ​ទី​៧) នៃ​រដ្ឋសភា បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ​ថាៈ ” កុំ​ខ្លាច​ភាពបរាជ័យ បើ​កូន​កសិករ​ម្នាក់ អាច​ក្លាយជា​នាយករដ្ឋមន្ត្រី នោះ ប្អូនៗ​ក៏​អាច​ទទួលបាន​ជោគជ័យ និង​សម្រេច​នូវ​ក្ដី​ស្រមៃ​របស់ខ្លួន​ដែរ ” ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ព្រមទាំង អនុប្រធាន សមាជិក គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ក៏មាន​វត្តមាន នៅក្នុង​ពិធី​នេះដែរ​។​

​លោក ទេព ណាន នាយក​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តបន្ទាយមានជ័យ បានលើកឡើង​ពី​ប្រវត្តិ វឌ្ឍនភាព រចនាសម្ព័ន្ធ ការដឹកនាំ​អនុវត្ត និង​ការឧបត្ថម្ភ គាំទ្រ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល មធ្យមសិក្សា​ឯកទេស​សាធារណៈ (​រដ្ឋ​) មួយ​នេះ ដែល​ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ឬ​ទី​រួម​ខេត្ត ដែល​បច្ចុប្បន្ន មាន​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក​សរុប ២៥ នាក់ / ស្រី ១៤ នាក់ គរុ​សិស្ស ៨៤ នាក់ / ស្រី ៦១ នាក់ ក្នុងនោះ នៅក្នុង​ខេត្តបន្ទាយមានជ័យ ៦៩ នាក់ / ស្រី ៥២ នាក់ និង​មកពី​ខេត្ត​ប៉ៃលិន ១៥ នាក់ / ស្រី ៩ នាក់ ។ ចំពោះ​ការបណ្តុះបណ្តាល ពី​ឆ្នាំ​១៩៨៩ កន្លងមក ដល់​បច្ចុប្បន្ន បាន​គរុ​សិស្ស ចំនួន ៣.៩៨៧ នាក់ / ស្រី ២.០១០ នាក់ ក្នុងនោះ មកពី​ខេត្ត​ប៉ៃលិន ៥៥ នាក់ / ស្រី ៣៤ នាក់ ។​

​លោកនាយក បាន​បន្តថាៈ ក្នុងចំណោម​គរុ​សិស្ស​បច្ចុប្បន្ន ពួកគេ​ស្ម័គ្រចិត្ត​ទាំងអស់គ្នា ចូល​ជា​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក ក​យ ក ទៀតផង ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ គរុ​សិស្ស​ទាំងអស់ នឹង​បាន​ចូល​ក្របខ័ណ្ឌ​រដ្ឋ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ក៏មាន​ប៉ុស្តិ៍ ត្រូវ​ចុះ​ធ្វើ ការ តាម​សាលារៀន រួចស្រេច​ផងដែរ ។ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​ប្តេជ្ញា​បន្ត​អនុវត្តតាម​វីរ​:​ភាព​ដ៏​ថ្លៃថ្លា មគ្គទ្ទេសក៍​ដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​រំដោះប្រទេស ពី​គ្រោះ​ប្រល័យពូជសាសន៍ ការស្តារ អភិវឌ្ឍន៍ ប្រទេស និង​ថែរក្សា​ការពារ​សន្តិភាព កិត្យានុភាព​ជាតិ និង​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ ។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែងថាៈ ពិធី​សំណេះសំណាល​នាពេលនេះ ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដល់​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ចូលរួម​គាំទ្រ ជាមួយ​កិច្ចការ​សង្គម​របស់ គរុ​សិស្ស និង​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្តបន្ទាយមានជ័យ ជាពិសេស ការស្វែងយល់ និង​រៀនសូត្រ​បន្ថែម​ចំពោះ​បញ្ហា និង​បទពិសោធន៍​នានា ដែល​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​ប្អូនៗ បាន​ឆ្លងកាត់​ដោយផ្ទាល់ ក្នុង​កាលៈទេសៈ​កូ​វីដ​១៩ ។​

​លោក​ប្រធាន​គណៈកម្មការ បាន​បន្ថែមទៀតថាៈ “ បើតាម​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរខេត្ត បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ កម្រិត​អភិបាលក្រុង ស្រុក ៧ រូប លើ ៩ រូប ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ សុទ្ធសឹងតែ​កើតចេញពី​គ្រូបង្រៀន​។ ខ្ញុំ​ជឿថា តាមរយៈ​ការខិតខំ ប្រឹងប្រែង​កន្លងមក ប្អូនៗ​ពិតជា​អាចធ្វើ​បាន ហើយ​អាច​សម្រេច​ក្តី​ស្រមៃ និង​ក្លាយជា​បុគ្គល នា​ថ្ងៃ​អនាគត ដែល​ខ្លួន​ប៉ងប្រាថ្នា​។​”

​លោក ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ដល់​ប្អូនៗ​គរុ​សិស្ស​ថាៈ “ សូម​ប្អូនៗ​កុំ​ខ្លាច​ភាព បរាជ័យ ប្រសិនបើ​កូន​កសិករ​ម្នាក់ អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះ ប្អូនៗ​ទាំងអស់គ្នា ក៏​អាច​ទទួលបាន​ជោគជ័យ និង​សម្រេច​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​បាន​ដូចគ្នា​ដែរ ។​”

​សូមជម្រាបថា ក្រៅពី​ការ​សំណេះសំណាល លោក ហ៊ុន ម៉ា​នី មាន​ផ្តល់ឱកាស ដល់​អ្នកចូលរួម ដែលជា​លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស​ទាំងអស់ បាន​ចែករំលែក បទពិសោធន៍ និង​ស្ថានភាព​ផ្សេង នៃ​ការរៀន និង​បង្រៀន ជាពិសេស​ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដើម្បី​បន្ត​នាំយក​ស្ថានភាព តាម​បណ្តា​ភូមិសាស្ត្រ​នានា ទូទាំងប្រទេស រាយការណ៍​បន្ត​ជូន​ថ្នាក់ដឹកនាំ ហើយ​ឈានដល់​ការស្វែងរក​ដំណោះ ស្រាយ​ត្រឡប់មកវិញ ។​

​ក្នុងឱកាស​នោះ ក៏មាន​មតិ​លើក​ពីបទ​ពិសោធន៍ ការ​ប្រឈម​របស់​គណ​:​គ្រប់គ្រង សាស្ត្រាចារ្យ​ផងដែរ ៕/V​