ដោយ​: ជា សីហៈ / ភ្នំពេញ​: ទោះបី​ជាមាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទីក្រុង​សៀមរាប​ក្តី ប៉ុន្តែ​ប្រាសាទបន្ទាយ​សំ​រ៉ែ ជា​ប្រាសាទ​មួយ​ដែល​ស្ងប់ស្ងាត់​មិនសូវមាន​ភ្ញៀវទេសចរ​ទៅដល់​ឡើយ​។

​ប្រាសាទ​នេះ ជា​ប្រាសាទ​ដ៏​ស្រស់ស្អាត​មួយ​នៅ​ខេត្តសៀមរាប ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​បណ្តោយ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឯក​សារបាន​បង្ហាញថា ប្រាសាទ​នេះ កសាងឡើង​ដោយមាន​រចនាបថ​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត នៅ​សតវត្ស​ទី​១២ ក្នុងអំឡុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (១១១៣-១១៥០) ហើយ​បានបញ្ចប់​នៅក្នុង​រជ្ជកាល នៃ​ស្ដេច​យ​សោ​វរ្ម័នទី​២ (១១៥០-១១៦៥)​។

​មិនមាន​សិលាចារឹក​ត្រូវបាន​គេ​រកឃើញ​អំពី​ប្រាសាទ​នេះ​នៅឡើយ​ទេ តែមាន​អ្នកស្រាវជ្រាវ​ជាច្រើន បាន​អះអាង​អំពី​ឈ្មោះ នៃ​ប្រាសាទ​នេះ​ថា ជា​បន្ទាយ​សំ​រ៉េ​។
​ឯក​សារបាន​បង្ហាញថា កាលពី​ដើមឡើយ គឺមាន​ជនជាតិ សំ​រ៉េ រស់នៅក្នុង​តំបន់​កសាង​ប្រាសាទ​នេះ ពិតមែន​។

​ប្រាសាទ​នេះ មាន​តម្កល់​ប្រអប់​ថ្ម​មួយ មាន​រាង​ដូច​ក្ដារ​មឈូស នៅ​ចំ​កណ្ដាល​ប្រាសាទ​ដែល​ស្រដៀង​គ្នា​ទៅនឹង​មឈូស​ថ្ម ដែល​រកឃើញ​នៅ​ប្រាសាទអង្គរវត្ត រហូត​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ប្រាសាទបន្ទាយ​សំ​រ៉េ គឺជា​កន្លែង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ រាជវង្សានុវង្ស​ខ្មែរ នា​សម័យ​មហានគរ ប៉ុន្តែ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ឡើយ​៕​