ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានអះអាងថា បច្ចុបន្នប្រជាពលរដ្ឋបានប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃ។ដោយឡែកសម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋក៏បានប្រើប្រាស់ប្រាក់រៀលប្រមាណ ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃដែរ។

នេះការបញ្ជាក់របស់លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារ
ជាតិនៃកម្ពុជា ក្នុងឱកាសដែលលោកស្រីនិងលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល នៅខេត្តកំពត នៅទី២៧ ខែសីហាឆ្នាំ ២០២២ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញនិងលើក
កម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត ជា សិរី បានបន្តថាសម្រាប់ខេត្តកំពត តាមទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០ភាគរយនៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០ភាគរយធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញ​បានកើន ៤៧ភាគរយ។


លោកស្រីបានមានប្រសាសន៍ទៀតថា ការចរាចរណ៍ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជាដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូងការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជាដើរថយក្រយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ចនិងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។ ប៉ុន្តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ «រាជរដ្ឋាភិបាលនិងធនាគារជាតិនៃ
កម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ហើយការអនុវត្តគោលនយោបាយទាំងនេះគួបផ្សំនឹងការចូល​រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈ​​ដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការនិងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀ​ល»។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេ​ដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិ​ប​ណ្ឌិ​តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។

ចំណែកលោកស្រីយូ សុគន្ធ អភិបាលរងអភិបាលខេត្តកំពត បានថ្លែងថាការចាយវាយប្រាក់រៀលនៅខេត្តកំពតពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ បើទោះបីជាខេត្តកំពតជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស។ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុន​​-សហគ្រាស ដែលមានវត្តមាននៅក្នុងខេត្តកំពត ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកស្រីអភិបាលរងបានបញ្ជាក់ដែរថា៖ «សេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក»៕សរន