​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ការប្រកួត​បាល់ទះ​មួយ ដែល​ឃើញ​ក្រុម​កីឡាការិនី​ជម្រើស​ជាតិចិន​ប្រកួត​ទាំង​ពាក់​ម៉ាស N95 បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ចិន​។​

​អ្នកលេង​អ៊ីនធឺណិត​ជាច្រើន​បាន​សម្ដែង​ការ​ខឹងសម្បា ដោយ​លើកឡើង​ថា សុខភាព​របស់​កីឡាការិនី​ត្រូវបាន​ពលី​ដើម្បី​តែ​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់​ប្រទេស​។​

​ក្រោយមក កីឡាការិនី​ចិន​បាន​ដោះ​ម៉ាស់​ចេញ​សម្រាប់​សិតទី​២ ហើយ​បាន​បន្ត​ឈ្នះ​ការប្រកួត​។​

​ក្រោយមក​សមាគម​បាល់ទះ​ចិន​បាន​សុំទោស ដោយ​និយាយ​ថា​ការសម្រេចចិត្ត​ត្រូវបាន​ធ្វើ​ឡើង​ដោយសារតែ “​ខ្វះ​បទពិសោធន៍​”​។​

​ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​តែ​រិះគន់ ដោយ​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​និយាយថា​វា​ជា​ឧទាហរណ៍​មួយ​នៃ​មន្ត្រី​ដែល​យក​ការពាក់​ម៉ាស់​ជា​ចាំបាច់​របស់​ចិន “​ទៅ​ហួស​ឆ្ងាយ​ពេក​”​។​

​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ទៀត​បាន​សរសេរថា “​អ្នក​ដឹកនាំ​របស់​យើង​កំពុងតែ​យក​រឿង​នេះ​ទៅ​ហួស​ឆ្ងាយ​ពេក​ហើយ​។ និយាយ​ឱ្យ​សាមញ្ញ​គឺ​វា​ចឹង​”​។​

​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​សីហា​ក្នុង​ព្រឹត្តិការណ៍ Asian Cup ក្នុងប្រទេស​ហ្វីលីពីន ហើយ​ឃើញ​ក្រុម​ចិន​ឡើង​ទៅ​ប៉ះ​អ៊ីរ៉ង់​។​

​រូបថត​ពី​ការប្រកួត​ដែល​បង្ហាញ​អត្ត​ពលិក​ពាក់​ម៉ាស់​បាន​ល្បី​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្តាញ​សង្គម ដែល​បង្ក​ឱ្យ​មាន​ការរិះគន់​មិន​ធម្មតា​នៅ​លើ​អ៊ីនធឺណិត ដោយ​មាន​អ្នក​ចូល​មើល​ជាង ១៦​លាន​ដង​​លើ​ប្រធានបទ​នេះ​នៅលើ​វេបសាយ Weibo ដែល​ជា​វេទិកា​បណ្តាញ​សង្គម​ដ៏​ធំ​បំផុត​របស់​ចិន​។​

​មតិ​មួយ​នៅលើ Weibo បានសរសេរថា “​តើ​សុខភាព​ឬ​ការប្រកួត​មួយណា​សំខាន់​ជាង​? យើង​ត្រូវ​ទទួលខុសត្រូវ​ខ្លះ​ចំពោះ​អត្ត​ពលិករ​បស់​យើង​”​។​

​ម្នាក់​ទៀត​បាន​និយាយថា “​តើ​អ្វី​ដែល​គេ​ហៅថា​ការបង្ការ​ជំងឺ​រាតត្បាត​នឹង​បន្ត​ទៅ​មុខ​យូរ​ប៉ុន​ណា​ទៀត​? តើ​យើង​ចង់​ក្លាយជា​រឿង​កំប្លែង​របស់​ប្រទេស​ផ្សេង​ទៀត​មែន​ទេ​?”៕

​កីឡាការិនី​ចិន​ពាក់​ម៉ាស់​លេង​បាល់ទះ​ជាមួយ​អ៊ីរ៉ង់​នៅ​ហ្វីលីពីន