​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ស្ករ​គ្រាប់ Everton បានបញ្ចប់​ការចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ នៀល មូ​ផេ (Neal Maupay) ពី​គូប្រជែង Brighton ក្នុង​ក្របខ័ណ្ឌ Premier League ក្នុងតម្លៃ​មិន​បង្ហាញ​។​

​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ស្ករ​គ្រាប់​ក្នុង​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ ដោយ​រក្សា​រូបគេ​នៅ​ក្លិប​រហូតដល់​ឆ្នាំ ២០២៥​។​

​មូ​ផេ​បាន​ស៊ុត​បញ្ចូល​ទី ២៦ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១០២ លើក​សម្រាប់ Brighton ដោយ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុម​រំពេរ​សមុទ្រ​នេះ​ក្នុងតម្លៃ ១៦ លាន​ផោន​ពី Brentford ក្នុង​ឆ្នាំ ២០១៩ ។​

​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​និយាយថា “Everton គឺជា​ក្លិប​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​អ្នកគាំទ្រ​មិន​គួរ​ឱ្យ​ជឿ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​មក​ទីនេះ​”​។​

“​វា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​។ វា​ជា​ជម្រើស​ដ៏​ងាយស្រួល​សម្រាប់​ខ្ញុំ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​និយាយ​ជាមួយ​ក្លិប​។ ខ្ញុំ​ដឹង​ភ្លាមៗ​ថា​ខ្ញុំ​ចង់​លេង​ឱ្យ Everton និង​ជួយ​ក្លិប​ឱ្យ​ទទួលបាន​ជោគជ័យ​។ ខ្ញុំ​រំភើប ហើយ​វា​ជាការ​ប្រជែង​ថ្មី​សម្រាប់​ខ្ញុំ​”៕

​ខ្សែ​ប្រយុទ្ធ នៀល មូ​ផេ ផ្ទេរ​មក Everton ពី Brighton