ដោយៈប.ខុុន/ភ្នំពេញៈការសាងសង់ផ្លូវបេតុងលើខ្នងទំនប់អាងត្រពាំងថ្មដោយប្តូរពីគម្រោងចាក់កៅស៊ូមកចាក់បេតុងកម្រាស់០.២ម៉ែត្រទទឹង៦ម៉ែត្រនិងមានប្រវែងសរុប២១គីឡូ ម៉ែត្រជំនួសវិញ ដោយមកដល់ពេលនេះអនុវត្តបានប្រវែងបួនគីឡូម៉ែត្រទទឹង ៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ)ហើយ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ថាការស្ថាបនាផ្លូវបេ តុងឆ្អឹងដែកលើផ្លូវទំនប់អាងត្រពាំងថ្មគិតមកដល់ថ្ងៃនេះ (២៧សីហា)អនុវត្តបានប្រវែង៤គីឡូម៉ែត្រទទឹង៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ) កម្រាស់០,២ម៉ែត្រ។ផ្លូវដែលត្រូវចាក់បេតុងនេះមានប្រវែង២១គីឡូម៉ែត្រទទឹង៦ម៉ែត្រ។

ប្រធានមន្ទីរខាងលើបញ្ជាក់ថាការងារធ្វើគ្រឹះផ្លូវ ចងដែកនិងវាយពុម្ព ដំណើរការដោយរលូតតែមានយឺតយ៉ាវផ្នែកចាក់បេតុងដោយសារមានភ្លៀងធ្លាក់ច្រើនញឹកញាប់ស្ទើររាល់ថ្ងៃធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនបេតុងមកពីឆ្ងាយមូលហេតុរថយន្តមិនអាចធ្វើចរាចរនៅពេលមានភ្លៀងផ្លូវដីរអិលនិងជាប់ផុង។គម្រោងសាងផ្លូវបេតុងនេះត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាណល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែរទាំងផ្លូវនិងទំនប់របស់អាងទឹក។ គម្រោងនេះពីដំបូងត្រូវចាក់ក្រាលកៅស៊ូទេ។

គម្រោងសាងសង់ផ្លូវខាងលើជាបន្ទាន់ដោយក្រសួងធនធានទឹកនិងឧតុនិយមនេះបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ   ជាពិសេសអ្នករស់នៅនិងប្រើប្រាស់ផ្លូវនេះផ្ទាល់បានស្នើសុំសម្តេចតេជោនៅក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិនៅអាងត្រពាំងថ្មកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះរួចមក។ គម្រោងខាងលើនេះតាមពិតត្រូវចាក់កៅស៊ូតាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារមានការប្រទាញប្រទង់គ្នាជាមួយនឹងស្ថាប័នជំនាញផ្សេងទៀតទើបធ្វើឱ្យការសាងសង់ផ្លូវនេះខកខានរហូតដល់ពេលនេះ៕សរន