ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោក ព្រុំ គ​ន្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប លោក Vijitr Sittiawin ប្រធាន​សហព័ន្ធ​កីឡា ទ្រី​យ៉ា​ត្លុង​ថៃឡង​ដ៍ និង​ជា​ប្រធាន​សហព័ន្ធ​អាស៊ី លោកស្រី ម៉ក់ វណ្ណ​ស៊ីថា អនុប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​អញ្ជើញ ចូលរួម​ពិធី​បិទ វគ្គ​បណ្តុះបណ្តាល បច្ចេកទេស​កីឡា​ទ្រី​យ៉ា​ត្លុង នៅ​ខេត្ត​កែប ។​

​លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ឲ្យ​ដឹងថាៈ ក្រោម​គម្រោង​ថវិកា​គាំទ្រ អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ ឆ្នាំ​២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡា​ទី​យ៉ា​ត្លុង​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប បើក​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេកទេស កីឡា​ទ្រី​យ៉ា​ត្លុង ចាប់ពី​ថ្ងៃទី ២៣-២៧ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្ត​កែប ដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ និង​ជា​គណៈកម្មការ បច្ចេកទេស រៀបចំ​ការប្រកួត បង្កើន​សមត្ថភាព​បន្ថែមទៀត ត្រៀមខ្លួន​សម្រាប់ SEA GAMES ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​រប​ស់លោក Vijitr Sittiawin ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ថៃឡង​ដ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទី​យ៉ា​ត្លុង​អាស៊ី​។ លោក​ប្រធាន បានមក​ចូលរួម ដើម្បី​ជួយ​បង្ហាត់បង្រៀន ដល់​គណៈកម្មការ រៀបចំ​ការប្រកួត និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ និង​ពិនិត្យមើល​ទីតាំង ភូមិសាស្ត្រ​ជាក់ស្ដែង ដើម្បី​រៀបចំ​ទីលាន​ប្រកួត ឲ្យ​ស្របតាម​ស្ដង់ដារ ប្រកួត​កីឡា SEA GAMES ។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចំនួន ៣០ នាក់ ជា​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​មន្ត្រី គ្រូ ខេត្ត​កែប ដោយ​ផ្តោតទៅលើ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្ដែង គឺ Technical Handbook 2023 និង Technical Corrimittee -​ការអនុវត្ត ៖ ការអនុវត្ត​ជាក់ស្ដែង គឺ​យើង​អនុវត្ត​នៅ​ឆ្នេរសមុទ្រ ។ ការសិក្សា​ផ្ដោតជាសំខាន់ ទៅលើ Technical Handbook 2023 និង Technical Cormittee វា​មាន​សារសំខាន់​ណាស់ ដើម្បីឱ្យ​អត្ត​ព​លិ​ក និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត យល់ច្បាស់​ពី ច្បាប់​ប្រកួត​អន្តរជាតិ ឬ SEA GAMES ជៀសវាង​ការយល់​ខុស ឬ​មិនបាន ដឹង​ពី​ច្បាប់​ប្រកួត ការរៀបចំ​ប្រកួត ក្នុងនាម​យើង​ជា​ម្ចាស់ផ្ទះ ត្រូវតែ​ស្វែងយល់ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​តាម​បទដ្ឋាន​អន្តរជាតិ​៕/V​