​ដោយៈ សុផល / ភ្នំពេញ​: នៅក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​សាកលវិទ្យាល័យ​ជាតិ មានជ័យ នា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន​ថ្លែង​ទៅកាន់​យុវជន ដែលជា​សមាជិក ស​.​ស​.​យ​.​ក​. ទើបតែ​បញ្ចូល​ថ្មី​ថាៈ «​មាគ៌ា​ជីវិត​ត្រូវ​ឆ្លងកាត់​ការសាកល្បង សព្វបែបយ៉ាង ទោះ​អ្នកណា​ថា​អ្វី​ក៏​ថា​ចុះ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​សម្រេច​ក្ដី​ស្រមៃ និង​បំណងប្រាថ្នា​របស់​យើង​» ។​

​ក្នុងន័យនេះ លោក​ចង់បង្ហាញ​ឱ្យ​ប្អូនៗ​យុវជន មានការ​តស៊ូ ហ៊ាន​សម្រេច​នូវ​ក្ដី​ស្រមៃ របស់ខ្លួន​ឱ្យទទួល​បាន​ជោគជ័យ បើទោះបីជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវ​ឆ្លងកាត់​ការសាកល្បង និង​ដកស្រង់​បទពិសោធន៍ សព្វបែបយ៉ាង ទោះបីជា​យើង ទទួលបាន​ការរិះគន់ ក្នុង​កម្រិត​ណាមួយ​ក៏ដោយ តែ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​សម្រេច​ក្តី​ស្រមៃ នាពេលខាងមុខ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ហ៊ុន ម៉ា​នី បាន​សំដែង​នូវ​ការ​កោតស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន ដោយ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង របស់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ដែល​សម្រេចបាន​នូវ​ជា​បន្តបន្ទាប់ និង​ឆាប់រហ័ស យោងតាម​ការបញ្ជាក់ ក្នុង​របាយការណ៍ ក៏ដូចជា​ការលើកឡើង​របស់ លោក ហ៊ឹ​ល សុធា ប្រធាន​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​. ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ៕/V​