​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ពានរង្វាន់​ក្នុងស្រុក​ចំនួន ២ ផ្សេង​ពីគ្នា ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​ស៊ី​ហ្គេម ឆ្នាំ​២០២២ នៅ​វៀតណាម ដើម្បី​ផ្ដល់ឱកាស ដល់​កីឡាករ ជាពិសេស​ត្រៀមខ្លួន​ចូលរួម ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក ស សុខា អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​មានប្រសាសន៍ថាៈ ការបង្កើត​ពានរង្វាន់​ទាំងនេះ​ឡើង ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​ផ្ដល់ឱកាស ឲ្យ​កីឡាករ​របស់​យើង មានការ​ប្រកួតប្រជែង ដកស្រង់​បទពិសោធន៍​សមត្ថភាព ហើយ​ជាពិសេស ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​របស់​យើង ធ្វើជា​ម្ចាស់ផ្ទះ​។​

​ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​បើកឱកាស​ឲ្យ​ក្រុមការងារ របស់​សហព័ន្ធ បង្កើតពាន​នេះ​ឡើង ហើយ​ប៉ុន្មាន​ខែ​មុននេះ យើង​ក៏បាន​បញ្ចប់​ពាន សម្តេច​ក្រឡាហោម ហើយ​យើង​នឹង​គ្រោង​បង្កើតពាន​មួយទៀត គឺ​ពាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅពេល​ឆាប់ៗ ខាងមុខនេះ​។​

​ថ្មីៗ​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ ជា​លើកដំបូង ក្នុង​ប្រ​​វ​ត្តិ​សាស្ត្រ នៃ​ការចូលរួម​ប្រកួត​ស៊ី​ហ្គេម លើ​ប្រភេទ​កីឡាបាល់ទះ​បុរស ក្នុង​សាល លោក ស សុខា សម្ដែង​ការ​ជឿជាក់ថា នឹង​អាច​សម្លឹង​ឃើញ​កីឡាករ មាន​គុណភាព​បន្ថែមទៀត ដើម្បី​ចូល​ក្រុម​ជម្រើសជាតិ តាមរយៈ​ការចូលរួម​ប្រកួត ក្នុង​ពានរង្វាន់​នេះ​។​

​ប្រភេទ​កីឡាបាល់ទះ នៅក្នុង​តំបន់​អាស៊ាន​របស់​យើង ហើយ​ជាពិសេស ចុងក្រោយ​នេះ កម្ពុជា​ទទួលបាន​ភាព​អស្ចារ្យ លើសលប់​ដែល​មិន​នឹកស្មាន​ដល់ ដោយ​ដណ្ដើមបាន ចំណាត់ថ្នាក់​លេខ​៣ ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ហាណូយ ហើយ​កីឡា​ស៊ី​ហ្គេម មួយ​នេះ គឺជា​ម៉ែត្រ​វាស់​ដ៏​សំខាន់ ដែល​កម្ពុជា​របស់​យើង ក្នុងនោះ នឹងដាក់​ប្រភេទ កីឡាបាល់ទះ នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ដែល​ចាប់ផ្ដើម នៅក្នុង​អំឡុង​ខែឧសភា នា​ឆ្នាំ​ក្រោយនេះ​។​

​ការបង្កើត​កម្មវិធី​ប្រកួត​បែបនេះ នឹង​អាច​ស្វែងរក​នូវ​កីឡាករ ដែលមាន​គុណភាព​ខ្ពស់​ ​ដើម្បី​បម្រើ​ជាតិ ក្នុង​វិស័យ​កីឡាបាល់ទះ​។ ជាមួយនឹង​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ លើកដំបូង មេដាយមាស នៅតែ​ជា​គោលដៅ​ចម្បង​របស់ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ បើ​យើង​ខិតខំ​ប្រឹងប្រែង យើង​នឹងមាន​គុណភាព​ខ្ពស់ ហើយ​ជាពិសេស នឹង​អាច​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៣ (Top 3) ។​

​ប្រភេទ​កីឡាបាល់ទះ ស្ថិតនៅក្នុង​ចំណោម​កីឡា​ទាំង ៣៩ ប្រភេទ បូករួម​កីឡា​សម្ដែង ១​ប្រភេទ ដែល​នឹង​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ សម្រាប់​កម្ពុជា​។ បាល់ទះ ត្រៀម​វិញ្ញាសា​៤ គឺ​បាល់ទះ​ក្នុង​សាល (​បុរស​-​នារី​) និង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ (​បុរស​-​នារី​)៕/V​