​ប្រែ​សម្រួលៈ​បំណង​(​បំណង​)៖ ការប៉ះទង្គិច​រវាង​អ្នកគាំទ្រ​នៃ​រដ្ឋាភិបាល​លី​ប៊ី​ប្រជែង​គ្នា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៣​នាក់​និង​បំផ្លាញ​មន្ទីរពេទ្យ​ចំនួន​ប្រាំមួយ​នៅ​ក្រុង​រដ្ឋធានី​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​សីហា ដោយ​បង្ក​ការព្រួយបារម្ភ​ថា វិបត្តិ​នយោបាយ​មួយ​អាច​រាលដាល​ទៅ​ជា​ជម្លោះ​ប្រដាប់អាវុធ​ធំថ្មី​មួយ​។​

​ការបាញ់​គ្នា​ដោយ​កាំភ្លើង​វែង​និង​ការ​ផ្ទុះបានធ្វើអោយ​កក្រើក​សង្កាត់​ជាច្រើន​ក្នុង​រដ្ឋធានី​របស់​លី​ប៊ី​កាល​ពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​សៅរ៍ នៅពេល​ផ្សែង​ត្រូវបាន​គេ​មើលឃើញ​ហុយ​ចេញ​ពី​អា​គារ​ដែល​​ខូចខាត​។​តែ​ភាពស្ងប់ស្ងាត់​បែប​ប្រុង​ជើងការ​រៀងខ្លួន​បាន​វិល​មក​កាន់​ទីក្រុង​នេះ​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ប្រមុខ​រដ្ឋាភិបាល​នៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី លោក​អាប់​ឌុល​ហា​មី​ដ ដ្បេ​បា​(Abdulhamid Dbeibah)​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​រូប​លោក​ជាមួយនឹង​អង្គរក្ស​ច្រូងច្រាង​និង​ពួក​យុទ្ធជន​ដែល​អបអរ​​លោក​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​មនុស្ស​២៣​នាក់​ត្រូវបាន​សម្លាប់​និង​១៤០​នាក់​រងរបួស​ក្នុងការ​ប្រយុទ្ធ​គ្នា រី​ឯ​មន្ទីរពេទ្យ​ចំនួន​ប្រាំមួយ​រង​ការវាយប្រហារ​ហើយ​រថ​យន្ត​ពេទ្យ​មិនអាច​​ទៅដល់​កន្លែង​មានការ​ប៉ះទង្គិច​គ្នាទេ​។​

​សូមបញ្ជាក់​ថា​រដ្ឋបាល​ប្រជែង​គ្នា​ពីរ មួយ​តាំង​នៅក្នុង​រដ្ឋធានី​ទ្រី​ប៉ូ​លី និង​មួយទៀត​អនុម័ត​ដោយ​សភា​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស​កំពុង​ដណ្តើម​គ្នា​គ្រប់គ្រង​ប្រទេស​នៅ​អាហ្វ្រិក​ខាងជើង​មួយ​នេះ និង​​ប្រភព​ធនធាន​ប្រេង​មហាសាល​របស់វា ។​

​ស្ថាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិប្រចាំលីប៊ី ក្នុងពេល​ជាមួយគ្នា​បាន​អំពាវនាវ​អោយមាន​ការឈប់​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​មួយ នៅពេល​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​លី​ប៊ី​បាន​និយាយថារដ្ឋាភិបាល​ទីក្រុ​​ង​វ៉ាស៊ីនតោន​ថ្កោលទោសកំណើន​នៃ​អំពើហិង្សានេះហើយ​ទទូច​សុំ​អោយ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ជា​បន្ទាន់​និងធ្វើ​ការពិភាក្សា​រវាង​ភាគី​ជម្លោះ​ក្រោម​ការសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​៕

​ការបាញ់​គ្នា​ដោយ​កាំភ្លើង​វែង​និង​ការផ្ទុះ​បានធ្វើអោយ​កក្រើក​សង្កាត់​ជាច្រើន​ក្នុង​រដ្ឋធានី​ទ្រី​ប៉ូ​លីកាលពីថ្ងៃសៅរ៍​។​ការ​ប៉ះទង្គិច​គ្នា​នេះ​កើតឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​អស់​ពេល​រាប់​ខែ​រវាង​រដ្ឋបាល​ប្រជែង​គ្នា​នៅក្នុង​​ប្រទេស​នៅ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​