​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ យោងតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គិត​ត​ចាប់​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ ស្វែងរក​ជនបរទេស ចំនួន ៤ ករណី ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស ដើម្បី​បំរើកា​រងារ​ឱ្យ​ក្រុមហ៊ុន នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះសីហនុ​។​

​ករណី​ទី​១ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣ និង​៣០​នាទី ដោយ​អនុវត្តតាម​បណ្ដឹង រាយការណ៍​ចូល​ប្រព័ន្ធ Hotline ក្រុមការងារ​សម្ដេច ក្រឡាហោម ស ខេង កម្លាំង​ជំនាញ​នៃ ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​រំដោះ​បាន​ជនរងគ្រោះ ចំនួន​១​នាក់ ជា​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ KHOO AI LEE អាយុ ២៧ ឆ្នាំ ពី​ក្នុង​ក្រុមហ៊ុន​មួយកន្លែង ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ ជនរងគ្រោះ បានឱ្យដឹងថា ខ្លួន​ត្រូវបាន​គេ​ចាប់ បង្ខាំង​ដោយ​ខុសច្បាប់ ប្រើ​ហិង្សា កំហែង​យក​ជួញដូរ​កម្លាំង​ពលកម្ម និង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់​។ ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ជនជាតិ​ចិន ចំនួន ៨ នាក់ ជា​បន្តបន្ទាប់ ក្នុងនោះ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​បាន អាវុធខ្លី ម៉ាក ZORAKI ចំនួន​១​ដើម ។

​សមត្ថកិច្ច បាន​បន្ត​ស្រាវជ្រាវ​ពី​ប្រភព​អាវុធខ្លី​នោះ រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ១ និង​៣០ នាទី រំលងអធ្រាត្រ បាន​ឈានដល់​ការស្រាវជ្រាវ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​អាវុធ បាន​ចំនួន ៣ នាក់ ភេទ​ប្រុស (​ខ្មែរ​២​នាក់ ចិន​១​នាក់​) និង​ដកហូត​បាន​វត្ថុតាង អាវុធ​មួយចំនួន បន្ថែមទៀត​។ ក្នុងករណីនេះ កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ សរុប​បាន​ចំនួន ១១ នាក់ ភេទ​ប្រុស (​ជនជាតិ​ចិន ៩ នាក់ និង ជនជាតិខ្មែរ ២ នាក់​) ។​

​វត្ថុតាង​ដកហូត​បានរួម​មាន អាវុធ​វែង ២ ដើម ម៉ាក PPSH41 និង​ម៉ាក កាលី​ត​ឌូ “KARATAY” បង់​ត្រឡោក ចំនួន​១, បង់​អាវុធ​វែង AK ចំនួន​១, អាវុធខ្លី​ចំនួន ៤​ដើម ម៉ាក ZORAKI ចំនួន ៣ ដើម និង​ម៉ាក SIG SAURER ១​ដើម គ្រាប់កាំភ្លើង សរុប​ចំនួន ២៦៥ គ្រាប់​, រថយន្ត​ចំនួន ៤ គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​។ ដោយឡែក ជនរងគ្រោះ បាន​សំណូមពរ​ឱ្យ​ជនសង្ស័យ សង​ប្រាក់​វិញ និង​ចង់​ត្រឡប់ ទៅ​ប្រទេស​កំណើត​វិញ​។ ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​ការស្រាវជ្រាវ តាម​នីតិវិធី​ជំនាញ ដើម្បី​ស្វែងរក​បក្ខពួក ដែល​នៅ​សេសសល់ កំពុង​រត់គេចខ្លួន និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ។​

-​ករណី​ទី​២ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១១ និង​៤០​នាទី ដោយ អនុវត្តតាម​បណ្ដឹង​រាយការណ៍ ចូល​ប្រព័ន្ធ Hotline ក្រុមការងារ​សម្ដេច ក្រឡាហោម ស ខេង កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ រំដោះ​បាន​ជនរងគ្រោះ ចំនួន ៣ នាក់ ជា​ជនជាតិ​ម៉ាឡេស៊ី ភេទ​ប្រុស នៅ​ក្រុមហ៊ុន មួយកន្លែង ស្ថិតនៅ​ភូមិ​១ សង្កាត់ ៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ធ្វើការ​ឃាត់ខ្លួន អ្នកគ្រប់គ្រង​១​នាក់ ភេទ​ប្រុស ជនជាតិ​ម៉ាឡេស៊ី យកមក​ធ្វើការ​សាកសួរ​។

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ សាកសួរ​ជនរងគ្រោះ និង​អ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះ មិនមែនជា​ករណី​បង្ខាំង ឬ​ជួញដូរ​មនុស្ស ដោយ​ខុសច្បាប់​នោះទេ ដោយ​ជនរងគ្រោះ បាន​ចូលធ្វើការ នៅក្នុង​ក្រុមហ៊ុន​ជាធម្មតា តែ​ដោយ​គាត់​មិន​ពេញ​ចិត្តនឹង​ការងារ និង​មិនអាច​ចេញ​ដើរហើរ ទៅខាង​ក្រៅ​ក្រុមហ៊ុន ដោយ​សេរី​បាន ទើប​ពួកគាត់​ប្តឹង​ស្នើសុំ ឱ្យ​យក​ពួកគាត់​ចេញពី​ក្រុមហ៊ុន ដែល​ពួកគាត់ កំពុងធ្វើការ ដើម្បី​អាច​ត្រឡប់​ទៅ​ប្រទេស កំណើត​វិញ​។​

-​ករណី​ទី​៣ ដោយ​អនុវត្តតាម​បណ្ដឹង​រាយការណ៍​ចូល​ប្រព័ន្ធ Hotline ក្រុមការងារ សម្ដេច​ក្រឡាហោម ស ខេង កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ព្យាយាម ធ្វើការ​ស្រាវជ្រាវ និង​ទាក់ទង​ទៅ​អ្នក​ដែល​បាន​ប្ដឹង ដើម្បី​ទទួលបាន ពត៌មាន​បន្ថែម អំពី​ទីតាំង​របស់​ជនរងគ្រោះ តែ​មិនមាន​ការឆ្លើយតប (​សា​ម៉ី​ខ្លួន​ព្យាយាម មិន សហការ​ជាមួយ​សមត្ថកិច្ច​) កម្លាំង​ជំនាញ កំពុង​បន្ត​ការស្រាវជ្រាវ​។​

-​ករណី​ទី​៤ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​១៥​នាទី ដោយ អនុវត្តតាម​បណ្ដឹង​រាយការណ៍ ចូល​ប្រព័ន្ធ Hotline ក្រុមការងារ​សម្ដេច ក្រឡាហោម ស ខេង កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ រំដោះ​បាន​ជនរងគ្រោះ ចំនួន ៥ នាក់ (​ស្រី​១​នាក់​) ជា​ជនជាតិ​ម៉ាឡេស៊ី នៅ​ក្រុមហ៊ុន មួយកន្លែង ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ធ្វើការ​ឃាត់ខ្លួន អ្នកគ្រប់គ្រង ១​នាក់ ភេទ​ប្រុស ជនជាតិ​ម៉ាឡេស៊ី យកមក​ធ្វើការ​សាកសួរ​។

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ សាកសួរ​ជនរងគ្រោះ និង​អ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះ មិនមែនជា​ករណី​បង្ខាំង ឬ​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់ នោះទេ ដោយ​ជនរងគ្រោះ បាន​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ជាធម្មតា តែ​ដោយ​គាត់​មិន​ពេញ​ចិត្តនឹង​ការងារ និង​មិនអាច​ចេញ​ដើរហើរ​ទៅខាង​ក្រៅ​ក្រុម ហ៊ុន​ដោយ​សេរី​បាន ទើប​ពួកគាត់​ប្តឹង​ស្នើសុំ ឱ្យ​យក​ពួកគាត់​ចេញពី​ក្រុមហ៊ុន ដែល​ពួកគាត់​កំពុងធ្វើការ ដើម្បី​អាច​ត្រឡប់​ទៅ​ប្រទេស កំណើត​វិញ​។ ពួកគេ​ក៏បាន​សំណូមពរ ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ចំពោះ​ជនរងគ្រោះ និង​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ណី ទាំង​៤​នេះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​បាន​កំពុង​បន្ត​អនុវត្ត​ទៅតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕/V​