​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្នុង​លិខិត​មួយ​អបអរ​សមាជ​យានយន្ត​ថាមពល​ថ្មី​ពិភពលោក​ដែល​ប្រារព្វ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរ៍ នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឺ​ឈៀង​(Li Keqiang)​បាន​សរសើរ​ឧស្សាហកម្ម​យានយន្ត​ថាមពល​ថ្មី​(​រថយន្ត​អគ្គិសនី​-NEVs)​របស់​ចិន​ដោយ​លោក​បាន​បញ្ជាក់ថា​វិស័យ​នេះ​«​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​។​

​លោក​លី​បាន​បន្ថែមថា ការគាំទ្រ​របស់​ចិន​ចំពោះ​NEVs​ស្រប​តាម​ក្បួនច្បាប់​អន្តរជាតិ និង​ថា​ចិន​ត្រូវការ​កិច្ចសហការ​អន្តរជាតិ​ធំធេង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​វិស័យ​យានយន្ត​ចិន​បាន​រងគ្រោះ​ខ្លាំង​ពី​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ដោយ​តំបន់​ជាច្រើន​រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សៀង​ហៃ បាន​ស្ថិតក្រោម​ការបិទ​ខ្ទប់​រយៈពេល​​យូរ​។​វា​បាន​រើប​រើ​ឡើងវិញ​បណ្តើរៗ​ចាប់តាំងពី​ពេល​ដក​ការបិទ​ខ្ទប់​ក្រុង​សៀង​ហៃ តែ​រលក​កំដៅ​ក៏​កំពុង​វាយប្រហារ​ឧស្សាហកម្ម​នេះបន្ត​ទៀត​ដោយ​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ដល់​​រោងចក្រ​ខ្លះ ដើម្បី​បំពេញ​តំរូវការ​ប្រើ​ម៉ាស៊ីនត្រជាក់​នៅតាម​ផ្ទះ​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ការលក់​រថយន្ត​NEVs(​អគ្គិសនី​សុទ្ធ ឬ​កូនកាត់​)​នៅ​កន្លះ​ឆ្នាំ​មកនេះ​បាន​កើនឡើង​ទ្វេ​ធៀប​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​រដ្ឋ​ជួយឧបត្ថម្ភ​និង​លើកលែង​ពន្ធ​គួប​​ផ្សំ​នឹង​តំលៃថោក​និង​ម៉ាក​ចំរុះ​។​

​ការនាំ​ចេញ​រថយន្ត​អគ្គិសនី​ចិន​នៅ​ខែ​ឧសភា​និង​កក្កដា​បាន​កើន​ជាង​ពីរដង នៅពេល​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​ត្រូវបាន​បញ្ចប់​។​គ្រាន់តែ​ខែ​ឧសភា​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បាន​នាំចេញ​រថយន្ត​​អគ្គិសនី​សរុប​តំលៃ​១,២​ពាន់​លាន​ដុល្លារ ដោយ​កើន​១២២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ការនាំ​ចេញ​រថយន្ត​ទេស​ចរណ៍មាន​តំលៃ​សរុប​២,៨​ពាន់​លាន​ដុល្លារ ជា​ចំនួន​នាំចេញ​ប្រចាំខ​ខ្ពស់បំផុត​​ទី​បួន​ធៀប​នឹង​ការនាំ​ចេញ​រថយន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

​អ្នកវិភាគ​អះអាងថា ចិន​ឥឡូវ​តំណាង​អោយ​ជិត​៦០​ភាគរយ​នៃ​ការនាំ​ចេញ​រថយន្ត​អគ្គិសនី​ទៅ​កាន់​ទីផ្សារ​ពិភពលោក​និង​និន្នាការ​នេះ​បន្ត​កើនឡើង​