​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាវាចម្បាំង​អាម៉េរិក​ពីរ​គ្រឿង​បាន​បើក​កាត់​ដែនទឹក​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​សីហា ដោយ​វា​ជា​ប្រតិបត្តិការ​ដូច្នេះ​លើកដំបូង​ចាប់តាំងពី​ប្រធាន​​សភា​អាម៉េរិក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ដែល​ធ្វើអោយ​ចិន​ច្រឡោតខឹង​ជាខ្លាំង​ដោយសារ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គិតថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយ​ថា​នាវាបំពាក់កាំជ្រួវបញ្ជានាំផ្លូវ​គ្រូ​សឺ​Chancellorsville និង Antietam កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។​

​ប្រតិបត្តិការ​ដូច្នេះ​ធម្មតា​ចំណាយពេល​១២​ម៉ោង​ដើម្បី​បញ្ចប់​និង​ត្រូវ​តាមដាន​យ៉ាង​ដិតដល់​ពី​សំណាក់​យោធា​ចិន​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ នាវាចម្បាំង​អាម៉េរិក និង​ពេលខ្លះ​នាវា​មក​ពី​សម្ពន្ធមិត្ត​អង់គ្លេស​និង​កាណាដា បាន​បើក​កាត់​ច្រក​សមុទ្រ​ដ៏​រសើប​នេះ ដោយ​បង្ក​កំហឹង​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដោយសារ​តែ​វា​ជា​​សញ្ញា​នៃ​ការគាំទ្រ​រដ្ឋាភិបាល​គាំទ្រ​ឯករាជ្យ​នៅ​លើ​កោះ​តៃវ៉ាន់​។​ដំណើរ​ទស្សនកិច្ច​របស់ផេ​ឡូ​ស៊ីកាលពីដើមខែសីហានាំ​អោយ​ចិន​ខឹង​ជាខ្លាំង​ដោយ​ថា​វា​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​បាននាំអោយយោធាចិន​ប្រកាស​ធ្វើ​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​មិន​ដែល​ធ្លាប់​មាន​នៅ​ជុំវិញ​កោះ​នេះ​។​

​កងទ័ពជើងទឹក​អាម៉េរិក​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​និយាយថា ប្រតិបត្តិការ​នេះ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយសេរី​និង​បើកចំហ ហើយ​អាម៉េរិក​នឹង​បន្ត​ហោះហើរ បើក​​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​៕

​នាវា​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​USS Antietam បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​