អាជ្ញាធរ​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​បំពាន​យក​ដី​ចំណី​ព្រែក​

2657
ចែករម្លែក
  • 981
    Shares

ដោយ​: បូកគោ / កំពត​: អាជ្ញាធរខេត្ត​នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​អ្នក​បំពាន​យក​ដី​ចំណី​ព្រែក​កាន់កាប់​ជា​កម្មសិទ្ធិ​។ នេះ​ជាការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ថា នៅតាម​ដងព្រែក​ក្នុងភូមិ​សាស្ត្រ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ កំពុងមាន​សកម្មភាព​បំពាន​កាន់កាប់​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ពី​សំណាក់​អ្នកមានអំណាច និង​មន្ត្រី​មួយចំនួន​កើន​ឡើងជា​បន្តបន្ទាប់​។ ករណីនេះ បាន​កើតឡើង​តាំងពី​លោក​មិនទាន់​មកដល់​ម្ល៉េះ​។ ប៉ុន្តែ​ពេលនេះ​បានចាប់ផ្តើម​ពង្រីក​ខ្លួន​ធំ​ទៅៗ ហើយក៏​មានការ​ទន្ទ្រាន​ពី​អ្នកដទៃ​បន្ថែមទៀត ដោយសារតែ​គ្មាន​វិធានការ​។ ជាមួយ​ទិដ្ឋភាព​បែបនេះ សំណួរ​សួរថា​ការអនុវត្ត​បទល្មើសរ​បស់​ជន​ដែល​មិន​គោរព​ច្បាប់​នោះ តើ​អាជ្ញាធរខេត្ត​នឹងធ្វើ​អ្វី​ចំពោះមុខ​?​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា សម្រាប់​ចម្លើយ គឺ​អ្នក​ដែល​ល្មើសច្បាប់ អាជ្ញាធរ​ត្រូវតែ​អនុវត្តតាម​ផ្លូវច្បាប់​។ ម្ល៉ោះហើយ ចាប់ពីពេលនេះ​ទៅ បញ្ហា​ទន្ទ្រាន​ដី​ព្រែក​យក​ធ្វើជា​កម្មសិទ្ធិ​នោះ អាជ្ញាធរ​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់ ទី​១: អ្នក​ដែល​ល្មើស​ដោយ​មិន​គោរព​ច្បាប់​ហើយ​បន្ត​ទន្ទ្រាន ជំនាញ​ត្រូវ​ធ្វើលិខិត​ដាក់ចូល​តុលាការ​ជាបន្ទាន់​។ ទី​២: ពាក់ព័ន្ធ​នឹង​អ្នក​ល្មើស​ដែល​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​ដោយ​ចាក់​បំពេញ​ដី​តម្រូវឱ្យ​កាយ​ចេញ​វិញ ហើយ​រឹបអូស​យក​គ្រឿងចក្រ​តែម្តង​។ ទាំងនេះ ជា​វិធាន​ការដែល​ចាំបាច់​ត្រូវតែ​អនុវត្ត ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ