ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន កម្ពុជា (​ស​.​ស​.​យ​.​ក​.) រួម​នឹង​លោក អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ថ្នាក់ដឹកនាំ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល ជាមួយ​គណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុង​រចនាសម្ព័ន្ធ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ នៅ​សាលប្រជុំ​ធំសាលា​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ ។​

​ក្រោយពី​លោក ប៉ោ វណ្ណាត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ស្វាគមន៍ និង​រាយការណ៍​អំពី​សកម្មភាព​រយៈពេល ៧​ខែ ដែល ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ​បានសម្រេច​លើ​ការងារ​ជាច្រើន​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ក្នុងនាម​រដ្ឋបាលខេត្ត សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​ទាំង ស្មារតី សម្ភារ​: និង​ថវិកា របស់​សមាជិក ស​.​ស​.​យ​.​ក​. ខេត្ត​នេះ ក្នុងការ​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល លើ​វិស័យ​នានា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ លើ​កម្ពស់​សមត្ថភាព វិជ្ជាជីវ​: ការបណ្តុះបណ្តាល​យ៉ាងសកម្ម ចូលរួម​កែទម្រង់រដ្ឋបាល​សាធារណៈ ស្របតាម យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​នេះ សម្តេច​ប្រមុខ បានដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ ផ្តោត​ការយកចិត្តទុកដាក់ លើ​យុវជន គឺ​បង្កើត​ការងារ សម្រាប់​ប្រជាជន ពិសេស​យុវជន ។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានកត់សម្គាល់ និង​ថ្លែង​ការ កោតសរសើរ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សហការ និង​គាំទ្រ​នូវ​សកម្មភាព​ដ៏ សស្រាក់សស្រាំ​របស់​គ្រួសារ ស​.​ស​.​យ​.​ក ទូទាំង​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​អស់ ពី​កំលាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ធនធាន​សម្ភារ​ថវិកា ដើម្បី​ចូលរួម​លើ​គ្រប់​រូបភាព យ៉ាងសកម្ម ស្របតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​លក្ខន្តិកៈ​, បទបញ្ជាផ្ទៃក្នុង​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់ សមត្ថភាព​យុវជន កាត់បន្ថយ​ភាពក្រីក្រ និង​ដោះស្រាយ​ការលំបាក​របស់ ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​។ ជាពិសេស​គោលជំហរ​ជួយ​ជ្រោមជ្រែង ដ៏​រឹងមាំ​ពី​សំណាក់ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក ៣​ខេត្ត និង​ដែល​បានការ​ណែនាំ ពី​លោក​ផ្ទាល់​ផងដែរ ។​

​លោក ហ៊ុន ម៉ា​នី ក៏​ចង់បង្ហាញ​ឱ្យ​ប្អូនៗ​យុវជន មានការ​តស៊ូ ហ៊ាន​សម្រេច​នូវ​ក្ដី​ស្រមៃ របស់ខ្លួន ឱ្យ​ទទួលបាន​ជោគជ័យ បើទោះបីជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ត្រូវ​ឆ្លង កាត់​ការសាកល្បង និង​ដកស្រង់​បទពិសោធន៍ សព្វបែបយ៉ាង ទោះបីជា​យើង ទទួលបាន ការរិះគន់​ក្នុង​កម្រិត​ណាមួយ​ក៏ដោយ តែ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​សម្រេច​ក្តី ស្រមៃ នាពេលខាងមុខ ។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ប្រធាន ក៏បាន​សំដែង​នូវ​ការ​កោតស្ញប់ស្ញែង និង​វាយតម្លៃ ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន ដោយ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង របស់ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ ។ លោក​បាន​លើកទឹកចិត្ត និង​ជូនពរ​ឱ្យ ស​.​ស​.​យក​. ខេត្តបន្ទាយមានជ័យ​ស​ម្រេច​បាន​ចំពោះ​ទិសដៅ​បន្ត របស់ខ្លួន​។​

​សូមបញ្ជាក់ថា ទិសដៅ​បន្ត ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ មានដូចជា -​បន្ត​ចូលរួម គ្រប់​សកម្មភាព​សង្គម មនុស្សធម៌ សម្អាត​បរិស្ថាន វប្បធម៌ និង​សាសនា ។ -​បន្តធ្វើ​បច្ចុប្បន្ន ភា​ពង្រឹង និង​ពង្រីក សមាជិក ស​.​ស​.​យ​.​ក គ្រប់​ថ្នាក់​។ -​បន្ត​ជួយ​ប្រជាពលរដ្ឋ ជួប​ភាពលំបាក​។ – បន្ត​ផ្សព្វផ្សាយ​ពី​គោលការណ៍ និង​លក្ខន្តិកៈ តួនាទី​ភារកិច្ច​របស់ ស​.​ស​.​យ​.​ក​. ដល់​យុវជន ក្នុង​និង​ក្រៅ​សាលា ។ – ចូលរួម​រៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន និង​ពិធីបុណ្យ​ផ្សេងៗ ។ – លើកកម្ពស់​សុខមាលភាព​យុវជន និង​ប្រជាពលរដ្ឋ ។ – ចូលរួម​សហការ​ផ្សព្វផ្សាយ ផលប៉ះពាល់​របស់​គ្រឿងញៀន ភូមិ​ឃុំ​សុវត្ថិភាព និង​គ្រោះថ្នាក់​ចរាចរណ៍​។ – ត្រៀម​សមាសភាព​អ្នកសង្កេតការណ៍ និង​ពង្រីក​បើក​បង្រៀន ថ្នាក់​បំប៉ន ជូន​ដល់​សិស្សានុសិស្ស ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២២-២០២៣​។ -​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​សម្របសម្រួល ការចាក់​វ៉ាកសាំង​ដូ​ស​ជំរុញ និង​បន្ត​ផ្សព្វផ្សាយ​វិធី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធាន ៣ ការពារ ៣ កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ – គម្រោង​សាងសង់​ស្នាក់ការ ឱ្យបាន​គ្រប់​ស្រុក​/​ក្រុង ទូទាំង​ខេត្ត ។ – រៀបចំ​សិក្ខាសាលា ឫ​វគ្គ​ខ្លី (​សិក្សា​លើ​ជំនាញ​បច្ចេកទេស​) ឱ្យបាន ២​ដង ក្នុង ១​ឆ្នាំ និង – បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ ដាំ​ដុះ​បន្លែ ដំណាំ​ហូប​ផ្លែ និង​ផលិតផល​កសិកម្ម​នានា​៕/V​