ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​និយាយថា មិនមាន​បាតុកម្ម នៅ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត -​អូរ​នាង ប៉ុន្តែ​មានការ​ជួបជុំ​កម្មករ ស្នើសុំ​តម្លើង​ប្រាក់​ឈ្នួល ។ នេះ​បើតាម​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថាៈ យោង​លោក​មេភូមិ លោក​ចៅសង្កាត់ ដែល​រាយការណ៍​មក គឺ​មានតែ​ករណី​កម្មករ ជួបជុំគ្នា​ធម្មតា នៅ​ខាងក្នុង​រោងចក្រ សំលៀកបំពាក់ HiTech (​ហាយ​ថេ​ក អឹ​ភែ​រឹល ខេ​ម​បូ​ឌា​) នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត -​អូរ​នាង ដើម្បី​ស្នើសុំ​តម្លើង​ប្រាក់​ឈ្នួល និង​ប្រាក់ខែ ។​

​យោង​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់ បានឱ្យដឹងថាៈ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ ម៉ោង ៧​ៈ​០០ នាទី លោក សាត វុទ្ធី ក្រុមការងារ​សហជីព​ចលនា​កម្មករ ប្រចាំ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ HiTech (​ហាយ​ថេ​ក អឹ​ភែ​រឹល ខេ​ម​បូ​ឌា​) ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត​-​អូរ​នាង សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ប្រមូលផ្ដុំ​សមាជិក​សហជីព ប្រមាណ​ជា ៦០ នាក់ ។​

​ប្រភព​បាន​បន្តថាៈ ចំពោះ​ខ្លឹមសារ និង​បំណង​នៃ​ការ​ការជួប​ជុំគ្នា​នោះ​គឺៈ ១. ការតស៊ូ​មតិ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ ដើម្បី​តម្លើង​ប្រាក់ខែ ជូន​កម្មករ ។ ២. ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល អន្តរាគមន៍​ផ្ដល់ប្រាក់​ឈ្នួល ដើម្បី​ឲ្យ​កម្មករ រស់​បាន​សមរម្យ និង​ទប់ទល់​ទំនិញ​ទីផ្សារ ហក់​ទ្បើង​ថ្លៃ​គ្រប់មុខ​។ គឺ​មិន​ថា អាហារ​ត្រី​សាច់ របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​ផ្ទះ ថ្លៃ​សម្រាម ផ្គត់ផ្គង់​ក្រុមគ្រួសារ​កូន​រៀន បំណុល​ធនាគារ និង​សមាជិកគ្រួសារ មាន​ជំងឺ​ឈឺ​ថ្កាត់​ជាដើម ៕/V​