​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អតីត​មេភូមិ ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ជំងឺ​ពិការ​ដៃជើង មួយ​ចំហៀង​ខ្លួន លើកដៃ​ប្រណម្យ សំណូមពរ​ដល់​សប្បុរ​សជន សុំ​ការជួយ​សង្គ្រោះ​ជីវិត និង​ការខ្វះខាត​របស់​ពួកគាត់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ នៅពេល​ក្រុម​អ្នក សារព័ត៌មាន ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​ជួប​សំណេះសំណាល ជាមួយ​បុរស​ស្ត្រី វ័យ​ចំណាស់ ពីរ​នាក់ ប្តី​ប្រពន្ធ​នេះ ។​

​បុរស​ជា​ប្ដី ឈ្មោះ ជេ​ត ផល្លី អាយុ ៦១ ឆ្នាំ ធ្លាប់​ធ្វើជា​អនុ និង​ប្រធានភូមិ​ថ្មី រយៈពេល ៨ ឆ្នាំ និង​មាន​ជំងឺលើសឈាម ពិការ​មួយ​ចំហៀង​ខ្លួន ជាង​មួយឆ្នាំ​ហើយ ស្ថានភាព​ជំងឺ បច្ចុប្បន្ន ដើរ​ពុំរួច និយាយ​ក៍​មិន​ចេញ ។ ដោយឡែក ស្ត្រី​ជា​ប្រពន្ធ មានឈ្មោះ ស សារី​ម អាយុ ៦៣ ឆ្នាំ ធ្លាប់​ធ្វើជា​ប្រធានភូមិ រយៈពេល ៣ ឆ្នាំ និង​មាន​ជំងឺលើសឈាម ពិការ​មួយ​ចំហៀង​ខ្លួន រយៈពេល​ជាង ៥ ឆ្នាំ​មកហើយ ស្ថានភាព​ជំងឺ អាច​នៅ​ដើរ​រួច​តិចៗ ប៉ុន្តែ​មិនអាច​ធ្វើ​ការងារ ចិញ្ចឹមជីវិត​បានឡើយ ។​

​ស្ត្រី​ឈ្មោះ ស សារី​ម បាន​លើកដៃ​សំពះ​ទាំង​ទឹកភ្នែក ប្រាប់​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា​ ​ពួកគាត់​គ្មាន​កូនចៅ​ បង្កើត​ទេ សព្វថ្ងៃ គាត់​ចិញ្ចឹម​ចៅស្រី​កំព្រា​ម្នាក់ អាយុ​ជាង​មួយឆ្នាំ ដែល​ឪពុកម្ដាយ​គេ ជា​កូនចិញ្ចឹម​របស់គាត់ ដោយ​គេ​ទុក​កូន​គេ តាំងពី​អាយុ ៦ ខែ ចោល​ឱ្យនៅ​ជាមួយ​គាត់ ហើយ​ពួកគេ ទៅធ្វើ​ការ​ជា​កម្មករ នៅ​ភ្នំពេញ និង​រយៈពេល​ជាង មួយឆ្នាំ កន្លងមកនេះ គេ​ធ្លាប់​ផ្ញើ​លុយ​មកឱ្យ​គាត់​ចិញ្ចឹម​កូន​បាន​ម្ដងគត់ ចំនួន ១០ ម៉ឺន​រៀល ។

​ដោយឡែក ផ្ទះ​របស់គាត់ សព្វថ្ងៃនេះ សង់​នៅ​លើដី​របស់គេ ចំណែក​ដីធ្លី​ដែល​គាត់ មាន​កន្លងមក បាន​លក់​យកមក​មើលជំងឺ​របស់​ពួកគាត់ អស់​ទៅហើយ​។ ចំពោះ​ជីវភាព រស់នៅ​កន្លងមក ក្នុងពេល​ពួកគាត់ មាន​ជំងឺ​ពិការ​ទាំងពីរ​នាក់ ប្ដី​និង​ប្រពន្ធ​នេះ ត្រូវបាន​អាជ្ញាធរ​ឃុំ និង​ស្រុក ជួយផ្ដល់​ជា​ស្បៀង​ជា​បន្តបន្ទាប់ ។ ចំពោះ​ម្ហូបអាហារ​វិញ គឺ​បាន​អ្នកស្រុក​ក្នុងភូមិ ហុច​ឱ្យ​ស្ទើរតែ​រៀងរាល់ថ្ងៃ តែបើ​គ្មាន​ម្ហូប​ទេនោះ គឺមាន​តែ​ហូប អំបិល​ប្រហុក និង​ទឹកត្រី ទឹកស៊ីអ៊ីវ តែប៉ុណ្ណោះ ។​

​ក្នុង​ពេលនេះ ពួកគាត់ លើកដៃ​សំពះ​ដល់​បងប្អូន សប្បុរសជន នៅ​ទីជិត​ឆ្ងាយ មេត្តា​អាណិតអាសូរ ដល់​ពួកគាត់ ដែលជា​ជនពិការ ទាំងពីរ​នាក់ ប្ដី​ប្រពន្ធ ដែល​កំពុងមាន ការខ្វះខាត គឺ​ស្នើសុំរ​ទះ​កង់​រុញ ១ សម្រាប់​ប្ដី ជា​ជនពិការ ស្នើសុំ​ស្បៀងអាហារ និង​ថវិកា​មួយចំនួន សម្រាប់​ទិញ​ម្ហូប​ប្រចាំថ្ងៃ និង​ទិញ​ថ្នាំលេប ទម្រាំ​ជីវិតចុងក្រោយ ។ ហេតុនេះ គោរព​ស្នើសុំ​អស់លោក ជា​សប្បុរសជន​នៅ​ទីជិត​ឆ្ងាយ មេត្តាជួយ​សង្គ្រោះ​ជីវិត និង​ជួយ​ដល់​ការខ្វះខាត ជូន​ពួកគាត់ ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ៕/V​