ដោយ : ប.ជ័យ/ បន្ទាយមានជ័យ : លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃអាទិត្យថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្ត បន្ទាយមានជ័យ ដើម្បីពិនិត្យ វាយតម្លៃលទ្ធផលនិងវឌ្ឍនភាពការងារ ដែលអនុវត្តកន្លងមក ។

លោកអ៊ុំ រាត្រី ប្រធានគណ:កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យនិងជាសមាជិកគណ:កម្មាធិការខាងលើ បានលើកឡើងឡើងសង្ខេបពីដំណើរការ លទ្ធផល វឌ្ឍនភាពនិងបញ្ហាប្រឈមនៃការកសាង ពង្រឹង ការអនុវត្តការងារ បញ្ហាប្រឈមរបស់រចនាសម្ព័ន្ធគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យក្នុងរយ:ពេលចុងក្រោយ ។

ក្នុងនោះ គណ:កម្មាធិការបានចូលរួមចំណែកដ៏សំខាន់ក្នុងចលនាមហាជនអោយមកចូលរួម រក្សាជំនឿជាក់លើគណបក្ស ចូលរួមជីវភាពនយោបាយជាមួយគណបក្ស ពិសេសបានបំផុសអោយទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីខែមិថុនាឆ្នាំ២០២២ កន្លងមក ។

ក្នុងជំនួបសំណេះសំណាល លោកហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា មន្រ្តីរាជការនៅមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក៏ដូចជា ធនធានផ្ទាល់ខ្លួននៅពេលដែលប្រទេសជាតិត្រូវការ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។

លោកបន្តថា ពិតណាស់ការជឿជាក់ និងចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់នៃភាពជោគជ័យលើការដឹកនាំ ។ប៉ុន្តែការដឹកនាំដ៏ឈ្លាសវៃ ម៉ឹងម៉ាត់ បូករួមជាមួយការអនុវត្តយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាន គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យនេះ ៕សរន