ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៨ សីហា សមាគម​កីឡា​ប៉េតង់​វ័យចាស់​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​បូរី​ធី​វី​ស្ដារ​បាន​បើក​ការប្រកួត​ពានរង្វាន់ កីឡា​ប៉េតង់ វ័យចាស់ ដែល​រៀបចំ​ដោយ​សមាគម​កីឡា​ប៉េតង់​វ័យចាស់​កម្ពុជា​។​

​ការប្រកួត​នេះ​មាន​វិញ្ញាសា​ប្រកួត​បុរស​៣​នាក់​ទល់នឹង​៣​នាក់​ដែលមាន​ការចូលរួម​ប្រកួត​សរុប​ចំនួន ៤៦​ក្រុម មកពី​៩ រាជធានី​-​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ព្រៃវែង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង បាត់ដំបង កំពត និង​ខេត្ត​ព្រះសីហនុ ដែលមាន​កីឡា​ការចូលរួម​សរុប ២២៥​នាក់ ដែលជា​កីឡាករ​វ័យ​ចំណាស់​ស្រលាញ់ វិស័យ​កីឡា​ប៊ូល និង​ប៉េតង់​។​

​លោក សុខ សូ​កាន ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​លោក​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ការដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់ ដើម្បី​ជួយ​ជំរុញ​វិស័យ​ប៊ូល និង​ប៉េតង់​ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ជូន​ប្រទេសជាតិ​។​

​លោក​បាន​បញ្ជាក់ទៀតថា ការប្រកួត​នេះ​ពិតជា​កម្មវិធី​មួយ​ដ៏​ល្អ និង​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ ជាការ​គោរព​ដល់​ចាស់ ព្រឹទ្ធាចារ្យ ដែល​ស្រលាញ់ ចូលចិត្ត និង​តែងតែ​បន្ត​ស្មារតី​គាំទ្រ​ការលេង​កីឡា​ប៊ូល​និង​ប៉េតង់ ព្រមទាំង​រឹតចំណង​មិត្តភាព សាមគ្គីភាព ការលេង​កីឡា​ដើម្បី​សុខភាព និង​ចូលរួម​លើក កម្ពស់​វិស័យ កីឡា ប៉េតង់​ក្នុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។​

​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ទទួលបាន​ភាព​ល្បីល្បាញ​និង​ការកោតសរសើរ​លើ​​សកលលោក​ដូច​សព្វថ្ងៃនេះ​គឺ​បានមកពី​ការ​ជ្រោមជ្រែង​និង​ការត្រួសត្រាយ​ផ្លូវ​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន​តាំងពី​ឆ្នាំ​១៩៩២​មក​ដែលមាន​សម្ដេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន និង​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស​ក្រោម​ម្លប់​សន្តិភាព​នៃ​ការដឹកនាំ​ប្រកបដោយ​គតិ​​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​រហូត​កម្ពុជា​ទទួល​ពានរង្វាន់​មេដាយ កម្រិត​អន្តរជាតិ សរុប​ប្រមាណ ៣៨១​គ្រឿង (​មាស ១១៤ ប្រាក់ ១៣៣ និង​សំរឹទ្ធ ១៣៤) និង​ទទួលបាន​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​៥​ជំនាន់​ជាប់​គ្នា​ហើយ​បាន​ទទួល​ងារ​ជា «​មហាអំណាច​កីឡា​ប៉េតង់​»៕​