ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយកាល​ពី​ថ្ងៃអា​ទិ​ត្យ​ទី​២៨​សីហា​ថា ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើង​ធំ​របស់​រុស្ស៊ី​បាន​វាយ​ចំ​តំបន់​ឆ្លងកាត់​ទន្លេ​ឌី​នី​ភើ (Dnieper) ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ខណៈ​នៅតែ​មាន​ការបារម្ភ​ថា ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​ជុំវិញ​នោះ​អាច​បំផ្លាញ​រោងចក្រ​និង​បណ្តាល​ឱ្យ​លេច​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​។​

​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែ​រហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) ភ្លាមៗ​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​ហើយ​បាន​កាន់កាប់​ទឹក​ដី​ជាប់ៗ​នោះ​តាម​បណ្តោយ​ច្រាំង​ខាងឆ្វេង​​នៃ​ទន្លេ​ដ៏​ធំ​ទូលាយ​។​

​អ៊ុយ​ក្រែន​គ្រប់គ្រង​ច្រាំង​ខាងស្តាំ រួម​ទាំង​ទីក្រុង​នី​កូប៉ូល (Nikopol) និង​ម៉ា​ហា​ណិ​ត (Marhanets) ដែល​ទីក្រុង​នី​មួយៗ​មាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ​ពី​រោងចក្រ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក អ៊ី​ហ្គ័​រ កូណា​សិន​កូវ (Igor Konashenkov)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​លើ​រោងចក្រ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​​ថា​គ្រាប់ផ្លោង​មួយចំនួន​បាន​ធ្លាក់​នៅ​ជិត​អគារ​ដែល​រក្សាទុក​ប្រេងឥន្ធនៈ​និង​កាកសំណល់​វិទ្យុសកម្ម​។​

​លោក វ៉ា​ឡិន​ទីន រី​ស្នី​ឆិន​កូ (Valentyn Reznichenko) អភិបាល​នៃ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូវស៍ (Dnipropetrovsk) បាន​និយាយថា​ការបាញ់​ផ្លោង​យ៉ាង​ខ្លាំង​នៅពេល​យប់​បាន​បណ្តាល​​ឱ្យ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នី​កូប៉ូល​គ្មានអគ្គិសនី​ប្រើប្រាស់​។​

​យោង​តាម​លោក យ៉េវ​ហិន យ៉េវ​ទូ​សិនកូ (Yevhen Yevtushenko) ប្រធាន​រដ្ឋបាល​តំបន់​នេះ​ដែល​រួមមាន​ទីក្រុង​ដែល​មាន​មនុស្ស​ប្រហែល ៤៥.០០០ នាក់ បាន​និយាយថា​ការវាយប្រហារ​ដោយ​​គ្រាប់​រ៉ុក្កែត​បានធ្វើឱ្យ​ខូចខាត​លំនៅដ្ឋាន​រាប់សិប​ខ្នង​នៅក្នុង​ទីក្រុង​ម៉ា​ហានណិ​ត​។​

​សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក អាណា​តូ​លី ឃើ​ថេវ (Anatoliy Kurtev) បាន​និយាយថា ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) ដែល​មាន​ចម្ងាយ​ប្រហែល ៤០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ពី​រោង​​ចក្រ​នុយក្លេអ៊ែរ ក៏​បាន​រង​ការឆាបឆេះ​នៅពេល​យប់​ផងដែរ ដែល​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​។​

​លោក វ្ល៉ា​ឌី​មៀ ឡេ​អន​យ៉េ​វ (Vladimir Leontyev) ប្រធាន​រដ្ឋបាល​ក្នុង​តំបន់​ដែល​បន្តុប​ដោយ​រុស្ស៊ី បាន​និយាយថា ទន្លេ​ខាងក្រោម​ពី​រោងចក្រ​នុយក្លេអ៊ែ​រ រោងចក្រ​វា​រី​អគ្គិសនី​កា​កូវ​កា (Kakhovka) និង​ទីក្រុង​ដែល​នៅ​ជាប់​នោះ ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​អ៊ុយ​ក្រែន​ចំនួន​បី​ដង​កាលពី​ថ្ងៃអាទិត្យ​៕

ទីក្រុង​ខា​គី​វរ​ង​គ្រាប់ផ្លោង​របស់​រុស្ស៊ី

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​កងកម្លាំង​អ៊ុយ​ក្រែន​បាន​បាញ់​ផ្លោង​លើ​រោងចក្រ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​​ថា​គ្រាប់ផ្លោង​មួយចំនួន​បាន​ធ្លាក់​នៅ​ជិត​អគារ​ដែល​រក្សាទុក​ប្រេងឥន្ធនៈ​និង​កាកសំណល់​វិទ្យុសកម្ម​