ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​អ​ជ្ញា​កណ្តាល​កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​នៅ​ថ្ងៃ​២៨ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បង្រៀន​ដោយ​អ្នកជំនាញ មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ត្រៀម​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការបើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អ​ជ្ញា​កណ្តាល​កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​នេះ​ជា​ផែនការមេ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ក្នុងការ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល​កម្ពុជា​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ដើម្បី​ត្រៀមខ្លួន​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្តថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥ នាក់​និង​បញ្ចប់​នៅ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ បង្រៀន​ដោយ​អ្នកជំនាញ​កីឡា​ប្រភេទ​នេះ​មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​តែម្តង​ចំពោះ​សិក្ខាកាម​ទាំងអស់​បានមក​សិក្សា​វគ្គ​នេះ​មាន​សិទ្ធិ​ធ្វើជា​អាជ្ញាកណ្តាល​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​ចំណែក​អ្នក​មិន​
​បាន​ចូលរួម​សិក្សា​វគ្គ​នេះ មិនអាច​ក្លាយជា​អាជ្ញាកណ្តាល​ឡើយ​។​

​ក្នុងចំណោម​សិក្ខាកាម​ចំនួន​៣៥​នាក់​មាន​សិក្ខាកាម​ចំនួន​៩​នាក់​ធ្វើ​ការប្រឡង​ចូលរួម​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​នេះ​បង្ហាញថា​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​នឹងមាន​លទ្ធភាព​ខ្លាំង​ក្នុងការ​បង្កើត​ធន​ធនា​មនុស្ស​របស់ខ្លួន ជាពិសេស​កីឡាករ​-​កីឡាការិនី​ឆ្នើម និង​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​៕​