​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឥណ្ឌា​បាន​កម្ទេច​អគារ​លំនៅដ្ឋាន​ខ្ពស់ៗ​ចំនួន​ពីរ​នៅ​ខាងក្រៅ​ទីក្រុង​ញូវដេល្លី​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​សីហា​នៅក្នុង​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បន្ទាប់ពី​លេច​ឮ​ព័ត៌មាន​ដ៏​រំភើប​ជាច្រើន​ថ្ងៃ​អំពី​ការកម្ទេច​នេះ​។​

​ការបំផ្លិចបំផ្លាញ​អគារ​ភ្លោះ​កម្ពស់ ១០០ ម៉ែត្រ​នៅ​ទីក្រុង​ណ​យ​ដា (Noida) ដែល​ជា​លំនៅ​នៃ​អគារ​បេតុង​ស្រដៀង​គ្នា​នេះ​ក៏​ជា​ឧទាហរណ៍​ដ៏​កម្រ​មួយ​ផង​ដែរ​នៃ​ការចាត់វិធានការ​តឹងរ៉ឹង​របស់​ឥណ្ឌា​​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​និង​មន្ត្រី​ពុករលួយ​។​

​អគារ ៣២ ជាន់​ឈ្មោះ Apex និង អគារ​២៩​ជាន់​ឈ្មោះ Ceyane ដែល​ផ្ទុក​ផ្ទះល្វែង​ជិត ១.០០០ ខ្នង​ក្នុងចំណោម​អគារ​ទាំងពីរ ដែល​គ្មាន​មនុស្ស​ចូល​រស់នៅ​ដោយសារ​ជម្លោះ​ផ្លូវច្បាប់​រយៈពេល​ប្រាំបួន​ឆ្នាំ ត្រូវ​បាន​កម្ទេច​ចោល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី ដោយ​បង្កើតបាន​ជា​ពពក​ធូលី​និង​កម្ទេចកម្ទី​ដ៏​ធំ​សម្បើម​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ការ​បំផ្ទុះ​ដែល​ប្រើ​គ្រឿងផ្ទុះ​ទម្ងន់ ៣.៧០០ គីឡូក្រាម គឺជា​ការកម្ទេច​ធំ​បំផុត​របស់​ឥណ្ឌា​រហូតមក​ទល់​បច្ចុប្បន្ន​។​

​មនុស្ស​រាប់ពាន់​នាក់​ក៏​ដូច​ជា​សត្វ​ឆ្កែ​អនាថា​ផងដែរ ត្រូវតែ​ជម្លៀសចេញ​មុនពេល​មាន​ការ​បំផ្ទុះ រួម​ទាំង​ពី​អគារ​ខ្ពស់ៗ​ជិតខាង ដែល​មួយ​ក្នុងចំណោម​នោះ​ត្រូវបាន​រាយការណ៍​ថា​មាន​ចម្ងាយ​ត្រឹមតែ ៩ ម៉ែត្រ​ប៉ុណ្ណោះ​។​

​មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការរង​របួស​ឬ​ការខូចខាត​អគារ​នៅក្បែរ​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រតិបត្តិការ​កម្ទេច​បា​ន​ដំណើរការ “​រលូន​ដូច​ការគ្រោងទុក​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​រាយការណ៍​ព័ត៌មាន​លម្អិត​អំពី​នាទី​នៃ​ការកម្ទេច​ចោល រួម​ទាំង​ចំនួន​រន្ធ​ដែល​បាន​ខួង​សម្រាប់​ការ​បំផ្ទុះ (៩.៦៤២ រ​ន្ធ​) និង​បរិមាណ​នៃ​កម្ទេចកម្ទី (៨០.០០០ តោន​)៕

​អគារ ៣២ ជាន់​ឈ្មោះ Apex និង អគារ​២៩​ជាន់​ឈ្មោះ Ceyane ត្រូវ​បាន​កម្ទេច​ចោល​កា​លពី​ថ្ងៃអាទិត្យ