ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ រយៈពេល ៣ ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​អាកាស ចំនួន​ពីរ​ទីតាំង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។​ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នេះ បានឱ្យដឹងថាៈ ការផ្អាក​ធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៥ ព្រឹក ថ្ងៃទី​២៩ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ។​

​កំណាត់​ផ្លូវ​ដែល​ហាម​ធ្វើដំណើរ​ឆ្លងកាត់ គឺ​ចាប់ពី​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយនឹង​វិថី​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) រហូតដល់​ស្តុ​ប​ចំណុចប្រសព្វ រវាង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ជាមួយ​មហាវិថី​អ្នកឧកញ៉ា មហា​ភក្ដី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង (​ផ្លូវ​៣០​ម៉ែត្រ​)​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ចំនួន​ពីរ​ទៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ផ្លូវអាកាស​ថ្មី​ទាំងពីរ​នេះ ស្ពាន​មួយ​សាងសង់ នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយនឹង​វិថី​កង​យុទ្ធ​ពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) និង​មួយទៀត សាងសង់​នៅ​ចំណុចប្រសព្វ មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយនឹង​មហាវិថី សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ​២០០៤) ៕/V​

គម្រោងសាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ប្រសព្វ រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១)

គម្រោងសាងសង់​ស្ពាន​អាកាស នៅ​ទីតាំង​ស្តុ​ប​ស៊ិន​ជូ​រី ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី​សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១