ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជាច្រើន​ខែ ដែលមាន​ក្រុម​ចំនួន ១៣ ចូលរួម​នោះ ការប្រកួត​បាល់ទះ ៤​នាក់​ទល់​៤​នាក់ Ganzberg Special Volleyball League 2022 បាន​រកឃើញ​ម្ចាស់​ជើងឯក ជា​ផ្លូវការ​ហើយ បាន​ទៅ​ក្រុម​បាល់ទះ​វិសាខា ក្រោយ​យកឈ្នះ​លើ​ក្រុម​បាល់ទះ ក្រសួងមហាផ្ទៃ​។​

​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម​វិសាខា បាន​យកឈ្នះ​ក្រសួងមហាផ្ទៃ ដោយ​លទ្ធផល ២​សិត​ទល់​០ ក្នុង​ពិន្ទុ ២៥​ទល់​២៣ និង ២៨​ទល់​២៦ ដែល​នេះ ជាការ​ប្រកួត​ដ៏​តឹងតែង​មួយ​។ ចំពោះ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​រដ្ឋបាល រាជធានី​ភ្នំពេញ ក្រោយ​ឈ្នះ​លើ​ក្រុម PS Concrete ដោយ​លទ្ធផល ២​សិត​ទល់​១​សិត ក្នុង​ពិន្ទុ ១៦​ទល់​២៥, ២៥-២២ និង​១៥​ទល់​១១)​។

​ក្រុម​ជើងឯក​វិសាខា ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់ ១​គ្រឿង អមដោយ​ប្រាក់រង្វាន់ ២០ លាន​រៀល​។ ក្រុម​ជើងឯក​រង​ក្រសួងមហាផ្ទៃ ទទួលបាន​មេដាយប្រាក់ ម្នាក់​១​គ្រឿង អមដោយ​ថវិកា ៨ លាន​រៀល ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន​មេដាយ​សំរឹទ្ធិ ម្នាក់​១​គ្រឿង អមដោយ​ថវិកា ៤ លាន​រៀល​។​

​ចំពោះ​ជ័យលាភី​ឯកត្តជន កីឡាករ គួ​ន មុំ មកពី​សមាគម​បាល់ទះ​វិសាខា បានឈ្នះ​ពាន​ ២ គឺ​កីឡាករ​ឆ្នើម​ ជាងគេ ប្រចាំ​ព្រឹត្តិការណ៍ និង​កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាងគេ​។ ចំពោះ​កីឡាករ លើក​បាល់​បានល្អ​ជាងគេ បាន​ទៅ​កីឡាករ សួន ចាន់ណា​រ៉ូ មកពី​សមាគម​បាល់ទះ​វិសាខា​, កីឡាករ​វាយ​សេវា​ល្អ​ជាងគេ បាន​ទៅ ឌី លីដា មកពី​រដ្ឋបាល រាជធានី​ភ្នំពេញ​, កីឡាករ​ធ្វើ​រនាំង​ការពារ​បានល្អ​ជាងគេ បាន​ទៅ​កីឡាករ ផុល រតនៈ របស់​ក្រុម PS Concrete និង​ក្រុម​ដែល​ប្រកួត​យុត្តិធម៌​ល្អ​ជាងគេ (Fair-Play) បាន​ទៅ​ក្រុម​ក្រសួងមហាផ្ទៃ​។ ម្ចាស់​ពានរង្វាន់​ឯកត្តជន​នេះ ទទួលបាន​ពាន​តូច​ម្នាក់​១ អមដោយ​ប្រាក់រង្វាន់ ៨ សែន​រៀល​។​

​លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាត់ទុក​ថាៈ នេះ​ជា​សកម្មភាព​មួយ ជួយ​ជំរុញ​មហាជន ឱ្យ​គាំទ្រ​ការប្រកួត​ក្នុងស្រុក ហើយ​ជា​ផ្នែក​មួយ ដែល​តម្រង់ផ្លូវ ឱ្យមាន​ការប្រកួត​ស្តង់ដារ ដែល​មិនមាន​ចាប់​បោះ ឬ​គ្រវី ដែល​ប្រាសចាក ពី​បច្ចេកទេស នៃ​ការប្រកួត​បាល់ទះ​ទេ​។​

​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​កោតសរសើរ​ដល់ ក្រុមកីឡា​បាល់ទះ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រកួត ដើម្បី​វាស់​ស្ទង់​សមត្ថភាព​បន្ថែម ពីលើ​ការហ្វឹកហាត់​ជាប្រចាំ​។

លោក​បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថាៈ វិស័យ​កីឡាបាល់ទះ នៅ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន ល្បីល្បាញ​ថែមទៀត នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ តាមរយៈ​ការរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍ ប្រកួត​នានា ចាប់តាំងពី​ថ្នាក់ស្រុក ក្រុង ខណ្ឌ ខេត្ត រាជធានី និង​ថ្នាក់ជាតិ ៕/V​