​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន​នៅ​ក្រុង​របស់​ខេត្តព្រះវិហារ បាន​ឡើង​លើសពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ដល់​ទៅ ០,៦២ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ចំនួន ៣៤០ គ្រួសារ ដំណាំ​ស្រូវ​ជាង ពីរពាន់​ហិកតា ផ្លូវលំ​ជាង ១០ គីឡូម៉ែត្រ ហើយ​តួលេខ​នៃ​ផលប៉ះពាល់ អាច​ច្រើន​ជាងនេះទៀត នៅពេល ទឹក​បន្ត​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រុង​បរយ័ត្ន​។ នៅថ្ងៃនេះ​ដែរ ទឹកស្ទឹង​សែន នៅក្នុង​ក្រុង​កំពង់ធំ បាន​ឡើង​ហួស​កម្រិត​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន ជាថ្មី​ម្តង ទៀតហើយ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃនេះ (២៩​សីហា​) បាន​ឡើង​លើសពី​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ធ្វើឱ្យមាន​ការលិចលង់ តំបន់​ទំនាប​មួយចំនួន នៅ​សងខាង​ដងស្ទឹង​នេះ តែ​វា​មិន​ធ្ងន់ធ្ងរ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ទឹកស្ទឹង​សែន នៅ​ព្រឹក​នេះ មាន​កម្ពស់ ១២,១២ ម៉ែត្រ គឺ​ខ្ពស់ជាង​កម្ពស់​ទឹក ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,៦២ ម៉ែត្រ (​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​) តែ​ក្នុង​រយៈពេល ពីរ បី ថ្ងៃ​ចុង​ក្រោយនេះ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ស្ទឹងសែន មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មក ទៀត​ទេ ។ ទឹក​នៅ​បណ្តា​អូរ ដែល​ត្រូវ​ហូរ​ចាក់​ចូល​ស្ទឹង​នេះ បាន​ស្រក​នៅសល់​ប្រហែលជា ៣០ ភាគរយ រីឯ​ទឹក​ស្ទឹងសែន​នៅ​អាងទឹក​រក្សា ក៏បាន​ស្រក​ចុះ​បន្តិច​ទៅវិញ ដូច្នេះ​ទឹក​លិច តំបន់​ខ្លះ​នៃ​ក្រុង​របស់​ខេត្តព្រះវិហារ អាច​នឹង​ស្រក​ចុះ​វិញ ក្នុង​រយៈពេល​មួយ ឬ ពីរ​ថ្ងៃ​ទៀត​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ ទឹកស្ទឹង​សែន នៅ​អាងទឹក​រក្សា ក្នុង​ខេត្តព្រះវិហារ បាន​ស្រក​ចុះ​បន្តិច តែ​ទឹក​ស្ទឹងសែន នៅ​ក្រុង​កំពង់ធំ បាន​ឡើង​លើសពី កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ជាថ្មី​ម្តងទៀត ហើយ​នៅថ្ងៃនេះ ដោយ​ទឹកបាន​ឡើង ដល់​កម្ពស់ ១៣,៥៣ ម៉ែត្រ គឺ​ឡើង​លើស​កម្រិត​ត្រូវ​ប្រកាស ឱ្យ​ប្រុងប្រយ័ត្ន ០,០៣ ម៉ែត្រ​។​

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង នៅ​ថ្ងៃទី​២៩ ខែសីហា នេះដែរ​ថាៈ ជំនន់​ទឹកភ្លៀង និង​ទឹក​ស្ទឹងសែន នៅក្នុង​ខេត្តព្រះវិហារ បានធ្វើឱ្យ​លិច​ផ្ទះ​ចំនួន ១៩១ ខ្នង ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៣៤០ គ្រួសារ និង​ចំនួន ១១ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទឹកជំនន់​នៅ ក្នុងស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ជ័យ​សែន​នេះ ធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ​ស្រូវ ២.៧១១ ហិកតា និង​ខូច​ចំនួន ៦៧៨ ហិកតា​។ ប៉ះពាល់​ដំណាំ​រួមផ្សំ​ចំនួន ១.០៥០ ហិកតា និង​ខូច​ចំនួន ២៩២ ហិកតា​។ ប៉ះពាល់​ផ្លូវលំ​ចំនួន ១០.៣៥០ ម៉ែត្រ និង​ផ្លូវ​កៅស៊ូ​ប្រវែង ៣០ ម៉ែត្រ​។​

​លោក កែវ វី បានបញ្ជាក់​ថាៈ តួលេខ​ខាងលើនេះ គឺជា​តួលេខ​នៅមុន​ពេល​ទឹក មិនទាន់​ឡើង លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅពេលនេះ ផលប៉ះពាល់ អាចមាន​ច្រើន ជាង​នេះ​ថែមទៀត បន្ទាប់ពី​ទឹកស្ទឹង ជន់​លិច​តំបន់​ក្នុង​ក្រុង នៅ​សងខាង​ស្ទឹង​។ ចំណែក នៅ​ក្រុង​កំពង់ធំ ទឹក​ចាប់ផ្តើម​ជន់​ឡើង ជា​លើក​ទី​២ ម្តង​ទៀតហើយ​៕/V​