​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​កំពុង​រាប់​ថយក្រោយ​ចំពោះ​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឋាន​ព្រះ​ចន្ទ​ថ្មី​ដ៏​ធំ​របស់​ខ្លួន គឺ ប្រព័ន្ធ​បាញ់​បង្ហោះ​អវកាស SLS ។​

SLS គឺជា​យាន​រ៉ុក្កែត​ដ៏​មាន​ឥទ្ធិពល​បំផុត​មិន​ធ្លាប់​មាន​ដែល​បង្កើតឡើង​ដោយ​ណា​សា ហើយ​នឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​គម្រោង Artemis របស់​ខ្លួន​ដែល​មាន​គោលបំណង​ដាក់​មនុស្ស​ឱ្យ​ត្រឡប់​​ទៅ​ផ្ទៃ​ព្រះ​ចន្ទ​វិញ​បន្ទាប់ពី​អវត្តមាន​រយៈពេល ៥០ ឆ្នាំ​។​

​រ៉ុក្កែត​នេះ​គ្រោង​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី​នៅ​ម៉ោង ៨៖៣៣ ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ការងារ​របស់​វា​គឺ​ត្រូវ​រុញ​យាន​សាកល្បង​មួយ​ឈ្មោះថា Orion ឱ្យចេញ​ឆ្ងាយ​ពី​ផែនដី​។​

​យានអវកាស​នេះ​នឹង​វិល​ជុំវិញ​ព្រះ​ចន្ទ​នៅលើ​អ័ក្ស​ដ៏​ធំ​មួយ មុន​ពេល​ត្រឡប់​មក​ផែនដី​វិញ​ដោយ​ទម្លាក់ខ្លួន​ទៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​អំឡុង​រយៈពេល​ប្រាំមួយ​សប្តាហ៍​។​

​យាន Orion មិន​មាន​មនុស្ស​ជិះ​នោះ​ទេ​សម្រាប់​ការបាញ់​បង្ហោះ​នេះ ប៉ុន្តែ​ប្រសិនបើ​វា​ដំណើរការ​យ៉ាង​រលូន អវកាសយានិក​នឹង​ឡើង​ជិះ​លើ​យាន​នេះ​សម្រាប់​បេសកកម្ម​ដ៏​ស្មុគស្មាញ​នាពេល​អនាគត ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤៕

​រ៉ុក្កែត SLS នឹង​ត្រូវ​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី​នៅ​ម៉ោង ៨៖៣៣ ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​ចន្ទ​នេះ