នាវា​ដឹក​យន្តហោះ​អាមេរិក​បើក​ល្បាត​សមុទ្រ​ចិន​និង​ចូល​ចត​នៅ​ហ្វីលីពីន​

1094
ចែករម្លែក

យោធាអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះទី៣នៅឆ្នាំនេះមកល្បាតក្នុងសមុទ្រចិនខាងត្បូង កន្លែងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរិះគន់ការបង្កើនវត្តមានយោធាចិននៅលើបណ្តាកោះសាងសង់ដោយមនុស្សថ្មីៗ។

នាវាUSS Ronald Reaganចំណុះ៩៧.០០០តោនដែលដឹកយន្តហោះ៧០គ្រឿង បានចូលចតនៅឆកសមុទ្រម៉ានីលកាលពីថ្ងៃអង្គារទី២៦មិថុនា ក្រោយពីបើកកាត់ដែនទឹកយុទ្ធសាសស្រ្តដើម្បីជំនួបរវាងមន្រ្តីកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងសេរីភាពសំរាប់ពលទាហានជើងទឹករបស់ខ្លួនរាប់ពាន់នាក់ក្រោយពីនៅក្នុងសមុទ្រអស់រាប់
សប្តាហ៍។

“វត្តមានយោធាអាមេរិកនៅក្នុងតំបន់នេះបានគាំទ្រលទ្ធភាពរបស់យើងក្នុងការការពារប្រជាជាតិនិងសម្ពន្ធមិត្តរបស់យើងហើយនឹងជំរុញលទ្ធភាពរបស់យើងសំរាប់ការពារសេរីភាពសមុទ្រ ពាណិជ្ជកម្មគ្មានការរារាំង ដើម្បីរារាំងជម្លោះនិងការបង្ខិតបង្ខំព្រមទាំងជំរុញសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ទម្លាប់,នេះបើតាមឧត្តមនាវី ម៉ាក ដាល់ថុន ប្រាប់អ្នកយកព័ត៌មាននៅលើនាវា។

មុននេះនាវាផ្ទុកយន្តហោះពីរគ្រឿងទៀតរបស់អាមេរិក ក៏បានល្បាតក្នុងផ្លូវទឹកដែលចិននិងរដ្ឋាភិបាល៥ទៀតកំពុងអះអាងកម្មសិទ្ធិត្រួតគ្នាក្នុងជម្លោះទឹកដីចំណាស់រាប់ទសវត្សរ៍។

មានរបាយការណ៍អំពីការដាក់តាំងកាំជ្រួចប្រឆាំងនាវា កាំជ្រួចបាញ់ពីដីទៅអាកាស ឧបករណ៍រាំងស្ទះរលកសញ្ញាអេឡិចត្រូនិច និងគ្រឿងបរិក្ខាដទៃទៀតនៅលើកោះដែលចិនសាងសង់ឡើងនៅលើថ្មប៉ប្រះទឹកក្នុងប្រជុំកោះស្រ្ពាតលីនិងការចុះចតយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់ចិននៅលើកោះWoody Islandក្នុងប្រជុំកោះប៉ារ៉ាសែល ដោយបង្កអោយមានការប្រកាសអាសន្នក្នុងចំណោមដៃគូប្រជែងនិងសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការពារជាតិអាមេរិក ជីម ម៉ាតទីស បាននិយាយនៅខែនេះថា ការដកការអញ្ជើញចិនចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកពហុជាតិមួយជាការឆ្លើយតបជំហានដំបូងមួយចំពោះសកម្មភាពរបស់ចិន។ម៉ាតទីស បានហៅចំណាត់ការរបស់ចិននេះថាជា”ផលវិបាកតូចមួយ។ខ្ញុំជឿថានឹងមានផលវិបាកធំជាងនេះនៅពេលអនាគត”។

ទោះជាយ៉ាងណា ចិនបានឆ្លើយតបវិញថា វាជាសិទ្ធិរបស់ខ្លួនក្នុងការដាក់យោធាលើបណ្តាកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនអះអាងអធិបតេយ្យ៕ដោយ:វាសនា

យន្តហោះនៅលើនាវាផ្ទុកយន្តហោះUSS Ronald Reaganពេលវាចូលចតហ្វីលីពីនកាលពីថ្ងៃ២៦មិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម