ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នៅក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ខេត្តកំពត​អស់​មីន បាន​អះអាងថា ខេត្តកំពត​នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន​ក្នុង​ឆ្នាំ​២០២៣​។

​លោក លី ធុជ បាន​មានប្រសាសន៍ថា អាជ្ញាធរ​មីន​បានដាក់​ពង្រាយ​កម្លាំង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មី​កម្ពុជា (​ស៊ីម៉ាក់​) ក្នុង​ខេត្ត​ចំនួន ៥ ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និង​ខេត្តស្វាយរៀង ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន​ប្រមាណ ៣១​គីឡូម៉ែត្រ​ក្រឡា​។ ដោយឡែក ដើម្បី​ប្រកាស​ខេត្តកំពត​អស់​មីន នឹងត្រូវ​បោសសម្អាត​មីន ក្នុង​ទំហំ​ផ្ទៃដី​មាន​មីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (​ប្រមាណ​ជា ១១ គីឡូម៉ែត្រ​ក្រឡា​) ស្មើនឹង ១២១ ចម្ការមីន ក្នុង​រយៈពេល ១១​ខែ ចាប់ពី​ខែសីហា ឆ្នាំ​២០២២ ដល់​ខែមិថុនា ឆ្នាំ​២០២៣​។​

​នាឱកាស​នោះ លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​សមិទ្ធផល​ការងារ​ដែល​សម្រេចបាន បញ្ហា​ប្រឈម និង​ផែនការ​បោសសម្អាត​មីន​ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “ ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម “ ផងដែរ​៕​